លូកា 4:1-44

លូកា 4:1-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​បាន​វិល​ពី​ទន្លេ​យ័រដាន់​វិញ ទាំង​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌អង្គ​ទៅ​ទី​រហោ‌ស្ថាន ព្រះ‌អង្គ​ត្រូវ​អារក្ស​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​ថ្ងៃ​ទាំង​នោះ ព្រះ‌អង្គ​មិន​បាន​សោយ​អ្វី​សោះ។ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ឃ្លាន។ អារក្ស​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន សូម​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​មើល៍»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ" »។ បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​កន្លែង​មួយ​ខ្ពស់ ហើយ​បង្ហាញ​នគរ​ទាំង​អស់​របស់​លោកីយ៍​ឲ្យ​ព្រះ‌អង្គ​ឃើញ ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​នឹង​ឲ្យ​អំណាច និង​សិរី​ល្អ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​ណា​ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ ដូច្នេះ ប្រសិន‌បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក»។ ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ត្រូវ​បម្រើ​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ"» ។ បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​ក្រុង​យេរូ‌សាឡិម ដាក់​ព្រះ‌អង្គ​នៅ​លើ​កំពូល​ព្រះ‌វិហារ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន សូម​ទម្លាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​មើល៍ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ពី​ដំណើរ​អ្នក ដើម្បី​ថែ​រក្សា​អ្នក ហើយ​ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម"» ។ ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «បទ​គម្ពីរ​ចែង​ថា "កុំ​ល្បង​ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ"» ។ កាល​អារក្ស​បាន​ល្បួង​សព្វ​គ្រប់​ហើយ វា​ក៏​ថយ​ចេញ​ពី​ព្រះ‌អង្គ​ទៅ រហូត​ដល់​ពេល​មាន​ឱកាស។ បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ទាំង​ពេញ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះ‌អង្គ​លេច​ឮ​សុស‌សាយ ពាស​ពេញ​ស្រុក​ដែល​នៅ​ជុំ‌វិញ។ ព្រះ‌អង្គ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​គ្រប់​គ្នា។ កាល​ព្រះ‌អង្គ​យាង​ទៅ​ណាសា‌រ៉ែត ជា​ស្រុក​ដែល​ព្រះ‌អង្គ​គង់​នៅ​ពី​កុមារ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បើក​គម្ពីរ ហើយ​រក​ឃើញ​កន្លែង​ដែល​មាន​ចែង​ទុក​មក​ថា៖ «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ក្រី‌ក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រកាស​ពី​ការ​ដោះ​លែង​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​រំ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិត​ឲ្យ​រួច ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ គាប់​ព្រះ‌ហឫ‌‌ទ័យ» ។ កាល​ព្រះ‌អង្គ​បាន​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែរក្សា​វិញ​ហើយ ព្រះ‌អង្គ​ក៏​គង់​ចុះ។ ភ្នែក​របស់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​សាលា​ប្រជុំ បាន​សម្លឹង​មើល​ព្រះ‌អង្គ។ ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ»។ គ្រប់​គ្នា​ស្ងើច​សរសើរ​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ព្រះ‌បន្ទូល​ប្រកប​ដោយ​ព្រះ‌គុណ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​សុភាសិត​នេះ​ដាក់​ខ្ញុំ​ថា៖ "គ្រូ‌ពេទ្យ​អើយ ចូរ​មើល​ខ្លួន​ឯង​ឲ្យ​ជា​សិន​ទៅ!" អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើណិម ចូរ​ធ្វើ​នៅ​ទី​នេះ ក្នុង​ស្រុក​របស់​ខ្លួន​ផង​ទៅ!