លូកា 21:25-38

លូកា 21:25-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«គ្រា​នោះ នឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្តី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្តី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ និង​រលក។ មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក។ ពេល​នោះ គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង។ កាល​ណា​ការ​ទាំង​នេះ​ចាប់​ផ្តើម​កើត​មក ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ព្រោះ​សេចក្តី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប ទៅ​គេ​ថា៖ «ចូរ​មើល​ដើម​ល្វា និង​ដើម​ឈើ​ទាំង​នោះ​ចុះ! កាល​ណា​វា​លាស់​ឡើង នោះ​អ្នក​រាល់​គ្នា​យល់​ឃើញ​ដោយ​ខ្លួន​ឯង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ។ ការ​នោះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា ព្រះរាជ្យ​របស់​ព្រះ​នៅ​ជិត​បង្កើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ​ឡើយ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក។ ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​ដោយ​សេចក្តី​វក់​នឹង​ការ​ស៊ី​ផឹក និង​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ហើយ​លោ​តែ​ថ្ងៃ​នោះ​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ភ្លាម ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​លើ​ផែនដី​ទាំង​មូល។ ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​អាច​ឆ្លង​ផុត​ពី​ការ​ទាំង​នេះ ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស»។ ពេល​ថ្ងៃ ព្រះ‌អង្គ​តែង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ។ ប្រជា‌ជន​ទាំង​អស់នាំ​គ្នា​ក្រោក​ពី​ព្រលឹម មក​ស្តាប់​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ។

ចែក​រំលែក
អាន លូកា 21

លូកា 21:25-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«គ្រា​នោះ​នឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ​ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាន។ ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​តឹង​ទ្រូង ព្រួយ​បារម្ភ ពេល​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់​បោក មនុស្ស‌ម្នា​ភ័យ​ស្លុត​បាត់​ស្មារតី​នៅ​ពេល​គិត​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ឫទ្ធិ‌បារមី​នានា​នៅ​លើ​មេឃ​នឹង​កក្រើក​រំពើក។ ពេល​នោះ គេ​នឹង​ឃើញ​ បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក* ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​ពន់​ពេក​ក្រៃ។ កាល​ណា​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​ថា៖ «ចូរ​មើល​ដើម​ឧទុម្ពរ* និង​ដើម​ឈើ​ទាំង​អស់​ចុះ! កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ស្លឹក​វា​លាស់ អ្នក​រាល់​គ្នា​ដឹង​ថា​រដូវ​ប្រាំង ​ជិត​មក​ដល់​ហើយ។ ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មក​ជិត​បង្កើយ​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​រស់​នៅ​ឡើយ។ ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន! កុំ​បណ្ដោយ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វក់‌វី​នឹង​គ្រឿង​សប្បាយ គ្រឿង​ស្រវឹង ឬ​ក៏​ខ្វល់​ខ្វាយ​អំពី​រឿង​ជីវិត​នេះ​ឡើយ ក្រែង​លោ​ថ្ងៃ​នោះ​មក​ដល់ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ប្រុង​ប្រៀប​ខ្លួន ដ្បិត​ថ្ងៃ​នោះ​មក​ដល់​ប្រៀប​បាន​នឹង​សំណាញ់ ដែល​គ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ទាំង​មូល។ ចូរ​ប្រុង​ស្មារតី និង​ទូល‌អង្វរ​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រ​មនុស្ស»។ ពេល​ថ្ងៃ ព្រះ‌យេស៊ូ​តែង​ប្រៀន‌ប្រដៅ​គេ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​នៅ​ពេល​យប់ ព្រះអង្គ​យាង​ចេញ​ទៅ​សម្រាក​នៅ​លើ​ភ្នំ​ដើម​អូលីវ។ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​មក​តាំង​ពី​ព្រលឹម ស្ដាប់​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ព្រះ‌វិហារ*។

ចែក​រំលែក
អាន លូកា 21

លូកា 21:25-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណោះ នឹង​មាន​ទី​សំគាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ចន្ទ នឹង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្ដី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ នឹង​សេចក្ដី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ នឹង​រលក មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក មាន​ទាំង​ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​ខ្លាំង កាល​ណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី​ព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ។ រួច​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ទៅ​គេ​ថា ចូរ​មើល​ដើម​ល្វា នឹង​អស់​ទាំង​ដើម​ឈើ​ចុះ កាល​ណា​វា​លាស់​ឡើង នោះ​អ្នក​រាល់​គ្នា​យល់​ឃើញ​ដោយ​ខ្លួន​ឯង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា នគរ​ព្រះ​ជិត​ដល់​ហើយ​យ៉ាង​ដូច្នោះ​ដែរ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ​ឡើយ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក ឯ​ផ្ទៃ​មេឃ នឹង​ផែនដី នោះ​នឹង​កន្លង​បាត់​ទៅ តែ​ឯ​ពាក្យ​ខ្ញុំ មិន​ដែល​កន្លង​បាត់​ឡើយ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង។ នៅ​ពេល​ថ្ងៃ ទ្រង់​តែង​បង្រៀន​ក្នុង​ព្រះ‌វិហារ លុះ​ដល់​ពេល​យប់ ទ្រង់​តែង‌តែ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ ព្រលឹមៗ​ឡើង បណ្តាជន​ក៏​មក​ស្តាប់​ទ្រង់​នៅ​ក្នុង​ព្រះ‌វិហារ​ជានិច្ច។

ចែក​រំលែក
អាន លូកា 21