លូកា 14:25-33

លូកា 14:25-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មហា‌ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ‌យេស៊ូ។ ព្រះអង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុក‌ម្ដាយ ប្រពន្ធ កូន បងប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ឡើយ។ អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិត‌គូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្ស‌ម្នា​ឃើញ​មុខ​ជា​សើច​ចំអក​ឲ្យ​មិន​ខាន។ គេ​នឹង​ពោល​ថា “មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ!”។ ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ស្ដេច​ត្រូវ​គង់​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្ដេច​មាន​ទ័ព​មួយ​ម៉ឺន​នាក់ តើ​ស្ដេច​អាច​តទល់​នឹង​បច្ចា‌មិត្ត​ដែល​មាន​គ្នា​ពីរ​ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា បើ​ឃើញ​ថា​មិន​អាច​តទល់​ទេ នោះ​ស្ដេច​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្តិ‌ភាព ក្នុង​ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ‌បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស*​របស់​ខ្ញុំ​ឡើយ»។

ចែក​រំលែក
អាន លូកា 14

លូកា 14:25-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​មនុស្ស​សន្ធឹក​ណាស់ ដើរ​ទៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ទ្រង់​បែរ​ទៅ​មាន​បន្ទូល​នឹង​គេ​ថា បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្តាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី នឹង​ជីវិត​ខ្លួន​ឯង​ផង អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ ហើយ​អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ នោះ​ក៏​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ដែរ ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ‌លក​មើល​ជា​មុន​ទេ​ឬ​អី ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន ក្រែង​កាល​ណា​ដាក់​ជើង​ជញ្ជាំង រួច​បង្ហើយ​មិន​បាន នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ក៏​នឹង​សើច​ចំអក​ឲ្យ ដោយ​ពាក្យ​ថា អ្នក​នេះ​បាន​ចាប់​ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​១​ទៀត ឥត​អង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ខ្លួន​នាំ​ពល​១​ម៉ឺន ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​២​ម៉ឺន មក​ច្បាំង​បាន​ឬ​មិន​បាន បើ​ឃើញ​ថា​មិន​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជ​ទូត ឲ្យ​ទៅ​សើុប​សួរ​ពី​កិច្ច ដែល​ចង​ស្ពាន​មេត្រី​នឹង​គ្នា​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ស្តេច​នោះ​នៅ​ឆ្ងាយ​នៅ​ឡើយ ដូច្នេះ អស់​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ

ចែក​រំលែក
អាន លូកា 14

លូកា 14:25-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថ្ងៃ​មួយ មាន​មហា‌ជន​ច្រើន​កុះករ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បែរ​ព្រះភក្ត្រ​ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​មក​តាម​ខ្ញុំ ហើយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក‌ម្តាយ ប្រពន្ធ​កូន បង‌ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។ អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាងរបស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ។ ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ‌លក​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ថា​ខ្លួន​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន ឬ​មិន​បាន? ពុំ​នោះ​ទេ ពេល​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន អស់​អ្នក​ណា​ដែល​ឃើញ​គេ​នឹង​សើច​ចំអក ដោយ​ពាក្យ​ថា "អ្នក​នេះ​បាន​ចាប់​ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន"។ ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​មួយ​ទៀត ឥតអង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា ខ្លួនអាច​នាំ​ពល​មួយ​ម៉ឺន​ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​ពីរ​ម៉ឺនមក​ច្បាំង បាន​ឬ​មិន​បាន​នោះ? ប្រសិន‌បើ​ឃើញ​ថា​មិន​អាច​តទល់​បាន នោះ​ទ្រង់​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចង​ស្ពាន​មេត្រី​នឹង​គ្នា ក្នុង​កាល​ដែល​ស្តេចមួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ ដូច្នេះ ក្នុងចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ​បង់​អ្វីៗទាំង​អស់​ដែល​ខ្លួន​មាន​ទេ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ»។

ចែក​រំលែក
អាន លូកា 14