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​ហោរា​ណា​ដែល​គេ​រាប់‌អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្ដែ ខ្ញុំ​ប្រាប់​សេចក្ដី​ពិត​ដល់​អ្នក​រាល់​គ្នា​ថា មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​ស្រុក​អ៊ីស្រា‌អែល​ក្នុង​ជំនាន់​លោក​អេលី‌យ៉ា កាល​រាំង​បី​ឆ្នាំ​ប្រាំ​មួយ​ខែ ក៏​មាន​អំណត់​ជា​ខ្លាំង​កើត​ឡើង​ពេញ​ក្នុង​ស្រុក តែ​ព្រះ​មិន​បាន​ចាត់​លោក​អេលី‌យ៉ា ឲ្យ​ទៅ​រក​ស្រី​មេម៉ាយ​ណា​ម្នាក់​ក្នុង​ពួកគេ​ឡើយ គឺ​ទ្រង់​បាន​ចាត់​លោក​ទៅ​រក​ស្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​សារិបតា ក្នុង​ស្រុក​ស៊ីដូន​វិញ ។ នៅ​ជំនាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​ស្អាត​សោះ មាន​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។ កាល​គេ​បាន​ឮ​សេចក្តី​ទាំង​នេះ អ្នក​ដែល​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​មាន​ចិត្ត​ក្រេវ​ក្រោធ​ជា​ខ្លាំង។ ពួកគេ​ក្រោក​ឡើង ដេញ​ព្រះ‌អង្គ​ចេញ​ពី​ភូមិ ហើយ​បណ្តើរ​ព្រះ‌អង្គ​ទៅ​ដល់​ជម្រាល​ភ្នំ ដែល​គេ​បាន​សង់​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ព្រះ‌អង្គ​ទម្លាក់​ពី​លើ​ចំណោត។ ប៉ុន្តែ ព្រះ‌អង្គ​យាង​កាត់​កណ្តាល​ចំណោម​ពួក​គេ ហើយ​ចេញ​ទៅ​បាត់។ ព្រះ‌អង្គ​យាង​ចុះ​ទៅ​កាពើណិម ជា​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ ហើយ​បង្រៀន​គេ​នៅ​ថ្ងៃ​សប្ប័ទ។ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្តី​បង្រៀនរបស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច។ នៅ​ក្នុង​សាលា​ប្រជុំ​នោះ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ជា​ខ្លាំង​ថា៖ «ហ៊ឹះ ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ​ថា​ព្រះ‌អង្គ​ជា​អ្នក​ណា ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ»។ ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»។ កាល​អារក្ស​បាន​ផ្តួល​បុរស​នោះ​ក្នុង​ចំណោម​ពួកគេ វា​ក៏​ចេញ​ទៅ ឥត​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​អ្វី​ឡើយ។ គ្រប់​គ្នា​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «តើ​ពាក្យ​សម្ដី​នេះ​ជា​អ្វី? ដ្បិត​លោក​បង្គាប់​វិញ្ញាណ​អសោចិ៍ ទាំង​មាន​អំណាច និង​ចេស្ដា ហើយ​វា​ក៏​ចេញ​ទៅ»។ ឯ​ដំណឹង​អំពី​ព្រះ‌អង្គ​ក៏​ល្បី​សុស‌សាយ​គ្រប់​ទី​កន្លែង​ពាស​ពេញ​ក្នុង​តំបន់​នោះ។ ក្រោយ​ពី​យាង​ចេញ​ពី​សាលា​ប្រជុំ​ហើយ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន។ រីឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​ទូល​សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​គាត់។ ពេល​នោះ ព្រះ‌អង្គ​ឱន​ទៅ​លើ​គាត់ ហើយ​បន្ទោស​ជំងឺ​គ្រុន រួច​ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ។ គាត់​ក៏​ក្រោក​ឡើង​ភ្លាម ហើយ​បម្រើ​ពួក​គេ។ លុះ​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង‌ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ បាន​នាំ​អ្នក​ទាំង​នោះ​មក​រក​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​បាន​ជា​សះ​ស្បើយ​គ្រប់ៗ​គ្នា។ មាន​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!»។ ប៉ុន្តែ ព្រះ‌អង្គ​បន្ទោស​វា ហើយ​ហាម​មិន​ឲ្យ​វា​និយាយ​សោះ ព្រោះ​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ។ លុះ​ព្រឹក​ឡើង ព្រះ‌អង្គ​យាង​ចេញ​ទៅ​កន្លែង​ស្ងាត់។ មហា‌ជន​នាំ​គ្នា​តាម​រក​ព្រះ‌អង្គ ហើយ​ពេល​គេ​បាន​ជួប​ព្រះ‌អង្គ គេ​ឃាត់​មិន​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ពួក​គេ​ឡើយ។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះ ដល់​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះ‌វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​សម្រាប់​គោល​បំណង​នេះ​ឯង»។ ដូច្នេះ ព្រះ‌អង្គ​ក៏​បន្ត​ប្រកាស​ដំណឹង‌ល្អ​នៅ​តាម​សាលា​ប្រជុំ​របស់​សាសន៍​យូដា។

