លូកា 21:25-38

លូកា 21:25-38 គកស១៦

«គ្រា​នោះ នឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្តី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្តី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ និង​រលក។ មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក។ ពេល​នោះ គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង។ កាល​ណា​ការ​ទាំង​នេះ​ចាប់​ផ្តើម​កើត​មក ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ព្រោះ​សេចក្តី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប ទៅ​គេ​ថា៖ «ចូរ​មើល​ដើម​ល្វា និង​ដើម​ឈើ​ទាំង​នោះ​ចុះ! កាល​ណា​វា​លាស់​ឡើង នោះ​អ្នក​រាល់​គ្នា​យល់​ឃើញ​ដោយ​ខ្លួន​ឯង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ។ ការ​នោះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា ព្រះរាជ្យ​របស់​ព្រះ​នៅ​ជិត​បង្កើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ​ឡើយ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក។ ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​ដោយ​សេចក្តី​វក់​នឹង​ការ​ស៊ី​ផឹក និង​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ហើយ​លោ​តែ​ថ្ងៃ​នោះ​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ភ្លាម ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​លើ​ផែនដី​ទាំង​មូល។ ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​អាច​ឆ្លង​ផុត​ពី​ការ​ទាំង​នេះ ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស»។ ពេល​ថ្ងៃ ព្រះ‌អង្គ​តែង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ។ ប្រជា‌ជន​ទាំង​អស់នាំ​គ្នា​ក្រោក​ពី​ព្រលឹម មក​ស្តាប់​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ។

អាន លូកា 21