លូកា 2:1-35

លូកា 2:1-35 គខប

នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​អូគូស្ដ មាន​ព្រះ‌រាជ​បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជា‌ជន​ទាំង​អស់ ក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល ។ ការ​ជំរឿន​ប្រជា‌ជន​លើក​ដំបូង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល ដែល​លោក​គីរេ‌នាស​ធ្វើ​ជា​ទេសា‌ភិបាល នៅ​ស្រុក​ស៊ីរី។ អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។ រីឯ​លោក​យ៉ូសែប​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រោះ​លោក​ជា​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ។ លោក​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារី ជា​គូ​ដណ្ដឹង​ដែល​មាន​ផ្ទៃ​ពោះ។ ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេ‌ហិម នាង​ម៉ារី​គ្រប់​ខែ​ហើយ។ នាង​សម្រាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។ ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។ ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​មូល​មាន​អំណរ​ដ៏​លើស‌លុប។ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ត​ជា​អម្ចាស់។ នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។ រំពេច​នោះ មាន​ទេវតា​ច្រើន​កុះ‌ករ ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​រួម​ជា​មួយ​ទេវតា​នោះ ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែនដី!»។ លុះ​ពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។ ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី លោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។ អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។ បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​គេ​បាន​ឃើញ​បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​កាត់​ស្បែក*​ថ្វាយ​ព្រះ‌ឱរស គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូ» ជា​ព្រះ‌នាម​ដែល​ទេវតា*​បាន​ប្រាប់​នាង​ម៉ារី មុន​ពេល​មាន​ផ្ទៃ​ពោះ។ លុះ​ដល់​ពេល​កំណត់​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារី ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ* តាម​វិន័យ*​លោក​ម៉ូសេ* ​បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​ព្រះ‌ឱរស​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់​ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់» ។ អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញ‌បូជា​ស្រប​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដែល​តម្រូវ​ឲ្យ​ថ្វាយ “លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ” ។ នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត* គាត់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ព្រះអង្គ​យាង​មក​សម្រាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​សណ្ឋិត​លើ​គាត់ ហើយ​សម្តែង​ឲ្យ​គាត់​ដឹង​ថា​គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះ‌គ្រិស្ត* ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។ ព្រះ‌វិញ្ញាណ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ព្រះ‌វិហារ*។ ពេល​មាតា‌បិតា​នាំ​ព្រះ‌ឱរស​យេស៊ូ​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* លោក​ស៊ីម្មាន​ក៏​យក​ព្រះ‌ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះអង្គ​បាន​សម្រេច​តាម ព្រះ‌បន្ទូល​សន្យា​ហើយ។ ដូច្នេះ សូម​ឲ្យ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ឲ្យ ប្រជា‌ជាតិ​ទាំង​អស់ គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្ស គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ និង​ជា​សិរី‌រុងរឿង​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ»។ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។ លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារី​ជា​មាតា​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សម្គាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។ បុត្រ​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន​លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត របស់​នាង»។