ចែក​រំលែក
អាន លូកា 4

លូកា 4:1-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​យាង​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះអង្គ​ទៅ​វាល​រហោ‌ស្ថាន។ នៅ​ទី​នោះ ព្រះអង្គ​ត្រូវ​មារ*​សាតាំង​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ ព្រះអង្គ​ពុំ​សោយ​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​ព្រះអង្គ​ឃ្លាន។ មារ*​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំប៉័ង​មើល៍»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ ប៉ុណ្ណោះ​ទេ »។ មារ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឲ្យ​ព្រះអង្គ​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។ មារ​សាតាំង​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ឲ្យ​លោក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​ឲ្យ​អ្នក​ណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ ដូច្នេះ ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​លោក​ហើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់* ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ” »។ បន្ទាប់​មក មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះ‌វិហារ* ហើយ​ទូល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតា*​ថែ‌រក្សា​លោក ហើយ​ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ” »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​មារ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា កុំ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ »។ លុះ​មារ​ល្បួង​ព្រះ‌យេស៊ូ​សព្វ​បែប​យ៉ាង​ហើយ វា​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​ទៅ រហូត​ដល់​ពេល​កំណត់។ ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះអង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។ ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ* គេ​សរសើរ​តម្កើង​សិរី‌រុងរឿង​ព្រះអង្គ​គ្រប់ៗ​គ្នា។ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះអង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះអង្គ។ ព្រះអង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។ គេ​បាន​យក​គម្ពីរ​របស់​ព្យាការី*​អេសាយ​មក​ថ្វាយ​ព្រះអង្គ ព្រះអង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖ «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា »។ លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ព្រះអង្គ​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ​សម្លឹង​មើល​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អម្បាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។ ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​ចង់​យក​សុភាសិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​ឲ្យ​ជា​សិន​ទៅ” មក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ ជា​ស្រុក​កំណើត​របស់​អ្នក ឲ្យ​យើង​ឃើញ​ផង!”»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​ដែល​មាន​ព្យាការី*​ណា​ម្នាក់​ត្រូវ​គេ​គោរព នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។ ខ្ញុំ​សុំ​បញ្ជាក់​ថា នៅ​ជំនាន់​លោក​អេលីយ៉ា មេឃ​រាំង​អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ បណ្ដាល​ឲ្យ​មាន​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​ពេញ​ទាំង​ស្រុក។ នៅ​ស្រុក​អ៊ីស្រា‌អែល មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ចាត់​ព្យាការី​អេលីយ៉ា​ឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ណា​ម្នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​ព្រះអង្គ​បាន​ចាត់​លោក​ឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិប‌តា ក្នុង​ក្រុង​ស៊ីដូន​វិញ។ នៅ​ជំនាន់​ព្យាការី​អេលីសេ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​ក្នុង​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។ កាល​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ អ្នក​នៅ​ក្នុង​សាលា​ប្រជុំ*​ទាំង​ប៉ុន្មាន​ខឹង​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា។ គេ​ក្រោក​ឡើង ចាប់​ប្រអូស​ប្រទាញ​ព្រះ‌យេស៊ូ​ចេញ​ពី​ភូមិ ដែល​សង់​លើ​កំពូល​ភ្នំ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះ បម្រុង​នឹង​ច្រាន​ព្រះអង្គ​ទម្លាក់​ទៅ​ក្រោម។ ប៉ុន្តែ ព្រះអង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។ ព្រះ‌យេស៊ូ​យាង​ទៅ​ក្រុង​កាពើ‌ណិម ក្នុង​ស្រុក​កាលី‌ឡេ។ នៅ​ទី​នោះ ព្រះអង្គ​បង្រៀន​បណ្ដា‌ជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ*។ មនុស្ស​គ្រប់​គ្នា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះអង្គ​បង្រៀន ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច។ នៅ​ក្នុង​សាលា​ប្រជុំ*​មាន​បុរស​ម្នាក់ ដែល​មាន​វិញ្ញាណ​របស់​អារក្ស‌អសោច​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ខ្លាំងៗ​ថា៖ «ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះអង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ*​ដែល​មក​ពី​ព្រះ‌ជាម្ចាស់»។ ព្រះ‌យេស៊ូ​គំរាម​វិញ្ញាណ​របស់​អារក្ស‌អសោច​នោះ​ថា៖ «ស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។ អារក្ស​ក៏​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដា‌ជន រួច​ចេញ​ទៅ ដោយ​ពុំ​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។ មនុស្ស‌ម្នា​ភ័យ​ស្រឡាំង‌កាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សម្ដី​របស់​លោក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​លោក​មាន​អំណាច និង​ឫទ្ធា‌នុភាព​អាច​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់​ឲ្យ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។ បន្ទាប់​មក ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ។ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ពេល​នោះ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​ទូល​សូម​ព្រះអង្គ​មេត្តា​ប្រោស​គាត់​ឲ្យ​ជា។ ព្រះ‌យេស៊ូ​ឱន​ទៅ​លើ​អ្នក​ជំងឺ ព្រះអង្គ​គំរាម​ជំងឺ​គ្រុន ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ ហើយ​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​ក៏​ជា។ រំពេច​នោះ គាត់​ក្រោក​ឡើង បម្រើ​ភ្ញៀវ។ នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុក​ទាំង​អស់​នាំ​បងប្អូន​ដែល​មាន​ជំងឺ​ផ្សេងៗ​មក​រក​ព្រះ‌យេស៊ូ។ ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។ មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ថា៖ «ព្រះអង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះ‌យេស៊ូ​គំរាម​អារក្ស​ទាំង​នោះ​មិន​ឲ្យ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា ព្រះអង្គ​ជា​ព្រះ‌គ្រិស្ត*។ លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដា‌ជន​នាំ​គ្នា​ដើរ​រក​ព្រះអង្គ។ លុះ​ជួប​ហើយ គេ​ឃាត់​ព្រះអង្គ​ឲ្យ​នៅ​ជា​មួយ មិន​ចង់​ឲ្យ​យាង​ចាក​ចោល​គេ​ឡើយ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ត្រូវ​នាំ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​ការ​នេះ​ឯង»។ បន្ទាប់​មក ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ*​តាម​សាលា​ប្រជុំ*​នានា ក្នុង​ស្រុក​កាលី‌ឡេ។

