លូកា 22:7-19

លូកា 22:7-19 ពគប

ឯ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សំឡាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង នោះ​ទ្រង់​ចាត់​ពេត្រុស នឹង​យ៉ូហាន​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​សំរាប់​យើង​រាល់​គ្នា​បរិភោគ តែ​គេ​ទូល​សួរ​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​រៀបចំ​នៅ​កន្លែង​ណា ទ្រង់​ក៏​ប្រាប់​ថា មើល កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់​ប្រដា ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ គេ​ក៏​ទៅ​ឃើញ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល ហើយ​គេ​រៀបចំ​បុណ្យ​រំលង។ លុះ​ដល់​ពេល​ហើយ ទ្រង់​ក៏​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​សាវក ទ្រង់​មាន​បន្ទូល​ថា មុន​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​បាន​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​បុណ្យ​នេះ​ទៀត​ទេ ទាល់​តែ​បុណ្យ​នេះ​បាន​សំរេច​នៅ​ក្នុង​នគរ​ព្រះ​វិញ កាល​ទ្រង់​បាន​ទទួល​ពែង​នោះ ក៏​អរ​ព្រះ‌គុណ រួច​មាន​បន្ទូល​ថា ចូរ​យក​ពែង​នេះ​ចែក​គ្នា​ផឹក ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​នគរ​ព្រះ​បាន​មក​ដល់ រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​បន្ទូល​ថា នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ

អាន លូកា 22