លូកា 11:1-54

លូកា 11:1-54 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​បាន​អធិស្ឋាន​នៅ​កន្លែង​មួយ ហើយ​ក្រោយ​ពី​ព្រះ‌អង្គ​អធិស្ឋាន​ចប់ សិស្ស​របស់​ព្រះ‌អង្គ​ម្នាក់​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ផង»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា ឱ​ព្រះ‌វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាមព្រះ‌អង្គ​បាន​បរិសុទ្ធ សូម​ឲ្យព្រះ​រាជ្យរបស់​ព្រះ‌អង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ។ សូម​អត់​ទោស​អំពើ​បាប​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ [តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ]»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្ត​សម្លាញ់​ម្នាក់ ហើយ​ទៅ​រក​អ្នក​នោះ​ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា "សម្លាញ់​អើយ សូម​ឲ្យ​ខ្ញុំ​ខ្ចី​នំបុ័ង​បី​ដុំ​សិន ដ្បិត​មាន​សម្លាញ់​ខ្ញុំ​ម្នាក់ ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​គ្មាន​អ្វី​ទទួល​គេ​សោះ"។ អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា "កុំ​មក​រំខាន​ចិត្ត​ខ្ញុំ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​ខ្ញុំ​ក៏​ដេក​លើ​គ្រែ​ជា​មួយ​ខ្ញុំ​ដែរ ខ្ញុំ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ"។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សម្លាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជា‌និច្ច។ ដូច្នេះ បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។ ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​កូន ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ? បើ​កូន​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យាដំរី​ឬ? បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​ដែល​គង់​ស្ថាន‌សួគ៌ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត»?។ គ្រា​នោះ ព្រះ‌អង្គ​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ ពេ​ល​វា​បាន​ចេញ​ទៅ​បាត់​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មហា‌ជន​មាន​សេចក្តី​អស្ចារ្យ តែ​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេលសេ‌ប៊ូល ជា​មេ​អារក្ស​ទេ»។ អ្នក​ខ្លះ​ទៀត​ល្បង​ព្រះ‌អង្គ ដោយ​សូម​ទី​សម្គាល់​មួយ​មក​ពី​លើ​មេឃ។ ព្រះ‌យេស៊ូវ​ជ្រាប​ពី​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​ទាំង​នគរ​ណា​ដែល​បែក​ខ្ញែក​ទាស់​តែ​គ្នា​ឯង នគរ​នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​ទាស់​ទែង​គ្នា​ឯង ផ្ទះ​នោះ​នឹង​ត្រូវ​រលំ​ទៅ​ជា​មិន​ខាន។ ប្រសិន‌បើ​សាតាំង​បែក​បាក់​ទាស់​ទែង​គ្នា​ឯង ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត​ស្ថេរ​បាន? ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេលសេ‌ប៊ូល។ ប្រសិន‌បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេលសេ‌ប៊ូល​មែន​នោះ តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារអ្នក​ណា​វិញ? ដូច្នេះ កូន​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា​ហើយ។ ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ នោះ​ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ​សម្បត្តិ​របស់​គាត់​នឹង​បាន​គង់​វង់​នៅ ប៉ុន្តែ បើ​អ្នក​ណា​ខ្លាំង​ជាង មក​វាយ​ឈ្នះ​គាត់​កាល​ណា នោះ​គេ​ដណ្តើម​យក​អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ រួច​ប្លន់​យក​ជ័យ‌ភណ្ឌ​ទៅ​ចែក​គ្នា​ហើយ។ អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កម្ចាត់​កម្ចាយ​វិញ»។ «កាល​ណា​អារក្ស‌អសោចិ៍​បាន​ចេញ​ពី​មនុស្ស​ណា នោះ​វា​ដើរ​កាត់​កន្លែង​ហួត‌ហែង ទៅ​រក​ទី​ឈប់​សម្រាក តែ​ដោយ​រក​មិន​បាន​សោះ នោះ​វា​គិត​ថា "អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ទើប​ចេញ​មក​នោះ​វិញ"។ ពេល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុប‌តែង​យ៉ាង​ល្អ នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​ប្រាំ​ពីរ​ទៀត ដែល​កាចៗ​ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹត​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ហ្វូង​មនុស្ស​ថា៖ «មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ»។ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្តតាម»។ ពេល​នោះ មហា‌ជន​ប្រជុំ​គ្នា​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សម្គាល់​ទេ តែ​គ្មាន​ទី​សម្គាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ។ ដ្បិត​លោក​យ៉ូណាស​ជា​ទី​សម្គាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សម្គាល់​ដល់​មនុស្ស​ជំនាន់​នេះ​យ៉ាង​ដូច្នោះ​ដែរ។ នៅ​ថ្ងៃ​ជំនុំ‌ជម្រះ មហា‌ក្សត្រិយ៍​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ‌ជម្រះ​មនុស្ស​ជំនាន់​នេះ ហើយ​កាត់​ទោសគេ ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​ស្តាប់​ប្រាជ្ញា​ព្រះបាទ​សាឡូម៉ូន ហើយ​មើល៍ នៅ​ទី​នេះ​មាន​អ្វី​មួយ​វិសេស​លើស​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត។ នៅ​ថ្ងៃ​ជំនុំ‌ជម្រះ មនុស្ស​នៅ​ក្រុង​នីនីវេ នឹង​ឈរ​ឡើង​ជំនុំ‌ជម្រះ​មនុស្ស​ជំនាន់​នេះ ហើយ​កាត់​ទោស​គេ​ដែរ ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយ‌សារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល៍! នៅ​ទី​នេះ​មាន​មួយ​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត»។ «គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​នៅ​ទី​កំបាំង ឬ​គ្រប​នឹង​ថាំង​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល បាន​ឃើញ​ពន្លឺ។ ឯ​ចង្កៀង​របស់​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ តែ​កាល​ណា​ភ្នែក​អាក្រក់ នោះ​រូប‌កាយ​អ្នក​នឹង​ងងឹត។ ដូច្នេះ ចូរ​ប្រយ័ត្ន ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត។ ប្រសិន‌បើ​រូប‌កាយ​អ្នក​ទាំង​មូល​បាន​ភ្លឺ ឥត​មាន​ងងឹត​ត្រង់​ណា​សោះ នោះ​នឹង​បាន​ភ្លឺ​ទាំង​អស់ ដូច​កាល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។ កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​ម្នាក់​ក្នុង​ពួក​ផារិស៊ី ទូល​សូម​ព្រះ‌អង្គ​យាង​ទៅ​សោយ​អាហារ​ជា​មួយ​គាត់ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ។ អ្នក​ផារិស៊ី​នោះ​បាន​ឃើញ ក៏​ងឿង​ឆ្ងល់​ដែល​ព្រះ‌អង្គ​មិន​បាន​លាង​ព្រះ‌ហស្ត មុន​នឹង​សោយ។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង អ្នក​រាល់​គ្នា​មាន​ពេញ​ដោយ​ចិត្តលោភ និង​គំនិត​អាក្រក់។ ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ ព្រះ​ដែល​បង្កើត​ខាង​ក្រៅ តើ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ? ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​សម្រាប់​អ្នក​រាល់​គ្នា។ ប៉ុន្តែ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​តែង​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ទាំង​ជីរ​អង្កាម ជីរ​លីងលាក់ និង​បន្លែ​គ្រប់​មុខ តែ​លះ​ចោល​សេចក្តី​យុត្តិធម៌ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ទៅ​វិញ ការ​ទាំង​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​គួរ​តែ​បាន​ប្រព្រឹត្ត ឥត​ចោល​ការ​អ្វី​ផ្សេង​ទៀត​ឡើយ។ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ។ វេទនា​ដល់​អ្នក​រាល់​គ្នា [ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​អ្នក​មាន​ពុត​អើយ] ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ផ្នូរ​ខ្មោច ដែល​មើល​មិន​ឃើញ ហើយ​មនុស្ស​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។ មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឆ្លើយ​ឡើង​ថា៖ «លោក​គ្រូ ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​មាន​ន័យ​ថា​ត្មះ‌តិះ‌ដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​មួយ​ឆ្កឹះ​បន្ទុក​នោះ​ផង។ វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ពួក​ហោរា ដែល​បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​សម្លាប់។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ​ដែល​បុព្វ‌បុរសអ្នក​រាល់​គ្នា​បាន​ធ្វើ​នោះហើយ ដ្បិត​អ្នក​ទាំង​នោះ​បាន​សម្លាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ដែរ។ ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​របស់​ព្រះ​បាន​សម្តែង​ថា "យើង​នឹងចាត់​ពួក​ហោរា និង​ពួក​សាវក​ឲ្យទៅ​រក​គេ គេ​នឹង​សម្លាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ" ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ​តាំង​ពី​កំណើត​ពិភព​លោក​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ជំនាន់​នេះ​វិញ។ គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សម្លាប់ នៅ​ចន្លោះ​អាសនា និងទីបរិសុទ្ធ។ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ជំនាន់​នេះ​វិញ។ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អ្នក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ដឹង​ចេញ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ថែម​ទាំង​រាំងរា​អស់អ្នកដែល​កំពុង​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។ ពេល​ព្រះ‌អង្គ​យាង​ចេញ​ទៅ​ក្រៅ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចាប់​ផ្តើម​ជំរុញ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​ឲ្យ​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ជា​ច្រើន ដោយ​ចាំ​ចាប់​កំហុស​ព្រះ‌អង្គ ដើម្បីរក​ហេតុ​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

ចែក​រំលែក
អាន លូកា 11

លូកា 11:1-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មួយ​ថ្ងៃ ព្រះ‌យេស៊ូ​អធិស្ឋាន​នៅ​កន្លែង​មួយ។ កាល​ព្រះអង្គ​អធិស្ឋាន​រួច​ហើយ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា: ឱ​ព្រះ‌បិតា​អើយ សូម​សម្តែង​ព្រះ‌នាម​ដ៏វិសុទ្ធ របស់​ព្រះអង្គ ឲ្យ​មនុស្ស​លោក​ស្គាល់ សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះអង្គ​បាន​មក​ដល់។ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ ជា​រៀង​រាល់​ថ្ងៃ។ សូម​អត់‌ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប ដ្បិត​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ​អស់​អ្នក ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ចាញ់ ការ​ល្បួង​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ម្នាក់​មាន​មិត្ត​សម្លាញ់​មក​រក​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ ហើយ​ពោល​ថា “សម្លាញ់​អើយ! ឲ្យ​គ្នា​ខ្ចី​នំប៉័ង​បី​ដុំ​សិន​មក ព្រោះ​មាន​មិត្ត‌ភក្ដិ​ទើប​នឹង​ធ្វើ​ដំណើរ​មក​ដល់ ហើយ​គ្មាន​អ្វី​ទទួល​គេ​សោះ”។ អ្នក​នៅ​ក្នុង​ផ្ទះ​ឆ្លើយ​មក​វិញ​ថា “កុំ​រំខាន​គ្នា​ធ្វើ​អ្វី គ្នា​បាន​ខ្ទាស់​ទ្វារ​ទៅ​ហើយ ម្យ៉ាង​ទៀត កូន​ចៅ​គ្នា​កំពុង​ដេក​លក់ គ្នា​មិន​អាច​ក្រោក​ទៅ​យក​នំប៉័ង​ឲ្យ​សម្លាញ់​ឯង​ទេ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំប៉័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ត​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន​មែន​មក​ពី​គាត់​យោគ‌យល់​មិត្ត​សម្លាញ់​ទេ គឺ​មក​ពី​មិត្ត​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ចូរ​ស្វែង​រក គង់​តែ​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន ដ្បិត​អ្នក​ណា​សូម អ្នក​នោះ​តែងតែ​ទទួល អ្នក​ណា​ស្វែង​រក​តែងតែ​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​ត្រី​មិន​ដែល​មាន​ឪពុក​ណា​យក​ពស់​អសិរ‌ពិស​ឲ្យ​វា​ទេ បើ​កូន​សុំ​ពង​មាន់ ក៏​មិន​ដែល​មាន​ឪពុក​ណា​យក​ខ្យា‌ដំរី​ឲ្យ​វា​ដែរ។ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​អស់​អ្នក ដែល​ទូល​សូម​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត»។ ព្រះ‌យេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស គ​ម្នាក់។ លុះ​អារក្ស​ចេញ​ផុត​ទៅ មនុស្ស​គ​នោះ​និយាយ​បាន ហើយ​មហា‌ជន​ក៏​ស្ងើច​សរសើរ​ក្រៃ‌លែង។ ប៉ុន្តែ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ ព្រោះ​បេលសេ‌ប៊ូល​ជា​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​ឲ្យ​គាត់»។ មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​ព្រះអង្គ ក៏​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​មួយ បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​មក​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​ជា​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​មុខ​ជា​រលំ​សង្កត់​លើ​គ្នា​មិន​ខាន។ យ៉ាង​ណា‌មិញ ប្រសិន​បើ​មារ​សាតាំង*​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ធ្វើ​ម្ដេច​នឹង​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​បាន! ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល។ ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស​ដោយ​អំណាច​នរណា​វិញ? ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ នោះ​បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ មាន​អាវុធ​ការពារ​ផ្ទះ​របស់​ខ្លួន ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​បាន​គង់‌វង្ស។ ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង​មក​វាយ​យក​ជ័យ‌ជម្នះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។ អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។ កាល​បើ​អារក្ស​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ នោះ​វា​មុខ​ជា​និយាយ​ថា “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​ដែល​អញ​ទើប​នឹង​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​តុប‌តែង​ល្អ វា​នឹង​ចេញ​ទៅ​បបួល​អារក្ស​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដា‌ជន ទូល​ព្រះអង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​សុភមង្គល*​មែន!»។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន»។ ខណៈ​នោះ មហា‌ជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​ឃើញ​តែ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។ លោក​យ៉ូណាស​បាន​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​អ្នក​ក្រុង​នីនីវេ​ឃើញ​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​មនុស្ស​ជំនាន់​នេះ​ឃើញ​យ៉ាង​នោះ​ដែរ។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា‌ក្សត្រីយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ស្ដេច​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ស្ដេច​សាឡូម៉ូន​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ត​គំនិត នៅ​ពេល​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​លោក​យ៉ូណាស​ទៅ​ទៀត!»។ «ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង​យក​ទៅ​លាក់​ទុក ឬ​យក​ធុង​គ្រប​ពី​លើ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ។ ភ្នែក​ជា​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ក៏​ងងឹត​ដែរ។ ហេតុ​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។ ប្រសិន​បើ​រូប​កាយ​របស់​អ្នក​ទាំង​មូល​មាន​ពន្លឺ ឥត​ងងឹត​ត្រង់​ណា​ទេ​នោះ រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច ដូច​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​សូម​យាង​ព្រះអង្គ​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​គាត់។ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។ អ្នក​ខាង​គណៈ‌ផារីស៊ី​នោះ​ងឿង‌ឆ្ងល់​ក្រៃ‌លែង ព្រោះ​ឃើញ​ព្រះ‌យេស៊ូ​មិន​លាង​ព្រះ‌ហស្ដ​មុន​ពេល​សោយ។ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​កេង‌ប្រវ័ញ្ច និង​គំនិត​អាក្រក់។ មនុស្ស​ឆោត​ល្ងង់​អើយ! ព្រះ‌ជាម្ចាស់​បាន​បង្កើត​ខាង​ក្រៅ តើ​ព្រះអង្គ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ? ចូរ​យក​អ្វីៗ​នៅ​ក្នុង​ចាន ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​ទៅ នោះ​ប្រដាប់​ប្រដា​ទាំង​អស់​នឹង​បាន​ស្អាត​បរិសុទ្ធ* សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រើ‌ប្រាស់ ។ ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌លីងល័ខ និង​បន្លែ​គ្រប់​មុខ មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​ធ្វេស‌ប្រហែស​មិន​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត* ហើយ​មិន​បាន​ស្រឡាញ់​ព្រះអង្គ​ឡើយ គឺ​ការ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត ឯ​ការណ៍​ដទៃ​ទៀត​ក៏​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​ដែរ។ ពួក​ផារី​ស៊ី​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​កិត្តិយស​ក្នុង​សាលា​ប្រជុំ* ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​អ្នក​រាល់​គ្នា​នៅ​តាម​ផ្សារ។ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច ដែល​គេ​មើល​មិន​ឃើញ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។ មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! លោក​មាន​ប្រសាសន៍​ដូច្នេះ បាន​សេចក្ដី​ថា លោក​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ពួក​បណ្ឌិត​ខាង​វិន័យ​អើយ អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វេទនា​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្កើត​វិន័យ​តឹង‌រ៉ឹង​យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​អ្នក​រាល់​គ្នា​មិន​ជួយ​គេ​ទេ សូម្បី​តែ​បន្តិច​ក៏​មិន​ជួយ​ផង។ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ព្យាការី* ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។ អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ​បញ្ជាក់​ថា អ្នក​រាល់​គ្នា​សម​គំនិត​នឹង​អំពើ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​គេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ចាត់​ព្យាការី* ព្រម​ទាំង​ទូត​របស់​យើង​ជា​ច្រើន​ឲ្យ​ទៅ​រក​គេ តែ​គេ​នឹង​សម្លាប់​ខ្លះ ព្រម​ទាំង​បៀត‌បៀន​ខ្លះ​ទៀត​ផង”។ ដូច្នេះ មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ពី‌ព្រោះ​បុព្វបុរស​របស់​គេ​បាន​សម្លាប់​ព្យាការី​តាំង​តែ​ពី​កំណើត​ពិភព​លោក​មក គឺ​ចាប់​តាំង​ពី​លោក​អេបិល រហូត​ដល់​លោក​សាការី ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទីសក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។ ពួក​បណ្ឌិត​ខាង​វិន័យ*​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​ឲ្យ​គេ​ចូល​ទៅ​ស្គាល់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។ ពេល​ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​សួរ​ព្រះអង្គ​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន ដែល​សុទ្ធ‌សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​ព្រះអង្គ។

ចែក​រំលែក
អាន លូកា 11

លូកា 11:1-54 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន នោះ​ត្រូវ​ថា ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់ បាន​សំរេច នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្ដី​អាក្រក់​វិញ។ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្រ​សំឡាញ់​ម្នាក់ ហើយ​ទៅ​និយាយ​នឹង​អ្នក​នោះ ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា សំឡាញ់​អើយ សូម​ឲ្យ​អញ​ខ្ចី​នំបុ័ង​៣​ដុំ​សិន ដ្បិត​មាន​សំឡាញ់​អញ​ម្នាក់ មាន​ដំណើរ​មក​ឯ​ផ្ទះ អញ​គ្មាន​អ្វី​ទទួល​គេ​សោះ តែ​អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា កុំ​មក​រំខាន​ចិត្ត​អញ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​អញ​ក៏​ដេក​នៅ​គ្រែ​ជា​មួយ​នឹង​អញ​ផង អញ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​វា ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ បើ​វា​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យា‌ដំរី​ឬ​អី បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះវរ‌បិតា ដែល​គង់​ស្ថាន‌សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ គ្រា​នោះ ទ្រង់​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ កាល​វា​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​មនុស្ស​គ​ក៏​និយាយ​ឡើង​បាន ហើយ​បណ្តា​មនុស្ស​គេ​កើត​មាន​សេចក្ដី​អស្ចារ្យ តែ​ខ្លះ​និយាយ​ថា អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ អ្នក​ខ្លះ​ទៀត​ល្បង​ទ្រង់ ដោយ​សូម​ទី​សំគាល់​១​មក​ពី​លើ​មេឃ តែ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក‌ខ្ញែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​ទាស់‌ទែង​គ្នា​ឯង នោះ​នឹង​ត្រូវ​រលំ​ទៅ​ជា​មិន​ខាន បើ​សាតាំង​បែក​ទាស់​គ្នា​វា​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​នគរ​វា​នៅ​ស្ថិត‌ស្ថេរ​បាន នេះ​ព្រោះ​ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល​មែន នោះ​តើ​កូន​ចៅ​អ្នក​រាល់​គ្នា​ដេញ​វា ដោយ‌សារ​អ្វី​វិញ ដូច្នេះ វា​រាល់​គ្នា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ​វិញ នោះ​ច្បាស់​ជា​នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការ‌ពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ​សម្បត្តិ​ក៏​បាន​គង់​វង់​នៅ តែ​បើ​មាន​មនុស្ស​ខ្លាំង​ជាង មក​បង្គ្រប​ឲ្យ​ឈ្នះ​គាត់​កាល​ណា នោះ​ក៏​ដណ្តើម​យក​អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ​ចេញ រួច​ប្លន់​យក​របឹប​ទៅ​ចែក​គ្នា​វិញ អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កំចាត់‌កំចាយ​វិញ កាល​ណា​អារក្ស‌អសោចិ៍​បាន​ចេញ​ពី​មនុស្ស​ណា នោះ​វា​ដើរ​កាត់​កន្លែង​ហួត‌ហែង ទៅ​រក​ទី​ឈប់​សំរាក តែ​ដោយ​រក​មិន​បាន​សោះ បាន​ជា​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ​វិញ ដែល​ទើប​នឹង​ចេញ​មក​នោះ រួច​កាល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុប‌តែង​យ៉ាង​ល្អ នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ​ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹង‌រឹត‌តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត។ កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង ពី​ក្នុង​ហ្វូង​មនុស្ស​ថា មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ តែ​ទ្រង់​មាន​បន្ទូល​តប​ថា ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​កាន់​តាម។ កាល​ណោះ មាន​មនុស្ស​ប្រជុំ​គ្នា​តាន់‌តាប់​ជា​ខ្លាំង ហើយ​ទ្រង់​ចាប់​តាំង​មាន​បន្ទូល​ថា មនុស្ស​ដំណ​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សំគាល់​ទេ តែ​គ្មាន​ទី​សំគាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​នៃ​ហោរា​យ៉ូណាស​ឡើយ ពី​ព្រោះ ដូច​ជា​លោក​យ៉ូណាស​ជា​ទី​សំគាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា នោះ​កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សំគាល់ ដល់​មនុស្ស​ដំណ​នេះ​យ៉ាង​ដូច្នោះ​ដែរ នៅ​ថ្ងៃ​ជំនុំ​ជំរះ មហា‌ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ​ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​ហ្លួង​សាឡូម៉ូន ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស​លើស​ជាង​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត នៅ​ថ្ងៃ​ជំនុំ​ជំរះ មនុស្ស​នៅ​ក្រុង​នីនីវេ នឹង​ឈរ​ឡើង​ជំនុំ‌ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយ‌សារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។ គ្មាន​អ្នក​ណា​ដែល​អុជ​ចង្កៀង យក​ទៅ​ដាក់​នៅ​ទី​កំបាំង ឬ​គ្រប​នឹង​ថាំង​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល បាន​ឃើញ​ពន្លឺ​ភ្លឺ ឯ​ចង្កៀង​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ តែ​កាល​ណា​ភ្នែក​អាក្រក់ នោះ​រូប‌កាយ​អ្នក​នឹង​ងងឹត​វិញ ដូច្នេះ ចូរ​ប្រយ័ត ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​វិញ បើ​សិន​ជា​រូប‌កាយ​អ្នក​ទាំង​មូល​បាន​ភ្លឺ ឥត​មាន​ងងឹត​ត្រង់​ណា​សោះ នោះ​នឹង​បាន​ភ្លឺ​ទាំង​អស់ ដូច​កាល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ។ កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​មាន​ពួក​ផារិស៊ី​ម្នាក់ ទូល​សូម​ទ្រង់​ឲ្យ​យាង​ទៅ​សោយ​ជា​មួយ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ កាល​អ្នក​ផារិស៊ី​នោះ​បាន​ឃើញ ក៏​នឹក​ប្លែក​ណាស់ ដែល​ទ្រង់​មិន​បាន​លាង​ព្រះ‌ហស្ត​មុន​នឹង​សោយ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា ឯ​អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា មាន​ពេញ​ដោយ​ការ​ឆ​ស៊ី នឹង​អំពើ​អាក្រក់​វិញ ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ ព្រះ​ដែល​បង្កើត​ខាង​ក្រៅ តើ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ​អី ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​ដល់​អ្នក​រាល់​គ្នា តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​តែង​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ‌អង្កាម ជីរ​លីង‌លាក់ នឹង​បន្លែ​គ្រប់​មុខ តែ​លះ​ចោល​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​វិញ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ទាំង​នេះ​វិញ ហើយ​ឥត​ចោល​ការ​ខាង​ដើម​នោះ​ផង វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារិស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នឹង​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​អ្នក​មាន​ពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ផ្នូរ​ខ្មោច ដែល​មើល​មិន​ឃើញ ហើយ​មនុស្ស​ដើរ​ជាន់​ឥត​ដឹង​ទេ។ មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឆ្លើយ​ឡើង​ថា លោក​គ្រូ ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​ឈ្មោះ​ថា​ត្មះ‌តិះដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​១​ឆ្កឹះ​បន្ទុក​នោះ​ផង វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ពួក​ហោរា ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​សំឡាប់​បង់ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ ដែល​ពួក​ឰយុកោ​បាន​ធ្វើ​ហើយ​នោះ ដ្បិត​ពួក​ឰយុកោ​បាន​សំឡាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ដែរ ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​នៃ​ព្រះ​បាន​សំដែង​ថា អញ​ចាត់​ពួក​ហោរា ហើយ​ពួក​សាវក​ទៅ​ឯ​គេ គេ​នឹង​សំឡាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ តាំង​ពី​កំណើត​លោកីយ​រៀង​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សំឡាប់​នៅ​កណ្តាល​អាសនា នឹង​វិហារ​ផង អើ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ចេញ​ទៅ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ក៏​ហាម​ឃាត់​ដល់​ពួក​អ្នក ដែល​កំពុង​តែ​រក​ចូល មិន​ឲ្យ​គេ​ចូល​ដែរ។ កាល​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​ដល់​គេ​រួច​ហើយ នោះ​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់‌ពេក ឲ្យ​មាន​បន្ទូល​ពី​សេចក្ដី​ជា​ច្រើន​ទៅ​ទៀត ដោយ​ចាំ​ពិនិត្យ​ពិចារណា​មើល ទាំង​រក​ហេតុ​នឹង​ចាប់​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់។

ចែក​រំលែក
អាន លូកា 11