លូកា 22:24-38

លូកា 22:24-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខណៈ​នោះ ពួក​សាវ័ក*​ជជែក​ទាស់‌ទែង​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​មាន​ឋានៈ​ធំ​ជាង​គេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​ទាំង‌ឡាយ​តែងតែ​ត្រួត‌ត្រា​លើ​ប្រជា‌រាស្ត្រ ហើយ​អ្នក​កាន់​អំណាច​តែង​ឲ្យ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធំ​ជាង​គេ ត្រូវ​ធ្វើ​តូច​ជាង​គេ ហើយ​អ្នក​ដែល​ដឹក​នាំ​គេ ត្រូវ​បម្រើ​គេ​វិញ។ អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បម្រើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​តុ ធំ​ជាង​អ្នក​បម្រើ​តុ។ រីឯ​ខ្ញុំ ខ្ញុំ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​ទៅ​វិញ។ គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ‌ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​ព្រះ‌រាជ្យ*​ឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ដែរ។ ក្នុង​ព្រះ‌រាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។ «ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង*​បាន​ទាម‌ទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។ ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​បាត់​ជំនឿ​ឡើយ។ លុះ​ដល់​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បងប្អូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​មាំ‌មួន​ផង»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច ទោះ​បី​ត្រូវ​ជាប់​ឃុំ‌ឃាំង ឬ​ត្រូវ​ស្លាប់​ក៏​ដោយ ទូលបង្គំ​សុខ​ចិត្ត​ទៅ​ជា​មួយ​ព្រះអង្គ​រហូត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ពេត្រុស​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស*​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់​ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​ថង់​យាម​ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ រីឯ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន​ទិញ​ដាវ​មួយ​ទៅ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ​ថា “គេ​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ” ។ ហេតុ‌ការណ៍​នោះ​ត្រូវ​តែ​កើត​មាន ស្រប​តាម​គម្ពីរ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! យើង​មាន​ដាវ​ពីរ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ»។

ចែក​រំលែក
អាន លូកា 22

លូកា 22:24-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ មាន​ការ​ទាស់​ទែង​គ្នា​កើត​ឡើង​ក្នុង​ចំណោម​ពួក​គេ អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ តែងត្រួត​ត្រា​លើ​ប្រជារាស្ត្រ ហើយ​ពួក​អ្នក​មាន​អំណាច​តែង​ឲ្យ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បម្រើ​ដែរ។ តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បម្រើ? តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ? ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បម្រើ​វិញ។ អ្នក​រាល់​គ្នា​ជា​ពួក​ដែល​នៅ​ជាប់​ជា​មួយ​ខ្ញុំ នៅ​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក។ ខ្ញុំ​ប្រគល់​ព្រះរាជ្យ​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ខ្ញុំ​បាន​ប្រគល់​មក​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នៅ​តុ​ខ្ញុំ ក្នុងព្រះ​រាជ្យ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ‌ជម្រះ​កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​សាសន៍​អ៊ីស្រា‌អែល»។ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ស៊ីម៉ូន ស៊ីម៉ូន​អើយ មើល៍! សាតាំង​ទាម​ទារ​ចង់​បាន​អ្នក​រាល់​គ្នា ដើម្បី​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ។ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បីកុំ​ឲ្យ​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ។ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ ចូរ​ចម្រើន​កម្លាំង​ឲ្យ​បង‌ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ផង»។ គាត់​ទូលព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​ព្រះ‌អង្គ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ មាន់​មិន​រងាវ​ឡើយ ទាល់​តែ​អ្នក​បាន​ប្រ‌កែក​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ដោយ​គ្មាន​កាបូប គ្មាន​ថង់​យាម និង​គ្មាន​ស្បែក​ជើង តើ​មាន​ខ្វះ​អ្វី​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ»។ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​របស់​ខ្លួន ហើយ​ទិញ​ដាវ​មួយ​មក។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បទ​គម្ពីរ​ដែល​ចែង​ទុក​មក​ថា "គេ​បាន​រាប់​ព្រះ‌អង្គ​ជា​ពួក​ទទឹង​ច្បាប់" នោះ​ត្រូវ​តែ​បាន​សម្រេច​ក្នុង​ខ្ញុំ ដ្បិត​គ្រប់​សេចក្តី​ដែល​ចែង​ទុក​អំពី​ខ្ញុំ ត្រូវ​តែ​បាន​សម្រេច»។ ពួក​គេ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! មើល៍ នៅ​ទី​នេះ​មាន​ដាវ​ពីរ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ប៉ុណ្ណឹង​ល្មម​ហើយ»។

ចែក​រំលែក
អាន លូកា 22

លូកា 22:24-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ក៏​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ តែ​ទ្រង់​មាន​បន្ទូល​ថា អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ គេ​តែង​សោយ‌រាជ្យ​លើ​បណ្តា‌រាស្ត្រ ហើយ​បណ្តាជន​ហៅ​ពួក​អ្នក​មាន​អំណាច​លើ​គេ ថា​ជា​អ្នក​មាន​គុណ​ដែរ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ឯ​អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បំរើ​ដែរ ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បំរើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ ឯ​អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បង​ល​ខ្ញុំ ខ្ញុំ​ក៏​ដំរូវ​នគរ​១​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរ‌បិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង។ ព្រះ‌អម្ចាស់​ក៏​មាន​បន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចំរើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ឡើង តែ​គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី នោះ​ទ្រង់​មាន​បន្ទូល​ថា ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ មាន់​មិន​រងាវ​ឡើយ ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ។ រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​ថា កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ឥត​កាបូប ឥត​យាម ហើយ​ឥត​ស្បែក​ជើង នោះ​តើ​មាន​ខ្វះ​អ្វី​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ​វិញ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម នោះ​ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​នេះ​ដែល​បាន​ចែង​ទុក​មក​ថា «គេ​បាន​រាប់​ទ្រង់ ជា​ពួក​ទទឹង​ច្បាប់» នោះ​ត្រូវ​សំរេច​លើ​ខ្លួន​ខ្ញុំ ដ្បិត​គ្រប់​សេចក្ដី​ដែល​ដំរូវ​មក​ខ្ញុំ ត្រូវ​តែ​បាន​សំរេច​ទាំង​អស់ រួច​គេ​ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល នេះ​មាន​ដាវ​២​ហើយ ទ្រង់​ក៏​មាន​បន្ទូល​ថា អើ ល្មម​ហើយ។

ចែក​រំលែក
អាន លូកា 22