លូកា 17:1-37

លូកា 17:1-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា «សេចក្តី​ល្បួង​ដែល​នាំ​ឲ្យ​ធ្វើ​បាប​ប្រាកដ​ជា​ត្រូវ​មក តែ​វេទនា​ដល់​អ្នក​ណា​ដែល​បង្កើត​ហេតុ​នោះ​ឡើង។ ប្រសិន‌បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទៅ​ចង​ក​អ្នក​នោះ ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ ជា​ជាង​ទុក​ឲ្យ​នៅ​ធ្វើ​ហេតុ​នាំ​ឲ្យ​កូន​តូច​ណា​មួយ​រវាត​ចិត្ត។ ចូរ​ប្រយ័ត្ន​ខ្លួន! ប្រសិន‌បើ​មាន​បង‌ប្អូន​ធ្វើ​បាប​នឹង​អ្នក អ្នក​ត្រូវ​បន្ទោស​ដល់​គាត់ ហើយ​បើ​គាត់​ប្រែ​ចិត្ត​មក ចូរ​អត់​ទោសឲ្យ​គាត់ទៅ។ ប្រសិន‌បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​ប្រាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​ប្រាំ​ពីរ​ដង​ថា "ខ្ញុំ​ប្រែ​ចិត្ត" នោះចូរ​អត់​ទោស​ឲ្យ​គាត់​ទៅ»។ ដូច្នេះ ពួក​សាវក​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ទ្រង់​ចម្រើន​ជំនឿ​ដល់​យើង​ខ្ញុំ​ផង!» ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ដូច​គ្រាប់​ពូជ​មួយ​យ៉ាង​ល្អិត នោះ​អ្នក​អាច​និយាយ​ទៅ​ដើម​មន​នេះ​ថា "ចូរ​ឯង​រលើង​ឫសទៅ​ដុះ​ក្នុង​សមុទ្រទៅ!" នោះ​វា​នឹង​ស្តាប់​បង្គាប់​អ្នក​មិន​ខាន»។ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​អ្នក​បម្រើទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ចៀម ពេល​បាវ​បម្រើ​នោះ​ត្រឡប់​ពី​ស្រែ​មក​វិញ តើអ្នក​នឹង​និយាយ​ថា "សូម​មក​អង្គុយ​នៅ​តុ​អាហារ" ឬ? តើ​មិន​និយាយ​យ៉ាង​នេះ​វិញ​ទេ​ថា "ចូរ​រៀបចំ​អាហារ ហើយ​ក្រវាត់​ចង្កេះ​មក​បម្រើ​យើង​បរិ‌ភោគ​ជា​មុន​សិន រួច​សឹម​ឯង​ស៊ី​តាម​ក្រោយ" ទេ​ឬ? តើ​ចៅហ្វាយ​ដឹង​គុណ​បាវ​បម្រើ​នោះ ដោយ​ព្រោះ​គេ​ធ្វើ​តាម​បង្គាប់​ឬ? អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក ហើយ នោះ​ត្រូវ​រាប់​ថា "យើង​ជា​បាវ​បម្រើ​ឥត​កម្រៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ"»។ ពេល​ព្រះយេស៊ូវ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម នោះ​ក៏​យាង​តាម​ព្រំដែន​ស្រុក​សាម៉ារី និង​ស្រុក​កាលីឡេ។ កំពុង​តែ​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ នោះ​មាន​មនុស្ស​ឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះ‌អង្គ។ គេ​ឈរ​ពី​ចម្ងាយ ស្រែក​ទូល​ថា៖ «ឱ​ព្រះ‌យេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង»។ ពេល​ព្រះ‌អង្គ​ទត​ឃើញ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ»។ លុះ​កំពុង​តែ​ដើរ​ទៅ នោះ​គេ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ពេល​ឃើញ​ថា​ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរ​តម្កើង​ព្រះ​ដោយ​សំឡេង​ខ្លាំងៗ ហើយ​គាត់​ក្រាប​ចុះ​មុខ​ដល់​ដី នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។ អ្នក​នោះ​ជា​សាសន៍​សាម៉ារី។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​មិន​បាន​ជា​ស្អាត​ទាំង​ដប់​នាក់​ទេ​ឬ? ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា? តើ​មាន​តែ​សាសន៍​ដទៃ​ម្នាក់​នេះ​ទេ​ឬ ដែល​វិ​ល​មក​សរសើរ​តម្កើង​ព្រះ»? រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។ ពួក​ផារិស៊ី​ទូល​សួរ​ព្រះយេស៊ូវ​អំពី​ព្រះរាជ្យ​របស់​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មនុស្ស​មើល​ឃើញ​ទេ គ្មាន​អ្នក​ណា​ដឹង​ថា "មើល៍! នៅ​ទី​នេះ" ឬ​ថា "មើល៍! នៅ​ទី​នោះ​បាន​ឡើយ" ដ្បិត​ព្រះរាជ្យ​របស់​ព្រះស្ថិត​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស តែ​នឹង​មិន​ឃើញ​ឡើយ។ គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍! នៅ​ទី​នេះ" ឬ​ថា "មើល៍! នៅ​ទី​នោះ" កុំ​ឲ្យ​ចេញ​ទៅ​តាម​គេ​ឲ្យ​សោះ។ ដ្បិត​នៅ​ថ្ងៃ​កូន​មនុស្ស​នឹង​យាង​មក ប្រៀប​ដូច​ជា​ផ្លេក​បន្ទោរ ដែល​ភ្លឺ​ផ្លេកៗ ពី​ជើង​មេឃ​ម្ខាង ដល់​ជើង​មេឃ​ម្ខាង។ ប៉ុន្តែ លោក​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន​មុន​សិន និង​ត្រូវ​មនុស្ស​ជំនាន់​នេះ​បោះ‌បង់​លោក​ចោល​ផង។ នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ។ ដ្បិត​នៅ​ជំនាន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក ជប់​លៀង រៀប‌ការ​ប្តី​ប្រពន្ធ មក​ទល់​នឹង​ថ្ងៃ​លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ នោះ​ទឹកជំនន់​ក៏​មក​លិច​បំផ្លាញ​គេ​គ្រប់​គ្នា​អស់​ទៅ ។ ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុត ដែរ គេ​កំពុង​តែ​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ រហូត​ដល់​ថ្ងៃ​លោក​ឡុត​ចាក​ចេញ​ពី​ក្រុង​សូដុម នោះ​មាន​ភ្លៀង ជា​ភ្លើង និង​ស្ពាន់‌ធ័រ ធ្លាក់​ពី​លើ​មេឃ​មក​បំផ្លាញ​គេ​ទាំង​អស់​គ្នា​ទៅ។ នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​លេច​មក នោះ​ក៏​នឹង​កើត​មាន​យ៉ាង​ដូច្នោះ​ដែរ។ នៅ​ថ្ងៃ​នោះ បើ​អ្នក​ណា​នៅ​លើ​ដំបូល ហើយ​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ ហើយ​អ្នក​ណា​ដែល​នៅ​ចម្ការ​ក៏​ដូច្នោះ​ដែរ កុំ​ត្រឡប់​មក​វិញ​ឲ្យ​សោះ។ ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​របស់​លោក​ឡុត អ្នក​ណា​ដែល​ខំ​រក្សា​ជីវិត​ឲ្យ​រួច​ផុតភ័យ នោះ​នឹង​បាត់​ជីវិត​ទៅ ហើយ​អ្នក​ណា​ដែល​បាត់​ជីវិត នោះ​នឹង​បាន​គង់​នៅ​វិញ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ បើ​មាន​មនុស្ស​ពីរ​នាក់​ដេក​នៅ​ដំណេក​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ។ បើ​មាន​ស្ត្រី​ពីរ​នាក់ កិន​ម្សៅ​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទៀត​នឹងត្រូវ​ទុក​នៅ។ [បើ​មាន​មនុស្ស​ពីរ​នាក់​នៅ​ចម្ការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ] »។ នោះ​គេ​ទូល​សួរ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​នៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «សាកសព​នៅ​កន្លែង​ណា ត្មាត​នឹង​ប្រជុំ​គ្នា​នៅ​ទី​នោះ»។

ចែក​រំលែក
អាន លូកា 17

លូកា 17:1-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស*​ថា៖ «មាន​មូល​ហេតុ​ជា​ច្រើន ដែល​តែងតែ​បណ្ដាល​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ។ ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក ទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់ ហើយ​នាំ​មនុស្ស​តូច‌តាច​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន! ប្រសិន​បើ​បងប្អូន​ណា​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ចូរ​ស្ដី​ប្រដៅ​គាត់​ផង តែ​បើ​គាត់​កែ​ប្រែ​ចិត្ត​គំនិត ចូរ​អត់‌ទោស​ឲ្យ​គាត់​ទៅ។ ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក​ប្រាំ‌ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គាត់​ត្រឡប់​មក​រក​អ្នក​ទាំង​ប្រាំ‌ពីរ​ដង ដោយ​ពោល​ថា “ខ្ញុំ​ស្ដាយ​ដោយ​បាន​ធ្វើ​ខុស” ចូរ​អត់‌ទោស​ឲ្យ​គាត់​ទៅ»។ ពួក​សាវ័ក*​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះអង្គ​ប្រទាន​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត ហើយ​បើ​អ្នក​រាល់​គ្នា​និយាយ​ទៅ​កាន់​ដើម​ឈើ​នេះ​ថា “ចូរ​រម្លើង​ឫស​ឯង ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ!” វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​មិន​ខាន»។ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា នរណា​ម្នាក់​មាន​អ្នក​បម្រើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ។ ពេល​អ្នក​បម្រើ​នោះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ ម្ចាស់​មិន​ដែល​និយាយ​ថា “សូម​អញ្ជើញ​មក​ពិសា​បាយ” ទេ។ ផ្ទុយ​ទៅ​វិញ ម្ចាស់​តែងតែ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ចូរ​រៀបចំ​បាយ​ទឹក​ឲ្យ​ខ្ញុំ រួច​ទៅ​ផ្លាស់​ខោ‌អាវ​មក​បម្រើ​ខ្ញុំ​ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។ ម្ចាស់​មិន​ដែល​អរ‌គុណ​អ្នក​បម្រើ ដែល​បាន​ធ្វើ​តាម​បង្គាប់​ខ្លួន​នោះ​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​សព្វ​គ្រប់​ហើយ ចូរ​ពោល​ថា “យើង​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ធម្មតា​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​បាន​បំពេញ​កិច្ចការ​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ”»។ កាល​ព្រះ‌យេស៊ូ​កំពុង​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​យាង​កាត់​តាម​ស្រុក​សាម៉ារី និង​ស្រុក​កាលី‌ឡេ។ ពេល​ព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​ព្រះអង្គ។ គេ​ឈរ​ពី​ចម្ងាយ ស្រែក​ឡើង​ថា៖ «លោក​គ្រូ​យេស៊ូ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូ​ទត​មើល​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​បូជា‌ចារ្យ*​ឃើញ​ចុះ»។ ពេល​អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ គេ​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ*​ទាំង​អស់​គ្នា។ ពេល​ឃើញ​ខ្លួន​បាន​ជា​សះ‌ស្បើយ​ដូច្នេះ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ត្រឡប់​មក​វិញ ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ​ផង។ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ឱន​ក្បាល​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ព្រះអង្គ អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ទាំង​ដប់​នាក់​មិន​បាន​ជា​ស្អាត​បរិសុទ្ធ​គ្រប់ៗ​គ្នា​ទេ​ឬ ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា? មាន​តែ​ជន​បរទេស​ម្នាក់​វិល​ត្រឡប់​មក​វិញ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ទៀត​ថា៖ «ចូរ​ក្រោក​ឡើង អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ»។ ពួក​ខាង​គណៈ‌ផារីស៊ី*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ព្រះ‌ជាម្ចាស់​នឹង​យាង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​មិន​មែន​មក តាម​បែប​ដែល​មនុស្ស​អាច​មើល​ឃើញ​នឹង​ភ្នែក​ឡើយ។ គេ​ពុំ​អាច​ពោល​ថា “ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នេះ ឬ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នោះ” ទេ។ ចូរ​ដឹង​ថា ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «ពេល​ក្រោយ អ្នក​រាល់​គ្នា​ចង់​ឃើញ​ថ្ងៃ​ដែល​បុត្រ​មនុស្ស*​យាង​មក សូម្បី​តែ​មួយ​ថ្ងៃ​ក៏​បាន​ដែរ តែ​អ្នក​រាល់​គ្នា​ពុំ​ឃើញ​ឡើយ។ ពេល​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះអង្គ​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​រត់​ទៅ​ឲ្យ​សោះ។ បុត្រ​មនុស្ស​នឹង​យាង​មក​ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង។ ប៉ុន្តែ បុត្រ​មនុស្ស​ត្រូវ​តែ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ជា​មុន​សិន ហើយ​មនុស្ស​សម័យ​ឥឡូវ​នេះ​នឹង​បោះ​បង់​លោក​ចោល។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​នៅ​ជំនាន់​លោក​ណូអេ*​ដែរ។ កាល​ណោះ​មនុស្ស‌ម្នា​គិត​តែ​ស៊ី​ផឹក រៀបការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ ហើយ​ទឹក​ជំនន់​ឡើង​លិច​បំផ្លាញ​មនុស្ស​អស់ ។ នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​ជំនាន់​លោក​ឡុត* ​ដែរ កាល​ណោះ​មនុស្ស‌ម្នា​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចាក​ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង និង​ស្ពាន់‌ធ័រ​បង្អុរ​ពី​លើ​មេឃ​មក​ដូច​ភ្លៀង បំផ្លាញ​អ្នក​ក្រុង​ទាំង​អស់​គ្នា​ទៅ។ នៅ​ថ្ងៃ​ដែល​បុត្រ​មនុស្ស​បង្ហាញ​ខ្លួន ក៏​នឹង​មាន​ហេតុ‌ការណ៍​ដូច្នោះ​ដែរ។ នៅ​ថ្ងៃ​នោះ អ្នក​នៅ​លើ​ដំបូល​ផ្ទះ ហើយ​មាន​របស់​របរ​ទុក​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ។ រីឯ​អ្នក​នៅ​ចម្ការ​ក៏​ដូច្នោះ​ដែរ កុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឲ្យ​សោះ។ ចូរ​នឹក​ចាំ​អំពី​រឿង​ដែល​កើត​មាន​ដល់​ភរិយា​លោក​ឡុត។ អ្នក​ដែល​ខំ​រក្សា​ជីវិត​របស់​ខ្លួន​នឹង​បាត់​បង់​ជីវិត រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត នឹង​បាន​រួច​ជីវិត​វិញ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ បើ​មាន​ពីរ​នាក់​ដេក​លើ​គ្រែ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ បើ​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ [បើ​មាន​បុរស​ពីរ​នាក់​នៅ​ក្នុង​ចម្ការ ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ]»។ ពួក​សិស្ស*​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន​នៅ​ទី​ណា?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​នឹង​មក​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ»។

ចែក​រំលែក
អាន លូកា 17

លូកា 17:1-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​ធ្វើ​ឲ្យ​បាត់​ហេតុ​ដែល​នាំ​ឲ្យ​រវាត​ចិត្ត នោះ​មិន​បាន​ឡើយ តែ​វេទនា​ដល់​អ្នក​ណា​ដែល​បង្កើត​ហេតុ​នោះ​ឡើង បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទៅ​ចង​ក​អ្នក​នោះ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ ជា​ជាង​ទុក​ឲ្យ​នៅ​ធ្វើ​ហេតុ​នាំ​ឲ្យ​កូន​តូច​ណា​មួយ​នេះ​រវាត​ចិត្ត​វិញ ចូរ​ប្រយ័ត​ខ្លួន បើ​បង​ប្អូន​ធ្វើ​បាប​នឹង​អ្នក ត្រូវ​ឲ្យ​អ្នក​បន្ទោស​ដល់​គាត់ បើ​គាត់​ប្រែ​ចិត្ត​មក​វិញ នោះ​ចូរ​អត់​ទោស​ដល់​គាត់​ចុះ បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​៧​ដង​ក្នុង​១​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​៧​ដង​ថា ខ្ញុំ​ប្រែ​ចិត្ត​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​អត់​ទោស​ដល់​គាត់​ជា​កុំ​ខាន ដូច្នេះ ពួក​សាវក​ទូល​ដល់​ព្រះ‌អម្ចាស់​ថា សូម​ទ្រង់​ចំរើន​សេចក្ដី​ជំនឿ​ដល់​យើង​ខ្ញុំ​ទៀត​ផង តែ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​នឹង​និយាយ​ទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់​តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​បាវ​កំពុង​តែ​ភ្ជួរ ឬ​ឃ្វាល​សត្វ លុះ​កាល​ណា​វា​វិល​មក​ពី​ចំការ តើ​នឹង​និយាយ​ទៅ​វា​ភ្លាម​ថា មក​អង្គុយ​ស៊ី​បាយ​សិន ឬ​អី គឺ​នឹង​ប្រាប់​វា​យ៉ាង​នេះ​វិញ​ទេ​តើ ថា ចូរ​រៀបចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បំរើ​អញ​ដែល​កំពុង​តែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ តើ​ចៅហ្វាយ​ដឹង​គុណ​បាវ​នោះ ដោយ​ព្រោះ​វា​ធ្វើ​តាម​បង្គាប់​ឬ​ដូច​ម្តេច ខ្ញុំ​យល់​ថា មិន​មែន​ទេ ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ។ កាល​ទ្រង់​កំពុង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ក៏​យាង​តាម​ព្រំ‌ដែន​ស្រុក​សាម៉ារី ហើយ​នឹង​ស្រុក​កាលី‌ឡេ លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ​១ ក៏​មាន​មនុស្ស​ឃ្លង់​១០​នាក់​មក​ជួប​នឹង​ទ្រង់ ឈរ​នៅ​ពី​ចំងាយ ស្រែក​ទូល​ថា ឱ​ព្រះ‌យេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង ទ្រង់​ទត​ឃើញ​គេ ហើយ​ក៏​មាន​បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ លុះ​គេ​កំពុង​តែ​ដើរ​ទៅ នោះ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា មាន​ម្នាក់ កាល​ឃើញ​ថា ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរ​ដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង គាត់​ទំលាក់​ខ្លួន​ផ្កាប់​មុខ នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ផង អ្នក​នោះ​ជា​សាសន៍​សាម៉ារី ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ទាំង​១០​នោះ​មិន​បាន​ជា​ស្អាត​ទេ​ឬ​អី ចុះ​៩​នាក់​ឯ​ទៀត​នៅ​ឯ​ណា តើ​ឃើញ​មាន​តែ​សាសន៍​ដទៃ​១​នេះ វិល​មក​សរសើរ​ដំកើង​ដល់​ព្រះ​ទេ​ឬ រួច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ក្រោក​ឡើង​ទៅ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ។ ឯ​ពួក​ផារិស៊ី គេ​ទូល​សួរ​ទ្រង់​ពី​នគរ​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា នគរ​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មើល​ឃើញ​ទេ គ្មាន​អ្នក​ណា​នឹង​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ​បាន​ឡើយ ដ្បិត​មើល នគរ​ព្រះ​ក៏​នៅ​កណ្តាល​អ្នក​រាល់​គ្នា​ហើយ។ រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​រាល់​គ្នា​នឹង​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស តែ​មិន​ឃើញ​ទេ ហើយ​គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ចេញ​ទៅ​តាម​ឡើយ ដ្បិត​នៅ​ថ្ងៃ​របស់​កូន​មនុស្ស នោះ​លោក​នឹង​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ដែល​ភ្លឺ‌ផ្លេកៗ ពី​ជើង​មេឃ​ម្ខាង ដល់​ជើង​មេឃ​ម្ខាង​ដូច្នោះ​ដែរ ប៉ុន្តែ​មុន​ដំបូង​ត្រូវ​ឲ្យ​លោក​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ត្រូវ​មនុស្ស​ដំណ​នេះ បោះ​បង់​ចោល​លោក​ផង នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​ជំនាន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ នោះ​ទឹក​ក៏​ជន់​មក​លិច​បំផ្លាញ​គ្រប់​គ្នា​ទៅ ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុត​ដែរ គេ​កំពុង​តែ​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ ហើយ​សង់​ផ្ទះ តែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុំម​មក នោះ​មាន​ភ្លៀង ជា​ភ្លើង នឹង​ស្ពាន់‌ធ័រ ធ្លាក់​ពី​លើ​មេឃ​មក បំផ្លាញ​គេ​ទាំង​អស់​គ្នា​បង់ នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​លេច​មក នោះ​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ ថ្ងៃ​នោះ​ឯង បើ​អ្នក​ណា​នៅ​លើ​ដំបូល ហើយ​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ នោះ​កុំ​ឲ្យ​ចុះ​មក​យក​ឡើយ ឯ​អ្នក​ណា​ដែល​នៅ​ចំការ​ក៏​ដូច្នោះ​ដែរ កុំ​ឲ្យ​ត្រឡប់​មក​វិញ​ឲ្យ​សោះ ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត អ្នក​ណា​ដែល​រក​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ ហើយ​អ្នក​ណា​ដែល​បាត់​ជីវិត នោះ​នឹង​បាន​គង់​នៅ​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ នឹង​មាន​មនុស្ស​២​នាក់​ដេក​នៅ​ដំណេក​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ នឹង​មាន​ស្ត្រី​២​នាក់​កិន​ម្សៅ​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ត្រូវ​ទុក​នៅ នោះ​គេ​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​ឯ​ណា ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ខ្មោច​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​ទី​នោះ​ឯង។

ចែក​រំលែក
អាន លូកា 17

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