លូកា 14:25-33

លូកា 14:25-33 គកស១៦

ថ្ងៃ​មួយ មាន​មហា‌ជន​ច្រើន​កុះករ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បែរ​ព្រះភក្ត្រ​ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​មក​តាម​ខ្ញុំ ហើយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក‌ម្តាយ ប្រពន្ធ​កូន បង‌ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។ អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាងរបស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ។ ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ‌លក​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ថា​ខ្លួន​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន ឬ​មិន​បាន? ពុំ​នោះ​ទេ ពេល​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន អស់​អ្នក​ណា​ដែល​ឃើញ​គេ​នឹង​សើច​ចំអក ដោយ​ពាក្យ​ថា "អ្នក​នេះ​បាន​ចាប់​ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន"។ ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​មួយ​ទៀត ឥតអង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា ខ្លួនអាច​នាំ​ពល​មួយ​ម៉ឺន​ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​ពីរ​ម៉ឺនមក​ច្បាំង បាន​ឬ​មិន​បាន​នោះ? ប្រសិន‌បើ​ឃើញ​ថា​មិន​អាច​តទល់​បាន នោះ​ទ្រង់​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចង​ស្ពាន​មេត្រី​នឹង​គ្នា ក្នុង​កាល​ដែល​ស្តេចមួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ ដូច្នេះ ក្នុងចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ​បង់​អ្វីៗទាំង​អស់​ដែល​ខ្លួន​មាន​ទេ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ»។

អាន លូកា 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 14:25-33