លូកា 2:1-35

លូកា 2:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​អូគូស្ដ មាន​ព្រះ‌រាជ​បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជា‌ជន​ទាំង​អស់ ក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល ។ ការ​ជំរឿន​ប្រជា‌ជន​លើក​ដំបូង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល ដែល​លោក​គីរេ‌នាស​ធ្វើ​ជា​ទេសា‌ភិបាល នៅ​ស្រុក​ស៊ីរី។ អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។ រីឯ​លោក​យ៉ូសែប​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រោះ​លោក​ជា​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ។ លោក​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារី ជា​គូ​ដណ្ដឹង​ដែល​មាន​ផ្ទៃ​ពោះ។ ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេ‌ហិម នាង​ម៉ារី​គ្រប់​ខែ​ហើយ។ នាង​សម្រាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។ ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។ ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​មូល​មាន​អំណរ​ដ៏​លើស‌លុប។ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ត​ជា​អម្ចាស់។ នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។ រំពេច​នោះ មាន​ទេវតា​ច្រើន​កុះ‌ករ ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​រួម​ជា​មួយ​ទេវតា​នោះ ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែនដី!»។ លុះ​ពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។ ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី លោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។ អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។ បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​គេ​បាន​ឃើញ​បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​កាត់​ស្បែក*​ថ្វាយ​ព្រះ‌ឱរស គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូ» ជា​ព្រះ‌នាម​ដែល​ទេវតា*​បាន​ប្រាប់​នាង​ម៉ារី មុន​ពេល​មាន​ផ្ទៃ​ពោះ។ លុះ​ដល់​ពេល​កំណត់​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារី ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ* តាម​វិន័យ*​លោក​ម៉ូសេ* ​បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​ព្រះ‌ឱរស​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់​ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់» ។ អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញ‌បូជា​ស្រប​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដែល​តម្រូវ​ឲ្យ​ថ្វាយ “លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ” ។ នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត* គាត់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ព្រះអង្គ​យាង​មក​សម្រាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​សណ្ឋិត​លើ​គាត់ ហើយ​សម្តែង​ឲ្យ​គាត់​ដឹង​ថា​គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះ‌គ្រិស្ត* ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។ ព្រះ‌វិញ្ញាណ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ព្រះ‌វិហារ*។ ពេល​មាតា‌បិតា​នាំ​ព្រះ‌ឱរស​យេស៊ូ​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* លោក​ស៊ីម្មាន​ក៏​យក​ព្រះ‌ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រេច​តាម ព្រះ‌បន្ទូល​សន្យា​ហើយ។ ដូច្នេះ សូម​ឲ្យ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ឲ្យ ប្រជា‌ជាតិ​ទាំង​អស់ គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្ស គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ និង​ជា​សិរី‌រុងរឿង​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ»។ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។ លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារី​ជា​មាតា​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សម្គាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។ បុត្រ​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន​លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត របស់​នាង»។

ចែក​រំលែក
អាន លូកា 2

លូកា 2:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​មួយ​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែនដី​បាន​ចុះ​បញ្ជី។ ការ​ចុះ​បញ្ជី​មុន​ដំបូង​នេះ ធ្វើ​ឡើង​នៅ​ពេល​លោក​គីរេ‌នាស​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​ស៊ីរី។ មនុស្ស​ទាំង​អស់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន ដើម្បី​ចុះ​បញ្ជី។ រីឯ​យ៉ូសែប ក៏​ធ្វើ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ឡើង​ទៅ​ស្រុក​យូដា ដល់​ក្រុង​របស់​ព្រះ‌បាទ​ដាវីឌ ឈ្មោះ​បេថ្លេហិម ព្រោះ​គាត់​ជា​រាជ‌វង្ស និង​ជា​ព្រះ‌ញាតិ​ព្រះ‌បាទ​ដាវីឌ ដើម្បី​ចុះ​បញ្ជី​ជា​មួយ​ម៉ារា ជា​គូ​ដណ្តឹង​ដែល​មាន​គភ៌​នោះ។ ពេល​អ្នក​ទាំង​ពីរ​កំពុង​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់។ នាង​ប្រសូត​បាន​បុត្រា​ច្បង​មក ហើយ​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួក​គេ​ទេ។ នៅ​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​នៅ​តាម​ទី​វាល។ ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​មក​ឈរ​ជិត​គេ ហើយ​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ​គេ ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ប៉ុន្តែ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អី ដ្បិត​មើល៍! ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​អំណរ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​ទាំង​អស់ ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ‌បាទ​ដាវីឌ គឺ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។ នេះ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​មួយ រុំ​នឹង​សំពត់ ផ្តេក​នៅ​ក្នុង​ស្នូក​សត្វ»។ រំពេច​នោះ មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ នៅ​ជា​មួយ​ទេវតា​នោះ ហើយ​ពោល​សរសើរ​ដល់​ព្រះ​ថា៖ «សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។ កាល​ពួក​ទេវតា​បាន​ចេញ​ពី​ពួក​គេ ត្រឡប់​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​គង្វាល​និយាយ​គ្នា​ថា៖ «ទៅ​យើង​នាំ​គ្នា​ទៅ​បេថ្លេហិម ហើយ​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​នោះ ដូច​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង»។ ដូច្នេះ គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ។ កាល​បាន​ឃើញ​ហើយ គេ​ក៏​រៀបរាប់​អំពី​សេចក្តី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ដែល​ពួក​គង្វាល​បាន​ប្រាប់។ ប៉ុន្តែ ម៉ារា​រក្សា​រឿង​ទាំង​នោះ ទាំង​ត្រិះរិះ​ពិចារណា​នៅ​តែ​ក្នុង​ចិត្ត​វិញ។ ឯ​ពួក​គង្វាល​ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​ថ្វាយ​សិរី​ល្អ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ​ដែល​គេ​បាន​ឮ ហើយ​ឃើញ ដូច​ជា​ទេវតា​បាន​ប្រាប់។ លុះ​ដល់​គម្រប់​ប្រាំ​បី​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ពេល​ទ្រង់​ចាប់​កំណើត​ក្នុង​ផ្ទៃ។ លុះ​ដល់​កំណត់ សម្រាប់​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​គេ​ក៏​នាំ​ព្រះ‌ឱរស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ ដូច​មាន​សេចក្តី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ថា៖ «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់» ហើយ​គេ​ថ្វាយ​យញ្ញ‌បូជា តាម​សេចក្តី​ដែល​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ គឺ​ថា «លលក​មួយ​គូ ឬ​ព្រាប​ជំទើរ​ពីរ» ។ នៅ​ក្រុង​យេរូ‌សាឡិម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​មនុស្ស​សុចរិត ហើយ​គោរព​កោត​ខ្លាច​ព្រះ គាត់​កំពុង​រង់‌ចាំ​វេលា​សម្រាល​ទុក្ខ​របស់​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ រហូត​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អម្ចាស់។ ព្រះ‌វិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​ពេល​មាតា‌បិតា​នាំ​ព្រះ​ឱរស​ព្រះ‌យេស៊ូវ​ចូល​មក ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​តាម​ទម្លាប់​ក្រឹត្យ‌វិន័យ នោះ​គាត់​ក៏​ទទួល​ព្រះ​ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បើក​ឲ្យ​បាវ​បម្រើ របស់​ព្រះ‌អង្គ​ចេញ​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ ដ្បិត​ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​មនុស្ស​ទាំង​អស់ ជា​ពន្លឺ​សម្រាប់​បើក​សម្តែង​ឲ្យ​សាសន៍​ដទៃ​ឃើញ ហើយ​ជា​សិរី​ល្អ​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ»។ រីឯ​យ៉ូសែប និង​ម៉ារា មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គេ​និយាយ​អំពី​ព្រះ‌អង្គ។ ស៊ីម្មាន​ជូន​ពរ​ពួក​គេ ហើយ​និយាយ​ទៅ​កាន់​ម៉ារា ជា​មាតា​ព្រះ‌អង្គ​ថា៖ «មើល៍! បុត្រ​នេះ​បាន​តាំង​ឡើង សម្រាប់​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ និង​សម្រាប់​ជា​ទី​សម្គាល់​ដែល​គេ​នឹង​និយាយ​ប្រឆាំង ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទម្លុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សម្តែង​ចេញ​មក»។

