លេវីវិន័យ 8:1-13

លេវីវិន័យ 8:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​សម្លៀក‌បំពាក់ ប្រេង​តាំង គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ចៀម​ឈ្មោល​ពីរ និង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​មក​ជា​មួយ​ផង ហើយ​ប្រជុំ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​មក​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ»។ លោក​ម៉ូសេ​ក៏​ធ្វើ​តាម​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​មក ឯ​ក្រុម​ជំនុំ​គេ​មូល​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ នោះ​លោក​ម៉ូសេ​ក៏​ប្រាប់​ដល់​ក្រុម​ជំនុំ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​ឲ្យ​ធ្វើ»។ លោក​ម៉ូសេ​ក៏​នាំ​លោក​អើរ៉ុន និង​ពួក​កូន​លោក មក​ងូត​ទឹក​ជម្រះ​កាយ រួច​បំពាក់​អាវ​ខ្លី​ឲ្យ​លោក​អើរ៉ុន ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់ ហើយ​បំពាក់​អាវ​វែង​ពី​លើ ក៏​បំពាក់​អេផូឌ ហើយ​ចង​ភ្ជាប់​ដោយ​ខ្សែ​ដែល​ជាប់​នឹង​អេផូឌ​នោះ​ផង។ រួច​បំពាក់​ប្រដាប់​បាំង​ទ្រូង ហើយ​ដាក់​អ៊ូរីម និង​ធូមីម ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​ដែរ។ ក៏​បំពាក់​មួក​នៅ​លើ​ក្បាល ហើយ​ភ្ជាប់​ស្លាក​មាស គឺ​ជា​ក្បាំង​បរិសុទ្ធ​ឲ្យ​ជាប់​នឹង​មួក​ពី​ខាង​មុខ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ រួច​លោក​ម៉ូសេ​យក​ប្រេង​ទៅ​ចាក់​លាប​រោង​ឧបោ‌សថ និង​គ្រប់​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​រោង​នោះ ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ក៏​យក​ទៅ​ប្រោះ​លើ​អាសនា​ប្រាំពីរ​ដង លោក​ចាក់​លាប​អាសនា និង​ប្រដាប់​អាសនា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាន​ក្លាំ និង​ជើង​ចាន​នោះ​ផង ដើម្បី​នឹង​ញែក​ចេញ​ជា​បរិសុទ្ធ។ ក៏​ចាក់​ប្រេង​ខ្លះ​លើ​ក្បាល​លោក​អើរ៉ុន ទាំង​លាប​ឲ្យ​បាន​បរិសុទ្ធ រួច​លោក​នាំ​យក​ពួក​កូន​លោក​អើរ៉ុន​មក​បំពាក់​អាវ​ខ្លី ហើយ​ក្រវាត់​ខ្សែ​ក្រវាត់ ព្រម​ទាំង​ពាក់​ឈ្នួត​ផង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

ចែក​រំលែក
អាន លេវីវិន័យ 8

លេវីវិន័យ 8:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀក‌បំពាក់​បូជា‌ចារ្យ ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង ព្រម​ទាំង​គោ​បា​សម្រាប់​យញ្ញ‌បូជា​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំប៉័ង​ឥត​មេ រួច​ប្រមូល​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់»។ លោក​ម៉ូសេ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ប្រកាស​ប្រាប់​សហគមន៍​ថា៖ «នេះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ធ្វើ»។ លោក​នាំ​លោក​អើរ៉ុន និង​កូនៗ​មក ហើយ​យក​ទឹក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​ពួក​គេ។ លោក​ពាក់​អាវ​វែង​ជូន​លោក​អើរ៉ុន យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ ពាក់​អាវ​ធំ ហើយ​ពាក់​អាវ​អេផូដ*​ពី​លើ ព្រម​ទាំង​ចង​ខ្សែ​អេផូដ​ផង។ លោក​យក​ប្រដាប់​ពាក់​លើ​ទ្រូង​មក​បំពាក់​ជូន​លោក​អើរ៉ុន ដែល​នៅ​ក្នុង​នោះ​មាន​ដាក់​យូរីម និង​ធូមីម*។ លោក​ពាក់​ឈ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឈ្នួត​នោះ​ជូន​លោក​អើរ៉ុន ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​មក ហើយ​ប្រើ​ប្រេង​នោះ​ញែក​ព្រះ‌ពន្លា និង​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ទុក​ជា​សក្ការៈ។ លោក​ប្រោះ​ប្រេង​ប្រាំ‌ពីរ​ដង​ទៅ​លើ​អាសនៈ ដើម្បី​ញែក​អាសនៈ គ្រឿង​បរិក្ខារ​របស់​អាសនៈ ព្រម​ទាំង​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង​នោះ ទុក​ជា​សក្ការៈ។ លោក​ចាក់​ប្រេង​លើ​ក្បាល​លោក​អើរ៉ុន ដើម្បី​ញែក​លោក​ឲ្យ​វិសុទ្ធ*។ លោក​ម៉ូសេ​បាន​នាំ​កូនៗ​របស់​លោក​អើរ៉ុន​ចូល​មក ហើយ​លោក​បំពាក់​អាវ​វែង​ឲ្យ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឈ្នួត​ក្បាល​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 8

លេវីវិន័យ 8:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​យក​អើរ៉ុន នឹង​ពួក​កូន​លោក ព្រម​ទាំង​សំលៀក‌បំពាក់ ប្រេង​ចាក់​តាំង គោ​ឈ្មោល​ស្ទាវ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ចៀម​ឈ្មោល​២ នឹង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​មក​ជា​មួយ​ផង ហើយ​ប្រជុំ​ពួក​ជំនុំ​ទាំង​អស់​គ្នា​មក​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ម៉ូសេ​ក៏​ធ្វើ​តាម​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​មក ឯ​ពួក​ជំនុំ​គេ​មូល​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ។ ម៉ូសេ​ក៏​នាំ​អើរ៉ុន នឹង​ពួក​កូន​លោក មក​ផ្ងូត​ទឹក​ឲ្យ រួច​បំពាក់​អាវ​ខ្លី​ឲ្យ​អើរ៉ុន ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់ ហើយ​បំពាក់​អាវ​វែង​ពី​លើ ក៏​បំពាក់​អេផូឌ ហើយ​ចង​ភ្ជាប់​ដោយ​ខ្សែ​ដែល​ជាប់​នឹង​អេផូឌ​នោះ​ផង រួច​បំពាក់​ប្រដាប់​បាំង​ទ្រូង ហើយ​ដាក់​យូរីម នឹង​ធូមីម ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​ដែរ ក៏​បំពាក់​មួក​នៅ​លើ​ក្បាល ហើយ​ភ្ជាប់​ស្លាក​មាស គឺ​ជា​ក្បាំង​បរិសុទ្ធ​ឲ្យ​ជាប់​នឹង​មួក​ពី​ខាង​មុខ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ រួច​ម៉ូសេ​យក​ប្រេង ទៅ​ចាក់​លាប​រោង​ឧបោសថ នឹង​គ្រប់​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​រោង​នោះ ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ក៏​យក​ទៅ​ប្រោះ​លើ​អាសនា​៧​ដង លោក​ចាក់​លាប​អាសនា នឹង​ប្រដាប់​អាសនា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ​ផង ដើម្បី​នឹង​ញែក​ចេញ​ជា​បរិសុទ្ធ ក៏​ចាក់​ប្រេង​ខ្លះ​លើ​ក្បាល​អើរ៉ុន ទាំង​លាប​ឲ្យ​បាន​បរិសុទ្ធ រួច​លោក​នាំ​យក​ពួក​កូន​អើរ៉ុន​មក​បំពាក់​អាវ​ខ្លី ហើយ​ក្រវាត់​ខ្សែ​ក្រវាត់ ព្រម​ទាំង​ជួត​ឈ្នួត​ផង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

ចែក​រំលែក
អាន លេវីវិន័យ 8