លូកា 10:1-9

លូកា 10:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ព្រះ‌អម្ចាស់​តម្រូវ​ចិត‌សិប​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ មួយ​គូៗ​ទៅ​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ព្រះ‌អង្គ​បម្រុង​យាង​ទៅ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចម្រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​នៃ​ចម្រូត ឲ្យ​ព្រះ‌អង្គ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះ‌អង្គ។ ទៅ​ចុះ មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​កូន​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក កុំ​យក​កាបូប ថង់​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ដែរ។ ឯ​ផ្ទះ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្តី​សុខ‌សាន្ត បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្តី​សុខ‌សាន្ត នោះ​សេចក្តី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​នោះ តែបើ​គ្មាន​ទេ សេចក្តី​សុខ​នោះ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិ‌ភោគ​របស់​អ្វីៗ​ដែល​គេ​ឲ្យ​ចុះ ព្រោះ​អ្នក​ដែល​ធ្វើ​ការ គួរ​នឹង​បាន​ប្រាក់​ឈ្នួល។ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។ ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់​ទាក់​ទទួល ចូរ​បរិ‌ភោគ​របស់​អ្វីៗដែល​គេ​លើក​មក​ឲ្យ​ចុះ ទាំង​មើល​ពួក​អ្នក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា "ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ជិត​អ្នក​រាល់​គ្នា​ហើយ"

ចែក​រំលែក
អាន លូកា 10

លូកា 10:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ព្រះ‌អម្ចាស់​ជ្រើស​យក​សិស្ស*​ចិត‌សិប​ពីរ​រូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​ព្រះអង្គ​បម្រុង​នឹង​យាង​ទៅ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ​ឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក។ ចូរ​នាំ​គ្នា​ទៅ​ចុះ! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដូច​ឲ្យ​កូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ” ។ បើ​នៅ​ក្នុង​ផ្ទះ​នោះ​មាន​មនុស្ស​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត នោះ​គេ​នឹង​បាន​សុខ‌សាន្ត ដូច​ពាក្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត​ទេ សេចក្ដី​សុខ‌សាន្ត​នឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​ធ្វើ​ការ​តែងតែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវ​ចេញ​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ឡើយ។ បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា ហើយ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូន​ចុះ។ ត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថា: “ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ”។

ចែក​រំលែក
អាន លូកា 10

លូកា 10:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌អម្ចាស់​ទ្រង់​ដំរូវ​៧០​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ទ្រង់ មួយ​គូៗ​ក្នុង​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ទ្រង់​គិត​យាង​ទៅ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ឲ្យ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់ ទៅ​ចុះ មើល ខ្ញុំ​ប្រើ​អ្នក​រាល់​គ្នា​ទៅ ដូច​ជា​កូន​ចៀម នៅ​កណ្តាល​ហ្វូង​ស្វាន កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្ដី​សុខ‌សាន្ត បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ បើ​គ្មាន​ទេ នោះ​សេចក្ដី​សុខ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ ហើយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​នោះ​ឯង ទាំង​ទទួល​បរិភោគ​របស់​អ្វីៗ​ដែល​គេ​ឲ្យ​ចុះ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​ឈ្នួល​វិញ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ឡើយ ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់‌ទាក់​ទទួល នោះ​ឲ្យ​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​លើក​មក​ឲ្យ​ចុះ ទាំង​មើល​ពួក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

ចែក​រំលែក
អាន លូកា 10