ចែក​រំលែក
អាន លូកា 2

លូកា 2:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែន‌ដី​បាន​ចុះ​បញ្ចី បញ្ជី​មុន​ដំបូង​នោះ បាន​ធ្វើ​នៅ​វេលា​ដែល​លោក​គីរេ‌នាស ធ្វើ​ជា​ចៅហ្វាយ​នៅ​ស្រុក​ស៊ីរី មនុស្ស​ទាំង​អស់​ក៏​ទៅ​ឯ​ស្រុក​កំណើត​រៀង​ខ្លួន ដើម្បី​ចុះ​បញ្ជី ឯ​យ៉ូសែប គាត់​ក៏​ចេញ​ពី​ណា‌សារ៉ែត ស្រុក​កាលី‌ឡេ ឡើង​ទៅ​ឯ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ​ដែល​ឈ្មោះ​ថា បេថ្លេ‌ហិម ពី​ព្រោះ​គាត់​ជា​ព្រះ‌វង្ស ហើយ​ជា​ព្រះ‌ញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ ដើម្បី​នឹង​ចុះ​បញ្ជី​ជា​មួយ​នឹង​ម៉ារា ដែល​បាន​បំរុង​ទុក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់ ដែល​នាង​មាន​គភ៌​នោះ កាល​កំពុង​តែ​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់ ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ។ រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់ នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី‌ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់ ហើយ​នេះ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់ កាល​ពួក​ទេវតា​បាន​ឃ្លាត​ចេញ ហោះ​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​អ្នក​គង្វាល​និយាយ​គ្នា​ថា ចូរ​យើង​ទៅ​ឯ​បេថ្លេ‌ហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា នឹង​យ៉ូសែប​នៅ​ទី​នោះ ព្រម​ទាំង​ព្រះ‌ឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង កាល​បាន​ឃើញ​ហើយ នោះ​គេ​ក៏​រ៉ាយ‌រ៉ាប់​រឿង ពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះ‌ឱរស ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្ដី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត ឯ​ពួក​អ្នក​គង្វាល ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក។ លុះ​ដល់​គំរប់​៨​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ដែល​ទ្រង់​មក​ចាប់​ទំ​ផ្ទៃ។ លុះ​ដល់​កំណត់ កាល​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ តាម​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​ក៏​នាំ​យក​ព្រះ‌ឱរស​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ ដូច​ជា​មាន​កត់​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌អម្ចាស់​ថា «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់» ហើយ​នឹង​ថ្វាយ​យញ្ញ‌បូជា តាម​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ គឺ​ថា «លលក​១​គូ ឬ​ព្រាប​ជំទើរ​២»។ នោះ​មើល នៅ​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​អ្នក​សុចរិត ដែល​កោត‌ខ្លាច​ដល់​ព្រះ គាត់​រង់‌ចាំ​សេចក្ដី​ដោះ​ទុក្ខ​របស់​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​នៃ​ព្រះ‌អម្ចាស់ គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ​ដោយ​នូវ​ព្រះ‌វិញ្ញាណ រួច​កាល​មាតា‌បិតា​នាំ​យក​ព្រះ‌យេស៊ូវ ជា​ឱរស​ចូល​មក ដើម្បី​ធ្វើ​តាម​ទំលាប់​ក្រិត្យ‌វិន័យ​ដល់​ទ្រង់ នោះ​គាត់​ក៏​ទទួល​មក​បី ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា ឥឡូវ​នេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បំរើ​ទ្រង់​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​បណ្តាជន​ទាំង‌ឡាយ ជា​ពន្លឺ​សំរាប់​បំភ្លឺ​ដល់​សាសន៍​ដទៃ ហើយ​ជា​សិរី‌ល្អ របស់​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ឯ​យ៉ូសែប នឹង​មាតា​ទ្រង់ ក៏​អស្ចារ្យ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ថ្លែង​ពី​ទ្រង់ ស៊ីម្មាន​ក៏​ឲ្យ​ពរ ហើយ​និយាយ​ទៅ​ម៉ារា ជា​មាតា​ទ្រង់​ថា មើល បុត្រ​នេះ​បាន​តាំង​ឡើង​សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សំដែង​ចេញ​មក។

ចែក​រំលែក
អាន លូកា 2