លូកា 16:1-31

លូកា 16:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះយេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​មើល​ខុស​ត្រូវ​លើ​របស់​ទ្រព្យសម្បត្តិ​របស់​លោក​ថា អ្នក​នោះ​ចាយ​បង្ហិន‌បង្ហោច​ទ្រព្យ​សម្បត្តិ​លោក​ជា​ច្រើន។ គាត់​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា "តើ​រឿង​ដែល​ខ្ញុំ​បាន​ឮគេ​និយាយ​ពី​អ្នក នោះយ៉ាងណា​ដែរ? ចូរ​យក​បញ្ជី​ពី​ការ​ចាត់​ចែង​របស់​អ្នក​មកឲ្យ​ខ្ញុំ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​អ្នក​ចាត់​ការ​របស់​យើង​ត​ទៅ​ទៀត​បាន​ទេ"។ អ្នក​ចាត់​ការ​នោះគិត​ក្នុង​ចិត្ត​ថា "តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា? ដ្បិត​ចៅហ្វាយ​ខ្ញុំ​គិត​ដក​ការ​ត្រួត‌ត្រា​នេះ​ពី​ខ្ញុំ​ហើយ ខ្ញុំ​គ្មាន​កម្លាំង​ទៅ​កាប់​ដី​ទេ បើ​ដើរ​សុំ​ទាន ក៏​ខ្មាស​គេ​ដែរ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​ខ្ញុំ​ចេញ​ពី​ការ​ត្រួត‌ត្រា​នេះ ខ្ញុំ​នឹង​មាន​គេ​ទទួល​ខ្ញុំ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន"។ គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​មក ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទីមួយ​ថា "តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន"? អ្នក​នោះ​ឆ្លើយ​ថា "ជំពាក់​ប្រេង​មួយ​រយ​ប៉ោត" រួច​គាត់​ប្រាប់​អ្នក​នោះ​ថា "ចូរ​យក​សំបុត្រ​អ្នក ទៅ​អង្គុយ​សរសេរ​ដាក់​ហា‌សិប​វិញ ជា​ប្រញាប់​ទៅ"។ គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា "ចុះ​អ្នក តើ​ជំពាក់​ប៉ុន្មាន?" អ្នក​នោះ​ឆ្លើយ​ថា "ជំពាក់​ស្រូវ​មួយ​រយ​ហាប" គាត់​ប្រាប់​អ្នក​នោះ​ថា "ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​ប៉ែត‌សិប​វិញ​ទៅ"។ ចៅហ្វាយ​ក៏​សរសើរ​អ្នកមើល​ខុស​ត្រូវ​ទុច្ចរិត​នោះ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវ‌ឆ្លាត ដ្បិត​មនុស្ស​របស់​លោកីយ៍​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ពន្លឺ​ទៅ​ទៀត។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្ត​សម្លាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​ទ្រព្យ​នោះ​រលាយ​សូន្យ​ទៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​វិញ។ អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​កិច្ច‌ការ​ធំ​ដែរ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ណាអាច​ប្រគល់​ទ្រព្យ​សម្បត្តិ​ដ៏ពិត​ប្រាកដ ទុក​នឹង​អ្នក​រាល់​គ្នាបាន? ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃទេ តើ​អ្នក​ណានឹង​ឲ្យ​អ្វី​ដាច់​ជា​របស់​អ្នក​បាន? គ្មាន​បាវ​បម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​បាវ​បម្រើ​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ឬ​នឹង​កាន់​ខាង​មួយ ហើយ​មើល​ងាយ​មួយ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​បម្រើ​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។ ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ ក៏​បាន​ស្តាប់​គ្រប់​សេចក្តី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ពួក​សម្តែង​ខ្លួន​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ។ មាន​ក្រឹត្យ‌វិន័យ និង​ទំនាយ​របស់​ពួក​ហោរា រហូត​មក​ដល់​លោក​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​ទូទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល។ ប៉ុន្តែ ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​មួយ ក្នុង​ក្រឹត្យ‌វិន័យ​ទៅ​ទៀត។ អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​មួយ​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្តី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​ជប់​លៀង​យ៉ាង​អធិកអធម​រាល់​ថ្ងៃ។ ក៏​មាន​បុរស​ម្នាក់​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ខ្លួន គេ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ។ គាត់​ប្រាថ្នា​ចង់​ចម្អែត​ពោះ ដោយ​កម្ទេច​អាហារ​ដែល​ធ្លាក់​ពី​តុ​អ្នក​មាននោះ​ណាស់ ហើយ​មាន​ឆ្កែ​មក​លិឍ​ដំបៅ​គាត់​ទៀត​ផង។ ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​យក​គាត់​ទៅ​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រា‌ហាំ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​យក​ទៅ​កប់។ គាត់​រង​ទុក្ខ​វេទនា​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​មុខ​ឡើង​ឃើញ​លោក​អ័ប្រា‌ហាំ​ពី​ចម្ងាយ ហើយ​ឡាសារ​នៅ​ក្បែរ​លោក។ គាត់​ស្រែក​ឡើង​ថា "ឱ​លោក​ឪពុក​អ័ប្រា‌ហាំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​វេទនាណាស់"។ តែ​លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ​បាន​តែ​សេចក្តី​អាក្រក់ ឥឡូវ​នេះ គាត់​បានក្សាន្ត​ចិត្ត​ហើយ តែ​ឯង​វិញ​ត្រូវ​វេទនា។ ម្យ៉ាង​ទៀត មាន​ជង្ហុក​មួយ​យ៉ាង​ធំ ស្ថិត​នៅ​កណ្តាល​រវាង​យើង​នឹង​ឯង​រាល់​គ្នា ហើយ​គ្មាន​អ្នក​ណា​អាច​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង​បាន​ឡើយ"។ គាត់​ក៏​និយាយ​ថា "លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​គាត់​ឲ្យ​ទៅ​ផ្ទះ​របស់​ឪពុក​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មាន​បង‌ប្អូន​ប្រាំ​នាក់ សូម​ឲ្យ​គាត់​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​កន្លែង​វេទនា​នេះ​ដែរ"។ លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "គេ​មាន​លោក​ម៉ូសេ និង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ"។ តែ​គាត់​ប្រ‌កែក​ថា "ទេ លោក​ឪពុក​អ័ប្រា‌ហាំ​អើយ បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន"។ លោក​ឆ្លើយ​ទៅ​គាត់​ថា "បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​ពួក​ហោរា​ទេ ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ"»។

ចែក​រំលែក
អាន លូកា 16

លូកា 16:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «មាន​សេដ្ឋី​មួយ​រូប​បាន​ប្រគល់​មុខងារ​ឲ្យ​អ្នក​បម្រើ​ម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​របស់​លោក។ មាន​គេ​មក​ជម្រាប​លោក​ថា អ្នក​នោះ​បាន​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​លោក​យ៉ាង​ខ្ជះ‌ខ្ជាយ។ សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ខុស​ត្រូវ​មក​ប្រាប់​ថា “ចូរ​គិត​បញ្ជី​យក​មក​ឲ្យ​ខ្ញុំ អ្នក​មិន​អាច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ខ្ញុំ​ត​ទៅ​ទៀត​ឡើយ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​អ្នក មិន​ល្អ​សោះ”។ អ្នក​បម្រើ​នោះ​រិះគិត​ក្នុង​ចិត្ត​ថា “ចៅហ្វាយ​លែង​ឲ្យ​អញ​ទទួល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​លោក​ទៀត​ហើយ។ តើ​អញ​គិត​ទៅ​ធ្វើ​ការ​អ្វី​វិញ​ហ្ន៎? អញ​គ្មាន​កម្លាំង​នឹង​កាប់​គាស់​ដី​ទេ បើ​ដើរ​សុំ​ទាន​ខ្មាស​គេ។ អូ៎! នឹក​ឃើញ​ហើយ គួរ​ធ្វើ​យ៉ាង​នេះ ដើម្បី​អ្នក​ស្រុក​ទទួល​អញ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ នៅ​ពេល​អញ​ឈប់​កាន់​កាប់​ការ‌ងារ​នេះ”។ គាត់​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទី​មួយ​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?”។ កូន​បំណុល​នោះ​ឆ្លើយ​ថា “ប្រេង​មួយ​រយ​ប៉ោត”។ អ្នក​បម្រើ​ប្រាប់​ថា “នេះ​នែ៎! យក​បញ្ជី​របស់​អ្នក ហើយ​អង្គុយ​ចុះ សរសេរ​យ៉ាង​ប្រញាប់​ដាក់​ថា ជំពាក់​ហា‌សិប​ប៉ោត”។ បន្ទាប់​មក គាត់​សួរ​ម្នាក់​ទៀត​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?”។ កូន​បំណុល​នោះ​ឆ្លើយ​ថា “ស្រូវ​ប្រាំ​រយ​ថាំង”។ អ្នក​បម្រើ​ប្រាប់​ថា “នែ៎! យក​បញ្ជី​របស់​អ្នក ហើយ​សរសេរ​ដាក់​ថា ជំពាក់​បួន​រយ​ថាំង”។ ម្ចាស់​ក៏​សរសើរ​អ្នក​បម្រើ​ដែល​ប៉ិន‌ប្រសប់​បោក​បញ្ឆោត។ មនុស្ស​ក្នុង​លោក​នេះ​តែងតែ​ប៉ិន‌ប្រសប់​រក​ស៊ី​ជា​មួយ​គ្នា ជាង​អស់​អ្នក​ដែល​ស្គាល់​ពន្លឺ​របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​យក​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះ​ទៅ​ធ្វើ​ទាន ដើម្បី​ឲ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន។ ពេល​ណា​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ​មិត្ត‌ភក្ដិ​ទាំង​នោះ​នឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើ‌ប្រាស់​ទ្រព្យ‌សម្បត្តិ​លោកីយ៍ ដែល​បញ្ឆោត​ចិត្ត​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ‌សម្បត្តិ​អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រទាន​ទ្រព្យ‌សម្បត្តិ​ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន! គ្មាន​អ្នក​ណា​អាច​បម្រើ​ម្ចាស់​ពីរ​នាក់​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​ម្នាក់​ស្រឡាញ់​ម្នាក់ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង គោរព​បម្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ផង​ឡើយ»។ កាល​ពួក​ខាង​គណៈ‌ផារីស៊ី*​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សម្តែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។ គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​លោក​យ៉ូហាន‌បាទីស្ដ​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។ ផ្ទៃ​មេឃ​ផែនដី​នឹង​រលាយ​សូន្យ​ទៅ តែ​ក្រឹត្យ‌វិន័យ​មិន​រលាយ​ឡើយ សូម្បី​តែ​តួ​អក្សរ​មួយ​ដ៏​តូច​ក៏​មិន​រលាយ​បាត់​ផង។ បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃៗ។ គាត់​រស់​នៅ​ដោយ​សប្បាយ មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​បរិបូណ៌​រាល់​ថ្ងៃ។ មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។ បុរស​ឡាសារ​ចង់​បរិភោគ​កម្ទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។ ថ្ងៃ​មួយ អ្នក​ក្រ​នោះ​ស្លាប់​ទៅ ពួក​ទេវតា*​នាំ​គាត់​យក​ទៅ​ដាក់​ក្បែរ​លោក​អប្រាហាំ នៅ​ស្ថាន​បរម‌សុខ។ រីឯ​អ្នក​មាន​ក៏​ស្លាប់​ដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ នៅ​ស្ថាន​មនុស្ស​ស្លាប់ អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ ឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឃើញ​បុរស​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។ គាត់​ស្រែក​អង្វរ​លោក​អប្រាហាំ​ថា “លោក​ឪពុក​អើយ! សូម​អាណិត​មេត្តា​ខ្ញុំ​ផង។ សូម​លោក​ឪពុក​ប្រាប់​ឡាសារ​ឲ្យ​យក​ម្រាម​ដៃ​ជ្រលក់​ទឹក បន្ដក់​លើ​អណ្ដាត​ខ្ញុំ​បន្ដិច ព្រោះ​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់”។ លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ត​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។ ម្យ៉ាង​ទៀត មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​អ្នក​រាល់​គ្នា ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​ស្ថាន​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​អ្នក​រាល់​គ្នា​មក​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ”។ អ្នក​មាន​នោះ​អង្វរ​ថា “លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្តា​ចាត់​ឡាសារ​ឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។ លោក​អប្រាហាំ​ឆ្លើយ​ថា “បងប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ព្យាការី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។ អ្នក​មាន​តប​ទៅ​លោក​អប្រាហាំ​ថា “ទេ! លោក​ឪពុក ទាល់​តែ​មាន​អ្នក​ណា​ម្នាក់​ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​កែ​ប្រែ​ចិត្ត​គំនិត”។ ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។

ចែក​រំលែក
អាន លូកា 16

លូកា 16:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​លោក​ថា គាត់​ចាយ​បង្ហិន​បង្ហោច​ទ្រព្យ​សម្បត្តិ​លោក​ជា​ច្រើន លោក​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា តើ​រឿង​អ្វី​ដែល​អញ​ឮ​និយាយ​ពី​ឯង ចូរ​រៀប​រាប់​ប្រាប់​ពី​ការ​ឯង​ត្រួត‌ត្រា​នោះ​មក​មើល ពី​ព្រោះ​ឯង​នៅ​ត្រួត‌ត្រា​ការ​ទៀត​ពុំ​បាន​ទេ អ្នក​ដំរួត​នោះ​គិត​ក្នុង​ចិត្ត​ថា តើ​អញ​នឹង​ធ្វើ​អ្វី ដ្បិត​ចៅហ្វាយ​អញ​គិត​ដក​ការ​ត្រួត‌ត្រា​នេះ​ពី​អញ​ចេញ​ហើយ អញ​ទៅ​កាប់​ដី​មិន​កើត​ទេ នឹង​ទៅ​សូម​ទាន ក៏​ខ្មាស​គេ​ដែរ អញ​ដឹង​ការ​ដែល​អញ​នឹង​ធ្វើ​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​អញ ពី​ការ​ត្រួត‌ត្រា​ចេញ នោះ​នឹង​មាន​គេ​ទទួល​អញ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​មក គាត់​សួរ​អ្នក​ដែល​មក​មុន​ថា តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ប្រេង​១​រយ​ប៉ោត រួច​គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​អង្គុយ​សរសេរ​ដាក់​៥០​វិញ ជា​ប្រញាប់​ទៅ រួច​គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា ឯ​អ្នក តើ​ជំពាក់​ប៉ុន្មាន អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ស្រូវ​១​រយ​ហាប គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​៨០​វិញ​ទៅ ចៅហ្វាយ​ក៏​សរសើរ​អ្នក​ត្រួត‌ត្រា​ទុច្ចរិត​នោះ ពី​ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវ‌ឆ្លាត ដ្បិត​មនុស្ស​របស់​ផង​លោកីយ​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ផង​ពន្លឺ​ទៅ​ទៀត ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្តិ​លោកីយ​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិត‌ស្ថេរ​អស់​‌កល្ប​ជានិច្ច​វិញ អ្នក​ណា​ដែល​ស្មោះ‌ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ‌ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់ ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​លោកីយ​ទេ តើ​អ្នក​ណា​ហ៊ាន​ផ្ញើ​សម្បត្តិ​ដ៏​ពិត ទុក​នឹង​អ្នក​រាល់​គ្នា​បាន ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​នឹង​របស់​គេ​ទេ តើ​អ្នក​ណា​នឹង​ហ៊ាន​ឲ្យ​របស់​អ្វី​ដាច់​ជា​របស់​ផង​អ្នក​បាន គ្មាន​បាវ​ណា​ដែល​បំរើ​ចៅហ្វាយ​២​បាន​ទេ ពី​ព្រោះ​បាវ​នោះ​នឹង​ស្អប់​១ ស្រឡាញ់​១ ឬ​នឹង​កាន់​ខាង​១ ហើយ​មើល‌ងាយ​១ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​បំរើ​ព្រះ​ផង ទ្រព្យ​សម្បត្តិ​ផង​ពុំ​បាន​ដែរ។ ឯ​ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ គេ​ក៏​បាន​ស្តាប់​គ្រប់​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សំដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ‌ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ មាន​ក្រិត្យ‌វិន័យ នឹង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទួទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល ប៉ុន្តែ​ដែល​ផ្ទៃ​មេឃ នឹង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​១ ក្នុង​ក្រិត្យ‌វិន័យ​ទៅ​ទៀត។ អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្ដី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។ មាន​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន គាត់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ នឹង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត តែង‌តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ ក៏​មាន​បុរស​ក្រ​ម្នាក់ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ទាំង​ខ្លួន គេ​នាំ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ គាត់​មាន​ប្រាថ្នា​ចង់​ចំអែត​ពោះ ដោយ​ចំណិត​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​មក​ណាស់ ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ដែរ ចំណេរ​ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​នាំ​យក​គាត់ ទៅ​ដាក់​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រាហាំ ឯ​អ្នក​មាន​នោះ ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​នាំ​យក​ទៅ​កប់ គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំងាយ នឹង​ឡាសារ​នៅ​ដើម​ទ្រូង​លោក នោះ​គាត់​ស្រែក​ឡើង​ថា ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្ដី​ល្អ ឯ​ឡាសារ​គាត់​បាន​តែ​សេចក្ដី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្ដី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​នឹង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា​ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ គាត់​ក៏​និយាយ​ថា លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់ សូម​ឲ្យ​គាត់​ទៅ​ធ្វើ​បន្ទាល់​ប្រាប់​គេ​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ លោក​អ័ប្រាហាំ​ឆ្លើយ​ថា គេ​មាន​លោក​ម៉ូសេ នឹង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ តែ​គាត់​ប្រកែក​ថា ទេ លោក​អ័ប្រាហាំ ឪពុក​អើយ បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ឯ​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន លោក​ឆ្លើយ​ទៅ​ថា បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ នឹង​ពួក​ហោរា​ទេ នោះ​ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ គង់​តែ​គេ​មិន​ព្រម​ជឿ​ដែរ។

ចែក​រំលែក
អាន លូកា 16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