លូកា 4:1-13

លូកា 4:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​បាន​វិល​ពី​ទន្លេ​យ័រដាន់​វិញ ទាំង​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌អង្គ​ទៅ​ទី​រហោ‌ស្ថាន ព្រះ‌អង្គ​ត្រូវ​អារក្ស​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​ថ្ងៃ​ទាំង​នោះ ព្រះ‌អង្គ​មិន​បាន​សោយ​អ្វី​សោះ។ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ឃ្លាន។ អារក្ស​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន សូម​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​មើល៍»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ" »។ បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​កន្លែង​មួយ​ខ្ពស់ ហើយ​បង្ហាញ​នគរ​ទាំង​អស់​របស់​លោកីយ៍​ឲ្យ​ព្រះ‌អង្គ​ឃើញ ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​នឹង​ឲ្យ​អំណាច និង​សិរី​ល្អ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​ណា​ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ ដូច្នេះ ប្រសិន‌បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក»។ ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ត្រូវ​បម្រើ​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ"» ។ បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​ក្រុង​យេរូ‌សាឡិម ដាក់​ព្រះ‌អង្គ​នៅ​លើ​កំពូល​ព្រះ‌វិហារ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន សូម​ទម្លាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​មើល៍ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ពី​ដំណើរ​អ្នក ដើម្បី​ថែ​រក្សា​អ្នក ហើយ​ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម"» ។ ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «បទ​គម្ពីរ​ចែង​ថា "កុំ​ល្បង​ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ"» ។ កាល​អារក្ស​បាន​ល្បួង​សព្វ​គ្រប់​ហើយ វា​ក៏​ថយ​ចេញ​ពី​ព្រះ‌អង្គ​ទៅ រហូត​ដល់​ពេល​មាន​ឱកាស។

ចែក​រំលែក
អាន លូកា 4

លូកា 4:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​យាង​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះអង្គ​ទៅ​វាល​រហោ‌ស្ថាន។ នៅ​ទី​នោះ ព្រះអង្គ​ត្រូវ​មារ*​សាតាំង​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ ព្រះអង្គ​ពុំ​សោយ​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​ព្រះអង្គ​ឃ្លាន។ មារ*​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំប៉័ង​មើល៍»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ ប៉ុណ្ណោះ​ទេ »។ មារ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឲ្យ​ព្រះអង្គ​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។ មារ​សាតាំង​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ឲ្យ​លោក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​ឲ្យ​អ្នក​ណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ ដូច្នេះ ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​លោក​ហើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់* ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ” »។ បន្ទាប់​មក មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះ‌វិហារ* ហើយ​ទូល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតា*​ថែ‌រក្សា​លោក ហើយ​ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ” »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​មារ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា កុំ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ »។ លុះ​មារ​ល្បួង​ព្រះ‌យេស៊ូ​សព្វ​បែប​យ៉ាង​ហើយ វា​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​ទៅ រហូត​ដល់​ពេល​កំណត់។

ចែក​រំលែក
អាន លូកា 4

លូកា 4:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ព្រះ‌យេស៊ូវ​ទ្រង់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​វិល​ពី​ទន្លេ​យ័រដាន់​មក​វិញ នោះ​ព្រះ‌វិញ្ញាណ​នាំ​ទៅ​នៅ​ទី​រហោ‌ស្ថាន ទ្រង់​ត្រូវ​អារក្ស​ល្បួង​ក្នុង​រវាង​៤០​ថ្ងៃ មិន​បាន​សោយ​អ្វី​សោះ​នៅ​វេលា​នោះ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក ទ្រង់​ក៏​ឃ្លាន ហើយ​អារក្ស​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ​វិញ»។ អារក្ស​ក៏​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ បង្ហាញ​នគរ​នៅ​លោកីយ​ទាំង​អស់​ក្នុង​១​ភ្លែត​នោះ ហើយ​ទូល​ថា ខ្ញុំ​នឹង​ឲ្យ​អំណាច នឹង​សិរី​លំអ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​ណា​ស្រេច​នឹង​ចិត្ត​ខ្ញុំ ដូច្នេះ បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក តែ​ព្រះ‌យេស៊ូវ​ឆ្លើយ​តប​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​ឲ្យ​ឯង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​១​ព្រះ‌អង្គ​ប៉ុណ្ណោះ»។ រួច​វា​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដាក់​នៅ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​ចុះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​ទ្រង់ ពី​ដំណើរ​អ្នក​ឲ្យ​ថែ​រក្សា​អ្នក ទេវតា​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម» តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាន​បទ​គម្ពីរ​ដែល​ថា «កុំ​ឲ្យ​ឯង​ល្បង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ» កាល​អារក្ស​បាន​ល្បួង​សព្វ​គ្រប់​ហើយ នោះ​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ ទាល់​តែ​មាន​ឱកាស​ទៀត។

ចែក​រំលែក
អាន លូកា 4