លូកា 4:31-37
លូកា 4:31-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ*។ មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ នៅក្នុងសាលាប្រជុំ*មានបុរសម្នាក់ ដែលមានវិញ្ញាណរបស់អារក្សអសោចនៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ*ដែលមកពីព្រះជាម្ចាស់»។ ព្រះយេស៊ូគំរាមវិញ្ញាណរបស់អារក្សអសោចនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អារក្សក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសម្ដីរបស់លោកនេះអីក៏ពូកែម៉្លេះ មើល៍លោកមានអំណាច និងឫទ្ធានុភាពអាចបញ្ជាទៅវិញ្ញាណអាក្រក់ឲ្យវាចេញ ហើយវាធ្វើតាម»។ បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ។
លូកា 4:31-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គយាងចុះទៅកាពើណិម ជាក្រុងមួយក្នុងស្រុកកាលីឡេ ហើយបង្រៀនគេនៅថ្ងៃសប្ប័ទ។ គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ នៅក្នុងសាលាប្រជុំនោះ មានបុរសម្នាក់ដែលមានវិញ្ញាណអារក្សអសោចិ៍ចូល វាស្រែកឡើងជាខ្លាំងថា៖ «ហ៊ឹះ ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយថាព្រះអង្គជាអ្នកណា ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ»។ ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម ហើយចេញពីបុរសនេះទៅ!»។ កាលអារក្សបានផ្តួលបុរសនោះក្នុងចំណោមពួកគេ វាក៏ចេញទៅ ឥតមានធ្វើឲ្យគាត់ឈឺអ្វីឡើយ។ គ្រប់គ្នាមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាថា៖ «តើពាក្យសម្ដីនេះជាអ្វី? ដ្បិតលោកបង្គាប់វិញ្ញាណអសោចិ៍ ទាំងមានអំណាច និងចេស្ដា ហើយវាក៏ចេញទៅ»។ ឯដំណឹងអំពីព្រះអង្គក៏ល្បីសុសសាយគ្រប់ទីកន្លែងពាសពេញក្នុងតំបន់នោះ។
លូកា 4:31-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់យាងចុះទៅដល់កាពើណិម ជាទីក្រុងស្រុកកាលីឡេ ក៏តែងតែបង្រៀនគេរាល់ថ្ងៃឈប់សំរាក គេក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានបន្ទូលដោយអំណាច រីឯនៅក្នុងសាលានោះ មានមនុស្សម្នាក់ ដែលមានវិញ្ញាណអារក្សអសោចិ៍ចូល វាស្រែកឡើងជាខ្លាំងថា ហ៊ឹះ នែព្រះយេស៊ូវពីណាសារ៉ែតអើយ តើយើង ហើយនឹងទ្រង់មានហេតុអ្វីនឹងគ្នា តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ ព្រះយេស៊ូវក៏កំហែងវាថា ចូរស្ងៀមចុះ ហើយចេញពីមនុស្សនេះទៅ លុះអារក្សបានផ្តួលអ្នកនោះទៅកណ្តាលពួកគេ នោះក៏ចេញទៅឥតមានធ្វើឲ្យឈឺអ្វីឡើយ គ្រប់គ្នាក៏នឹកស្ងើចក្នុងចិត្ត ទាំងសួរគ្នាថា តើពាក្យបែបយ៉ាងណានេះ ដែលលោកបង្គាប់ដល់វិញ្ញាណអសោចិ៍ ដោយអំណាចនឹងឫទ្ធិបាន ហើយវាក៏ចេញទៅដូច្នេះ នោះក៏ឮល្បីខ្ចរខ្ចាយពីទ្រង់ សុសសាយទៅគ្រប់ទីកន្លែងជុំវិញ។