ចែក​រំលែក
អាន លូកា 4

លូកា 4:1-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ព្រះ‌យេស៊ូវ​ទ្រង់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​វិល​ពី​ទន្លេ​យ័រដាន់​មក​វិញ នោះ​ព្រះ‌វិញ្ញាណ​នាំ​ទៅ​នៅ​ទី​រហោ‌ស្ថាន ទ្រង់​ត្រូវ​អារក្ស​ល្បួង​ក្នុង​រវាង​៤០​ថ្ងៃ មិន​បាន​សោយ​អ្វី​សោះ​នៅ​វេលា​នោះ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក ទ្រង់​ក៏​ឃ្លាន ហើយ​អារក្ស​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ​វិញ»។ អារក្ស​ក៏​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ បង្ហាញ​នគរ​នៅ​លោកីយ​ទាំង​អស់​ក្នុង​១​ភ្លែត​នោះ ហើយ​ទូល​ថា ខ្ញុំ​នឹង​ឲ្យ​អំណាច នឹង​សិរី​លំអ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​ណា​ស្រេច​នឹង​ចិត្ត​ខ្ញុំ ដូច្នេះ បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក តែ​ព្រះ‌យេស៊ូវ​ឆ្លើយ​តប​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​ឲ្យ​ឯង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​១​ព្រះ‌អង្គ​ប៉ុណ្ណោះ»។ រួច​វា​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដាក់​នៅ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​ចុះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​ទ្រង់ ពី​ដំណើរ​អ្នក​ឲ្យ​ថែ​រក្សា​អ្នក ទេវតា​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម» តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាន​បទ​គម្ពីរ​ដែល​ថា «កុំ​ឲ្យ​ឯង​ល្បង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ» កាល​អារក្ស​បាន​ល្បួង​សព្វ​គ្រប់​ហើយ នោះ​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ ទាល់​តែ​មាន​ឱកាស​ទៀត។ ឯ​ព្រះ‌យេស៊ូវ​ទ្រង់​វិល​ទៅ​ស្រុក​កាលី‌ឡេ​វិញ ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​ល្បី​ពី​ទ្រង់​សុស‌សាយ​ទួទៅ​ក្នុង​ស្រុក​នៅ​ជុំ‌វិញ ទ្រង់​បង្រៀន​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​ក៏​សរសើរ​ដំកើង​ទ្រង់​ទាំង​អស់​គ្នា រួច​ទ្រង់​យាង​មក​ដល់​ណា‌សារ៉ែត ជា​ស្រុក​ដែល​ទ្រង់​គង់​នៅ​ពី​កុមារ ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក តាម​ទំលាប់​ទ្រង់ ហើយ​ឈរ​ឡើង ដើម្បី​អាន​មើល​គម្ពីរ គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ទ្រង់ កាល​ទ្រង់​បាន​បើក​គម្ពីរ​ហើយ នោះ​ទ្រង់​រក​ឃើញ​ត្រង់​កន្លែង​ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌វិញ្ញាណ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័ល‌ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ នឹង​សេចក្ដី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​កំណត់​ទុក» កាល​ទ្រង់​បាន​បិទ​គម្ពីរ ប្រគល់​ដល់​អ្នក​រក្សា​សាលា​វិញ​ហើយ នោះ​ទ្រង់​ក៏​គង់​ចុះ ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​សាលា គេ​ក៏​សំឡឹង​មើល​ទ្រង់ ទ្រង់​ចាប់​តាំង​មាន​បន្ទូល​ទៅ​គេ​ថា នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ គ្រប់​គ្នា​ជា​សាក្សី​ពី​ទ្រង់ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ព្រះ‌បន្ទូល​ដ៏​ផ្អែម​ពីរោះ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ហើយ​គេ​និយាយ​ថា តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ​អី តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​ពាក្យ​ប្រៀប​នេះ​ដាក់​ខ្ញុំ​ថា គ្រូ‌ពេទ្យ​អើយ ចូរ​មើល​ខ្លួន​អ្នក​ឲ្យ​ជា​សិន​ចុះ ការ​អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម