លូកា 11:1-13

លូកា 11:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មួយ​ថ្ងៃ ព្រះ‌យេស៊ូ​អធិស្ឋាន​នៅ​កន្លែង​មួយ។ កាល​ព្រះអង្គ​អធិស្ឋាន​រួច​ហើយ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា: ឱ​ព្រះ‌បិតា​អើយ សូម​សម្តែង​ព្រះ‌នាម​ដ៏វិសុទ្ធ របស់​ព្រះអង្គ ឲ្យ​មនុស្ស​លោក​ស្គាល់ សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះអង្គ​បាន​មក​ដល់។ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ ជា​រៀង​រាល់​ថ្ងៃ។ សូម​អត់‌ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប ដ្បិត​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ​អស់​អ្នក ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ចាញ់ ការ​ល្បួង​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ម្នាក់​មាន​មិត្ត​សម្លាញ់​មក​រក​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ ហើយ​ពោល​ថា “សម្លាញ់​អើយ! ឲ្យ​គ្នា​ខ្ចី​នំប៉័ង​បី​ដុំ​សិន​មក ព្រោះ​មាន​មិត្ត‌ភក្ដិ​ទើប​នឹង​ធ្វើ​ដំណើរ​មក​ដល់ ហើយ​គ្មាន​អ្វី​ទទួល​គេ​សោះ”។ អ្នក​នៅ​ក្នុង​ផ្ទះ​ឆ្លើយ​មក​វិញ​ថា “កុំ​រំខាន​គ្នា​ធ្វើ​អ្វី គ្នា​បាន​ខ្ទាស់​ទ្វារ​ទៅ​ហើយ ម្យ៉ាង​ទៀត កូន​ចៅ​គ្នា​កំពុង​ដេក​លក់ គ្នា​មិន​អាច​ក្រោក​ទៅ​យក​នំប៉័ង​ឲ្យ​សម្លាញ់​ឯង​ទេ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំប៉័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ត​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន​មែន​មក​ពី​គាត់​យោគ‌យល់​មិត្ត​សម្លាញ់​ទេ គឺ​មក​ពី​មិត្ត​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ចូរ​ស្វែង​រក គង់​តែ​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន ដ្បិត​អ្នក​ណា​សូម អ្នក​នោះ​តែងតែ​ទទួល អ្នក​ណា​ស្វែង​រក​តែងតែ​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​ត្រី​មិន​ដែល​មាន​ឪពុក​ណា​យក​ពស់​អសិរ‌ពិស​ឲ្យ​វា​ទេ បើ​កូន​សុំ​ពង​មាន់ ក៏​មិន​ដែល​មាន​ឪពុក​ណា​យក​ខ្យា‌ដំរី​ឲ្យ​វា​ដែរ។ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​អស់​អ្នក ដែល​ទូល​សូម​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត»។

ចែក​រំលែក
អាន លូកា 11

លូកា 11:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​បាន​អធិស្ឋាន​នៅ​កន្លែង​មួយ ហើយ​ក្រោយ​ពី​ព្រះ‌អង្គ​អធិស្ឋាន​ចប់ សិស្ស​របស់​ព្រះ‌អង្គ​ម្នាក់​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ផង»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា ឱ​ព្រះ‌វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាមព្រះ‌អង្គ​បាន​បរិសុទ្ធ សូម​ឲ្យព្រះ​រាជ្យរបស់​ព្រះ‌អង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ។ សូម​អត់​ទោស​អំពើ​បាប​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ [តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ]»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្ត​សម្លាញ់​ម្នាក់ ហើយ​ទៅ​រក​អ្នក​នោះ​ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា "សម្លាញ់​អើយ សូម​ឲ្យ​ខ្ញុំ​ខ្ចី​នំបុ័ង​បី​ដុំ​សិន ដ្បិត​មាន​សម្លាញ់​ខ្ញុំ​ម្នាក់ ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​គ្មាន​អ្វី​ទទួល​គេ​សោះ"។ អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា "កុំ​មក​រំខាន​ចិត្ត​ខ្ញុំ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​ខ្ញុំ​ក៏​ដេក​លើ​គ្រែ​ជា​មួយ​ខ្ញុំ​ដែរ ខ្ញុំ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ"។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សម្លាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជា‌និច្ច។ ដូច្នេះ បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។ ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​កូន ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ? បើ​កូន​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យាដំរី​ឬ? បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​ដែល​គង់​ស្ថាន‌សួគ៌ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត»?។

ចែក​រំលែក
អាន លូកា 11

លូកា 11:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន នោះ​ត្រូវ​ថា ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់ បាន​សំរេច នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្ដី​អាក្រក់​វិញ។ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្រ​សំឡាញ់​ម្នាក់ ហើយ​ទៅ​និយាយ​នឹង​អ្នក​នោះ ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា សំឡាញ់​អើយ សូម​ឲ្យ​អញ​ខ្ចី​នំបុ័ង​៣​ដុំ​សិន ដ្បិត​មាន​សំឡាញ់​អញ​ម្នាក់ មាន​ដំណើរ​មក​ឯ​ផ្ទះ អញ​គ្មាន​អ្វី​ទទួល​គេ​សោះ តែ​អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា កុំ​មក​រំខាន​ចិត្ត​អញ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​អញ​ក៏​ដេក​នៅ​គ្រែ​ជា​មួយ​នឹង​អញ​ផង អញ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​វា ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ បើ​វា​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យា‌ដំរី​ឬ​អី បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះវរ‌បិតា ដែល​គង់​ស្ថាន‌សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។

ចែក​រំលែក
អាន លូកា 11