លូកា 22:7-19
លូកា 22:7-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់ថ្ងៃបុណ្យនំប៉័ងឥតមេ*ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យចម្លង ព្រះយេស៊ូបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀងសម្រាប់យើង នៅក្នុងពេលបុណ្យចម្លង*»។ អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងនៅកន្លែងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះថា “លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លងនៅឯណា?”។ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លងនៅក្នុងបន្ទប់នោះចុះ»។ អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង*។ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមសាវ័ក* ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លង*នេះ ជាមួយអ្នករាល់គ្នាណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់»។ ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យ*ព្រះជាម្ចាស់មកដល់»។ បន្ទាប់មក ព្រះអង្គយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។
លូកា 22:7-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើបុណ្យរំលង។ ដូច្នេះ ព្រះយេស៊ូវបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងសម្រាប់ពួកយើងបរិភោគ»។ តែគេទូលសួរថា៖ «តើព្រះអង្គសព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា?» ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «សូមស្តាប់! កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះទៅក្នុងផ្ទះណាដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍សួរមកអ្នកថា ‘តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅឯណា?’" នោះគាត់នឹងបង្ហាញបន្ទប់មួយធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា។ ចូររៀបចំនៅទីនោះចុះ»។ គេក៏ទៅ បានឃើញដូចព្រះអង្គបានប្រាប់មែន ហើយគេក៏រៀបចំបុណ្យរំលង។ លុះដល់ពេលហើយ ព្រះយេស៊ូវក៏គង់នៅតុជាមួយពួកសាវក។ ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់ទទួលទានបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានអាហារបុណ្យនេះទៀតទេ រហូតទាល់តែបុណ្យនេះបានសម្រេចនៅក្នុងព្រះរាជ្យរបស់ព្រះ»។ ព្រះអង្គបានយកពែងមួយមកកាន់ ក៏អរព្រះគុណ រួចមានព្រះបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាពិសាចុះ ដ្បិតខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនទទួលទានស្រាទំពាំងបាយជូរទៀតទេ រហូតដល់ព្រះរាជ្យរបស់ព្រះមកដល់»។ បន្ទាប់មក ព្រះអង្គយកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានដល់គេ ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា។ ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំ»។
លូកា 22:7-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសំឡាប់កូនចៀមធ្វើបុណ្យរំលង នោះទ្រង់ចាត់ពេត្រុស នឹងយ៉ូហានឲ្យទៅ ដោយបន្ទូលថា ចូរទៅរៀបចំបុណ្យរំលងសំរាប់យើងរាល់គ្នាបរិភោគ តែគេទូលសួរថា តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា ទ្រង់ក៏ប្រាប់ថា មើល កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះ ទៅក្នុងផ្ទះណាដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍សួរមកអ្នកថា តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលង ជាមួយនឹងពួកសិស្សខ្ញុំនៅឯណា នោះគាត់នឹងបង្ហាញបន្ទប់១ធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា ចូររៀបចំនៅទីនោះចុះ គេក៏ទៅឃើញ ដូចជាទ្រង់បានមានបន្ទូល ហើយគេរៀបចំបុណ្យរំលង។ លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវក ទ្រង់មានបន្ទូលថា មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានបុណ្យនេះទៀតទេ ទាល់តែបុណ្យនេះបានសំរេចនៅក្នុងនគរព្រះវិញ កាលទ្រង់បានទទួលពែងនោះ ក៏អរព្រះគុណ រួចមានបន្ទូលថា ចូរយកពែងនេះចែកគ្នាផឹក ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់នគរព្រះបានមកដល់ រួចទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