លូកា 12:22-40
លូកា 12:22-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ។ ឯជីវិត នោះវិសេសជាងចំណីអាហារ ហើយរូបកាយ ក៏វិសេសជាងសម្លៀកបំពាក់ដែរ។ ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត? តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា អាចនឹងបន្ថែមកម្ពស់ខ្លួនឡើងមួយហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ? ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ ចុះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀត? ចូរពិចារណាពីផ្កាឈូក ដែលវាដុះ តើមានសភាពដូចម្តេច? វាមិនដែលនឿយហត់នឹងធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន ក្នុងគ្រាដែលទ្រង់មានគ្រប់ទាំងសេចក្តីរុងរឿង នោះមិនបានតែងអង្គដូចជាផ្កាមួយនោះផង។ ប្រសិនបើព្រះតុបតែងតិណជាតិដែលដុះនៅវាល ដែលរស់នៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងជើងក្រានយ៉ាងនោះទៅហើយ តើព្រះអង្គនឹងបំពាក់ឲ្យអ្នករាល់គ្នា លើសជាងអម្បាលម៉ានទៅទៀត? ឱមនុស្សមានជំនឿតិចអើយ! កុំស្វែងរកតែគ្រឿងសម្រាប់បរិភោគ ហើយកុំថប់បារម្ភឡើយ។ ដ្បិតអស់ទាំងសាសន៍ដទៃនៅលើពិភពលោកនេះ តែងស្វែងរករបស់ទាំងនោះ ឯអ្នករាល់គ្នាវិញ ព្រះវរបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការរបស់ទាំងនោះ។ ចូរខំស្វែងរកព្រះរាជ្យរបស់ព្រះវិញ ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ «កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។ ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា ចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះដែរ»។ «ចូរប្រុងប្រៀបខ្លួន ហើយឲ្យចង្កៀងរបស់អ្នកនៅឆេះជានិច្ច។ ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្សដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារ នោះគេបានបើកទ្វាឲ្យលោកភ្លាម។ ពួកបាវបម្រើដែលចៅហ្វាយមកដល់ ហើយឃើញថាកំពុងតែនៅរង់ចាំលោក អ្នកបម្រើនោះមានពរហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុ ហើយលោកនឹងក្រវាត់ចង្កេះ មកបម្រើគេវិញ។ បើលោកមកដល់ក្នុងយាមទីពីរ ឬយាមទីបី ហើយឃើញគេនៅរង់ចាំដូច្នេះ បាវបម្រើនោះមានពរហើយ។ តែត្រូវដឹងសេចក្តីនេះថា បើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅវេលាណា នោះគាត់នឹងចាំយាម មិនឲ្យចោរទម្លុះផ្ទះបានឡើយ។ ដូច្នេះ ចូរអ្នករាល់គ្នាបម្រុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។
លូកា 12:22-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងឡើយ សូម្បីតែបន្តិចក៏មិនបានដែរ។ ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។ ចូរគិតមើល ផ្កាដុះឡើងយ៉ាងណា វាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលស្ដេចមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរខំស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។ «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ។ ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ* ជាស្ថានដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។ «ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ចូរប្រព្រឹត្តឲ្យបានដូចពួកអ្នកបម្រើ ដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឲ្យវាចូលមកក្នុងផ្ទះគាត់ឡើយ។ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្ស*នឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
លូកា 12:22-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលទៅពួកសិស្សថា ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត នោះវិសេសជាងអាហារចំណី ហើយរូបកាយ ក៏វិសេសជាងស្លៀកបំពាក់ដែរ ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំងគ្មានជង្រុកអ្វីផង តែព្រះទ្រង់ចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានដំឡៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា អាចនឹងបន្ថែមកំពស់ខ្លួនឡើង១ហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ នោះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀតធ្វើអី ចូរពិចារណាពីផ្កាឈូកដែរ ដែលវាដុះ តើមានសភាពដូចម្តេច វាមិនដែលនឿយធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្ដីរុងរឿងរបស់ទ្រង់ នោះមិនបានតែងអង្គដូចជាផ្កា១នោះផង ឯតិណជាតិដែលដុះឡើងដូច្នេះ ហើយថ្ងៃនេះមាន តែថ្ងៃស្អែកត្រូវបោះទៅក្នុងជើងក្រាន នោះបើព្រះទ្រង់តុបតែងវាយ៉ាងដូច្នោះ ឱមនុស្សមានជំនឿតិចអើយ តើទ្រង់នឹងបំពាក់ឲ្យអ្នករាល់គ្នា លើសជាងអម្បាលម៉ានទៅទៀត កុំឲ្យស្វែងរកតែគ្រឿងសំរាប់បរិភោគ ហើយកុំថប់បារម្ភឡើយ ដ្បិតអស់ទាំងសាសន៍ដទៃនៅលោកីយនេះ តែងស្វែងរករបស់ទាំងនោះ ឯអ្នករាល់គ្នាវិញ នោះព្រះវរបិតានៃអ្នកទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះ ចូរខំស្វែងរកនគរព្រះវិញ នោះគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាផង កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យនឹងប្រទាននគរមកអ្នករាល់គ្នាពិត ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់សំរាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ដែលជាស្ថានគ្មានចោរចូលទៅជិតឡើយ ហើយកន្លាតក៏មិនកាត់បំផ្លាញដែរ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះឯង។ ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើកឲ្យជា១រំពេច បើកាលណាចៅហ្វាយមកដល់ ឃើញពួកបាវកំពុងតែចាំយាមដូច្នោះ នោះគេមានពរណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុ ហើយលោកនឹងក្រវាត់ខ្លួនលោក មកបំរើគេវិញ បើលោកមកដល់ក្នុងយាមទី២ ឬយាមទី៣ ហើយឃើញពួកបាវនៅចាំយាមដូច្នោះដដែល នោះគេមានពរហើយ តែត្រូវដឹងសេចក្ដីនេះថា បើម្ចាស់ផ្ទះដឹងជាចោរនឹងមកនៅវេលាថ្មើរម៉ាន នោះគាត់នឹងចាំយាម មិនឲ្យចោរទំលុះផ្ទះបានទេ ដូច្នេះ ចូរអ្នករាល់គ្នាបំរុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។