លូកា 11:14-32
លូកា 11:14-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ព្រះអង្គកំពុងតែដេញអារក្សគពីមនុស្សម្នាក់ ពេលវាបានចេញទៅបាត់ហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ តែខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ»។ អ្នកខ្លះទៀតល្បងព្រះអង្គ ដោយសូមទីសម្គាល់មួយមកពីលើមេឃ។ ព្រះយេស៊ូវជ្រាបពីគំនិតគេ ក៏មានព្រះបន្ទូលថា៖ «អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នគរនោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង ផ្ទះនោះនឹងត្រូវរលំទៅជាមិនខាន។ ប្រសិនបើសាតាំងបែកបាក់ទាស់ទែងគ្នាឯង ធ្វើដូចម្តេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន? ដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែននោះ តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្នកណាវិញ? ដូច្នេះ កូនអ្នករាល់គ្នានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយ។ ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះ នោះព្រះរាជ្យរបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។ កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិរបស់គាត់នឹងបានគង់វង់នៅ ប៉ុន្តែ បើអ្នកណាខ្លាំងជាង មកវាយឈ្នះគាត់កាលណា នោះគេដណ្តើមយកអស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះ រួចប្លន់យកជ័យភណ្ឌទៅចែកគ្នាហើយ។ អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកម្ចាត់កម្ចាយវិញ»។ «កាលណាអារក្សអសោចិ៍បានចេញពីមនុស្សណា នោះវាដើរកាត់កន្លែងហួតហែង ទៅរកទីឈប់សម្រាក តែដោយរកមិនបានសោះ នោះវាគិតថា "អញនឹងត្រឡប់ទៅឯផ្ទះអញ ដែលទើបចេញមកនោះវិញ"។ ពេលណាវាមកដល់ ឃើញផ្ទះបោសស្អាត ហើយបានតុបតែងយ៉ាងល្អ នោះវាក៏ចេញទៅនាំយកអារក្សប្រាំពីរទៀត ដែលកាចៗជាងវា ចូលទៅនៅទីនោះផង ហើយសណ្ឋានក្រោយរបស់មនុស្សនោះក៏រឹតតែអាក្រក់ជាងមុនទៅទៀត»។ កាលព្រះអង្គកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់ស្រែកឡើងពីក្នុងហ្វូងមនុស្សថា៖ «មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ»។ តែព្រះអង្គមានព្រះបន្ទូលតបថា៖ «ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាម»។ ពេលនោះ មហាជនប្រជុំគ្នាកាន់តែច្រើនឡើងៗ ហើយព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេរកតែទីសម្គាល់ទេ តែគ្មានទីសម្គាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ។ ដ្បិតលោកយ៉ូណាសជាទីសម្គាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា កូនមនុស្សក៏នឹងបានជាទីសម្គាល់ដល់មនុស្សជំនាន់នេះយ៉ាងដូច្នោះដែរ។ នៅថ្ងៃជំនុំជម្រះ មហាក្សត្រិយ៍ស្រុកខាងត្បូង នឹងឈរឡើងជំនុំជម្រះមនុស្សជំនាន់នេះ ហើយកាត់ទោសគេ ព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីស្តាប់ប្រាជ្ញាព្រះបាទសាឡូម៉ូន ហើយមើល៍ នៅទីនេះមានអ្វីមួយវិសេសលើសជាងព្រះបាទសាឡូម៉ូនទៅទៀត។ នៅថ្ងៃជំនុំជម្រះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជម្រះមនុស្សជំនាន់នេះ ហើយកាត់ទោសគេដែរ ព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើល៍! នៅទីនេះមានមួយអង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត»។
លូកា 11:14-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូកំពុងបណ្ដេញអារក្សចេញពីមនុស្ស គម្នាក់។ លុះអារក្សចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចអារក្សបានប្រគល់អំណាចឲ្យគាត់»។ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាចមកពីព្រះជាម្ចាស់។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។ យ៉ាងណាមិញ ប្រសិនបើមារសាតាំង*បាក់បែកទាស់ទែងគ្នាឯង ធ្វើម្ដេចនឹងឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា ខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្សដោយអំណាចនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំដេញអារក្ស ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាងមកវាយយកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឲ្យអ្នកផ្សេងថែមទៀតផង។ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ កាលបើអារក្សចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ នោះវាមុខជានិយាយថា “អញនឹងវិលត្រឡប់ទៅផ្ទះដែលអញទើបនឹងចេញមក”។ លុះទៅដល់ ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អ វានឹងចេញទៅបបួលអារក្សប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គល*មែន!»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។ ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់ឃើញតែទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។ លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។
លូកា 11:14-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្ដីអស្ចារ្យ តែខ្លះនិយាយថា អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ អ្នកខ្លះទៀតល្បងទ្រង់ ដោយសូមទីសំគាល់១មកពីលើមេឃ តែទ្រង់ជ្រាបគំនិតគេ ក៏មានបន្ទូលថា អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង នោះនឹងត្រូវរលំទៅជាមិនខាន បើសាតាំងបែកទាស់គ្នាវាហើយ នោះធ្វើដូចម្តេចឲ្យនគរវានៅស្ថិតស្ថេរបាន នេះព្រោះដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល បើសិនជាខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែន នោះតើកូនចៅអ្នករាល់គ្នាដេញវា ដោយសារអ្វីវិញ ដូច្នេះ វារាល់គ្នានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជានគរព្រះបានមកដល់អ្នករាល់គ្នាហើយ កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិក៏បានគង់វង់នៅ តែបើមានមនុស្សខ្លាំងជាង មកបង្គ្របឲ្យឈ្នះគាត់កាលណា នោះក៏ដណ្តើមយកអស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះចេញ រួចប្លន់យករបឹបទៅចែកគ្នាវិញ អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកំចាត់កំចាយវិញ កាលណាអារក្សអសោចិ៍បានចេញពីមនុស្សណា នោះវាដើរកាត់កន្លែងហួតហែង ទៅរកទីឈប់សំរាក តែដោយរកមិនបានសោះ បានជាវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញវិញ ដែលទើបនឹងចេញមកនោះ រួចកាលណាវាមកដល់ ឃើញផ្ទះបោសស្អាត ហើយបានតុបតែងយ៉ាងល្អ នោះវាក៏ចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា ចូលទៅនៅទីនោះផង ហើយសណ្ឋានក្រោយរបស់មនុស្សនោះក៏រឹងរឹតតែអាក្រក់ជាងមុនទៅទៀត។ កាលទ្រង់កំពុងតែមានបន្ទូលសេចក្ដីទាំងនេះនៅឡើយ នោះមានស្ត្រីម្នាក់ស្រែកឡើង ពីក្នុងហ្វូងមនុស្សថា មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ តែទ្រង់មានបន្ទូលតបថា ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយកាន់តាម។ កាលណោះ មានមនុស្សប្រជុំគ្នាតាន់តាប់ជាខ្លាំង ហើយទ្រង់ចាប់តាំងមានបន្ទូលថា មនុស្សដំណនេះអាក្រក់ណាស់ គេរកតែទីសំគាល់ទេ តែគ្មានទីសំគាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសំគាល់នៃហោរាយ៉ូណាសឡើយ ពីព្រោះ ដូចជាលោកយ៉ូណាសជាទីសំគាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា នោះកូនមនុស្សក៏នឹងបានជាទីសំគាល់ ដល់មនុស្សដំណនេះយ៉ាងដូច្នោះដែរ នៅថ្ងៃជំនុំជំរះ មហាក្សត្រីស្រុកខាងត្បូង នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះហ្លួងសាឡូម៉ូន ហើយមើល នៅទីនេះមាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត នៅថ្ងៃជំនុំជំរះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើល នៅទីនេះមាន១អង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត។