ពេលនោះ មានការទាស់ទែងគ្នាកើតឡើងក្នុងចំណោមពួកគេ អំពីអ្នកណាដែលរាប់ជាធំជាងគេ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់ទាំងស្តេចនៃសាសន៍ដទៃ តែងត្រួតត្រាលើប្រជារាស្ត្រ ហើយពួកអ្នកមានអំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា គឺត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបម្រើដែរ។ តើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបម្រើ? តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬ? ប៉ុន្តែ ខ្ញុំនៅកណ្តាលអ្នករាល់គ្នា ទុកដូចជាអ្នកបម្រើវិញ។ អ្នករាល់គ្នាជាពួកដែលនៅជាប់ជាមួយខ្ញុំ នៅពេលខ្ញុំជួបទុក្ខលំបាក។ ខ្ញុំប្រគល់ព្រះរាជ្យមួយឲ្យអ្នករាល់គ្នា ដូចព្រះវរបិតាខ្ញុំបានប្រគល់មកខ្ញុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងព្រះរាជ្យរបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីរនៃសាសន៍អ៊ីស្រាអែល»។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា៖ «ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នា ដូចជារែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។ គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយព្រះអង្គ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែកបីដងថា មិនស្គាល់ខ្ញុំ»។ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅដោយគ្មានកាបូប គ្មានថង់យាម និងគ្មានស្បែកជើង តើមានខ្វះអ្វីទេ?» គេទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ»។ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ អ្នកណាដែលមានកាបូប មានយាម ត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ត្រូវលក់អាវរបស់ខ្លួន ហើយទិញដាវមួយមក។ ខ្ញុំប្រាប់អ្នករាល់គ្នាថា បទគម្ពីរដែលចែងទុកមកថា "គេបានរាប់ព្រះអង្គជាពួកទទឹងច្បាប់" នោះត្រូវតែបានសម្រេចក្នុងខ្ញុំ ដ្បិតគ្រប់សេចក្តីដែលចែងទុកអំពីខ្ញុំ ត្រូវតែបានសម្រេច»។ ពួកគេទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងល្មមហើយ»។
អាន លូកា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 22:24-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