លូកា 15:17-20
លូកា 15:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។ លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។
លូកា 15:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលគាត់ភ្ញាក់ដឹងខ្លួន នោះក៏គិតថា "អ្នកបម្រើដែលស៊ីឈ្នួលរបស់ឪពុកខ្ញុំទាំងប៉ុន្មាន សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ ខ្ញុំជិតដាច់ពោះស្លាប់ហើយ។ ខ្ញុំនឹងក្រោកឡើង ទៅនិយាយជាមួយគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ និងចំពោះលោកឪពុក ខ្ញុំនេះមិនសមឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាអ្នកបម្រើស៊ីឈ្នួលរបស់លោកឪពុកចុះ"។ ដូច្នេះ គាត់ក៏ក្រោកឡើង ហើយទៅរកឪពុកវិញ។ កាលឪពុកឃើញពីចម្ងាយ គាត់ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូន។
លូកា 15:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលវាភ្ញាក់ដឹងខ្លួន នោះក៏គិតថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា