លូកា 12:15-21

លូកា 12:15-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ថា៖ «មាន​បុរស​ម្នាក់​ជា​សេដ្ឋី ដី​ធ្លី​របស់​គាត់​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូណ៌។ គាត់​រិះគិត​ក្នុង​ចិត្ត​ថា “ខ្ញុំ​គ្មាន​កន្លែង​ដាក់​ភោគ​ផល​ទាំង​អស់​របស់​ខ្ញុំ​ទេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ គាត់​គិត​ទៀត​ថា “ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​នេះ គឺ​រុះ​ជង្រុក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុក​ឲ្យ​ធំៗ​ជាង រួច​ខ្ញុំ​ប្រមូល​ស្រូវ ព្រម​ទាំង​ភោគ​ផល​ទាំង​អស់​មក​ដាក់​ក្នុង​ជង្រុក​ថ្មី​នោះ។ បន្ទាប់​មក ខ្ញុំ​នឹង​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ថា ឱ​ខ្ញុំ​អើយ! មាន​សម្បត្តិ​យ៉ាង​ច្រើន​បរិបូណ៌ បម្រុង​ទុក​ចិញ្ចឹម​ជីវិត​សម្រាប់​ច្រើន​ឆ្នាំ ខ្ញុំ​ត្រូវ​សម្រាក គិត​តែ​ស៊ី​ផឹក​សប្បាយ​ទៅ!”។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សម្រាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។ អ្នក​ណា​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក​សម្រាប់​តែ​ខ្លួន​ឯង ហើយ​គ្មាន​សម្បត្តិ​សួគ៌​នៅ​ក្នុង​ខ្លួន អ្នក​នោះ​ប្រៀប​បី​ដូច​ជា​សេដ្ឋី​នោះ​ដែរ»។

ចែក​រំលែក
អាន លូកា 12

លូកា 12:15-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ​ថា៖ «មាន​ស្រែ​ចម្ការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចម្រើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ​គិត​ក្នុង​ចិត្ត​ថា "តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច? ដ្បិត​ខ្ញុំ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​ខ្ញុំ​ទាំង​នេះ​ទេ"។ គាត់​ក៏​គិត​ថា "ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំចេញ ហើយ​ពង្រីក​ឲ្យ​ធំ​ជាងមុន រួច​ប្រមូល​ផល និង​ទ្រព្យ​សម្បត្តិ​ទៅ​ទុក​នៅ​ទី​នោះ"។ រួច​ខ្ញុំ​នឹង​ប្រាប់​ដល់​ចិត្ត​ថា "ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សម្រាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ"។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា "ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?" អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បម្រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។

ចែក​រំលែក
អាន លូកា 12

លូកា 12:15-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ទ្រង់​មាន​បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ ទ្រង់​ក៏​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចំរើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ‌គិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យ​សម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ប៉ុន្តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ។

ចែក​រំលែក
អាន លូកា 12