នោះ​ចូរ​ធ្វើ​នៅ​ស្រុក​របស់​ខ្លួន​នេះ​ដែរ ទ្រង់​ក៏​មាន​បន្ទូល​ទៀត​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​ហោរា​ណា​ដែល​គេ​រាប់​អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ ខ្ញុំ​ក៏​និយាយ​ប្រាកដ​នឹង​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​លោក​អេលីយ៉ា កាល​រាំង​៣​ឆ្នាំ​៦​ខែ ហើយ​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​ពេញ​ក្នុង​ស្រុក នោះ​មាន​មេម៉ាយ​ជា​ច្រើន នៅ​ស្រុក​អ៊ីស្រាអែល​ដែរ តែ​ព្រះ‌ទ្រង់​មិន​បាន​ចាត់​លោក​អេលីយ៉ា ឲ្យ​ទៅ​ឯ​មេម៉ាយ​ណា​មួយ​នោះ​សោះ គឺ​បាន​ចាត់​លោក​ទៅ​ឯ​ស្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​សារិបតា ក្នុង​ស្រុក​ស៊ីដូន​វិញ ហើយ​នៅ​ជាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រាអែល​ដែរ តែ​គ្មាន​អ្នក​ណា​មួយ​បាន​ជា​ស្អាត​សោះ បាន​ជា​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​១​ប៉ុណ្ណោះ កាល​ពួក​អ្នក​នៅ​ក្នុង​សាលា​ប្រជុំ បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ ក៏​ក្រោក​ឡើង ដេញ​ទ្រង់​ចេញ​ពី​ភូមិ បណ្តើរ​ទៅ​ដល់​ចំរែះ​នៅ​លើ​ភ្នំ​ដែល​គេ​បាន​ក​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ទំលាក់​ចុះ​ទៅ​ក្រោម ប៉ុន្តែ​ទ្រង់​យាង​កាត់​កណ្តាល​ពួក​គេ​ចេញ​បាត់​ទៅ។ ទ្រង់​យាង​ចុះ​ទៅ​ដល់​កាពើ‌ណិម ជា​ទី​ក្រុង​ស្រុក​កាលី‌ឡេ ក៏​តែង‌តែ​បង្រៀន​គេ​រាល់​ថ្ងៃ​ឈប់​សំរាក គេ​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន​ណាស់ ពី​ព្រោះ​ទ្រង់​មាន​បន្ទូល​ដោយ​អំណាច រីឯ​នៅ​ក្នុង​សាលា​នោះ មាន​មនុស្ស​ម្នាក់ ដែល​មាន​វិញ្ញាណ​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ជា​ខ្លាំង​ថា ហ៊ឹះ នែ​ព្រះ‌យេស៊ូវ​ពី​ណា‌សារ៉ែត​អើយ តើ​យើង ហើយ​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ ព្រះ‌យេស៊ូវ​ក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ គ្រប់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ថា តើ​ពាក្យ​បែប​យ៉ាង​ណា​នេះ ដែល​លោក​បង្គាប់​ដល់​វិញ្ញាណ​អសោចិ៍ ដោយ​អំណាច​នឹង​ឫទ្ធិ​បាន ហើយ​វា​ក៏​ចេញ​ទៅ​ដូច្នេះ នោះ​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ពី​ទ្រង់ សុស‌សាយ​ទៅ​គ្រប់​ទី​កន្លែង​ជុំ‌វិញ។ រួច​ទ្រង់​ក្រោក​ឡើង យាង​ចេញ​ពី​សាលា ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន រីឯ​ម្តាយ​ក្មេក​ស៊ីម៉ូន នាង​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​សូម​អង្វរ​ទ្រង់​ឲ្យ​នាង ទ្រង់​ក៏​ឈរ​ឈ្ងោក​ទៅ​នាង ទាំង​កំហែង​ដល់​គ្រុន នោះ​គ្រុន​ក៏​បាត់​ទៅ រួច​នាង​ក្រោក​ឡើង​ភ្លាម បំរើ​ដល់​ទាំង​អស់​គ្នា។ ដល់​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង​ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ គេ​នាំ​អ្នក​ទាំង​នោះ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា ដោយ​ដាក់​ព្រះ‌ហស្ត​លើ ក៏​មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ដែរ វា​ស្រែក​ឡើង​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ តែ​ទ្រង់​បន្ទោស ហាម​មិន​ឲ្យ​វា​និយាយ​សោះ ពី​ព្រោះ​វា​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត។ លុះ​ព្រឹក​ឡើង ទ្រង់​យាង​ចេញ​ទៅ​ឯ​កន្លែង​ស្ងាត់ ឯ​បណ្តា​មនុស្ស​គេ​តាម​រក​ទ្រង់ ក៏​មក​ដល់ ហើយ​ឃាត់​ទ្រង់ ដើម្បី​មិន​ឲ្យ​ទ្រង់​យាង​ចេញ​ពី​គេ​ឡើយ តែ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ ដល់​អស់​ទាំង​ស្រុក​ឯ​ទៀត​ដែរ គឺ​ហេតុ​នោះ​បាន​ជា​ព្រះវរ‌បិតា​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ប្រកាស​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​នៅ​ស្រុក​កាលី‌ឡេ​ទួទៅ។

ចែក​រំលែក
អាន លូកា 4