លេវីវិន័យ 15:16-33
លេវីវិន័យ 15:16-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើមនុស្សណាចេញទឹកកាម នោះត្រូវងូតទឹកដុសលាងសាច់ទាំងអស់ចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។ ហើយសម្លៀកបំពាក់ ឬកន្ទេលណាដែលប្រឡាក់ដោយទឹកកាមនោះ ក៏ត្រូវលាងចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។ ឯស្ត្រី និងបុរសណាដែលបានរួមរ័ក្សជាមួយគ្នាហើយ នោះត្រូវងូតទឹកចេញទាំងពីរនាក់ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។ បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់ប្រាំពីរថ្ងៃ អ្នកណាដែលប៉ះនាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។ គ្រប់ទាំងដំណេកណាដែលនាងដេកនៅក្នុងកាលដែលមិនស្អាត ហើយគ្រប់របស់អ្វីនាងបានអង្គុយចុះ ក៏ត្រូវរាប់ជាមិនស្អាតដែរ។ អ្នកណាដែលពាល់គ្រែរបស់នាង នោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលពាល់របស់អ្វីដែលនាងបានអង្គុយ នោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច បើមានអ្វីនៅលើគ្រែ ឬនៅលើរបស់ណាដែលនាងបានអង្គុយ ហើយអ្នកណាទៅប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។ បើមានបុរសណាទៅរួមដំណេកនឹងនាង ហើយសេចក្ដីស្មោកគ្រោករបស់នាងក៏សៅហ្មងដល់ខ្លួន អ្នកនោះត្រូវស្មោកគ្រោកអស់ប្រាំពីរថ្ងៃ ហើយគ្រប់ទាំងដំណេកដែលបុរសនោះដេកនៅ ក៏ស្មោកគ្រោកដែរ។ បើស្ត្រីណាធ្លាក់ឈាមជាយូរថ្ងៃខុសរដូវ ឬបើធ្លាក់ឈាមមកហួសរដូវ នោះនាងត្រូវជាមិនស្អាតរាល់តែថ្ងៃដែលធ្លាក់ឈាមស្មោកគ្រោកនោះមក ដូចជានៅវេលាដែលមានរដូវដែរ ដ្បិតនាងមិនស្អាតហើយ គ្រប់ទាំងដំណេកណាដែលនាងដេកនៅ ក្នុងវេលាដែលធ្លាក់ឈាម នោះត្រូវទុកដូចជាដំណេកដែលនាងដេក ក្នុងកាលដែលមានរដូវដែរ ហើយគ្រប់ទាំងរបស់អ្វីដែលនាងអង្គុយចុះ នោះត្រូវជាមិនស្អាត ដូចជាសេចក្ដីស្មោកគ្រោកនៅរដូវនាងដែរ បើអ្នកណាប៉ះពាល់នឹងរបស់ណាមួយនោះ អ្នកនោះក៏មិនស្អាតដែរ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច។ បើកាលណានាងបានស្អាតពីឈាមនោះហើយ នោះនាងត្រូវរាប់ឲ្យគ្រប់ប្រាំពីរថ្ងៃ រួចមកនឹងបានស្អាតវិញ។ លុះដល់ថ្ងៃទីប្រាំបី ត្រូវឲ្យនាងយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ សង្ឃត្រូវថ្វាយមួយជាតង្វាយលោះបាប មួយទៀតជាតង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងនាងនៅចំពោះព្រះយេហូវ៉ា ដោយព្រោះធ្លាក់ឈាមស្មោកគ្រោកនោះ។ គឺយ៉ាងដូច្នោះហើយ ដែលអ្នករាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថយើង ដែលនៅកណ្ដាលគេបានស្មោកគ្រោកដែរ។ នេះហើយជាច្បាប់សម្រាប់អ្នកណាដែលហូរខ្ទុះ ហើយដែលធ្លាក់ទឹកកាមមក ឲ្យគេបានស្មោកគ្រោកដូច្នោះ ហើយសម្រាប់ស្ត្រីដែលឈឺដោយព្រោះមានរដូវ និងបុរសណាដែលហូរខ្ទុះ ឬស្ត្រីណាដែលធ្លាក់ឈាម ហើយអ្នកណាដែលរួមដំណេកនឹងស្ត្រីជាប់មានសេចក្ដីស្មោកគ្រោកផង»។
លេវីវិន័យ 15:16-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើបុរសម្នាក់ហូរទឹកកាម គេត្រូវលាងសម្អាតខ្លួនប្រាណទាំងមូល ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ សម្លៀកបំពាក់ ឬកម្រាលដែលប្រឡាក់ទឹកកាមនោះ ត្រូវតែបោកសម្អាត ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ កាលណាបុរសម្នាក់ និងស្ត្រីម្នាក់រួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសម្អាតខ្លួនប្រាណ ហើយនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច»។ «កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយមានរដូវ នាងត្រូវនៅក្នុងភាពមិនបរិសុទ្ធ អស់រយៈពេលប្រាំពីរថ្ងៃ។ អ្នកដែលប៉ះនាងនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ ពេលមានរដូវនោះគ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយ ក៏ទៅជាមិនបរិសុទ្ធដែរ។ អ្នកដែលប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ អ្នកប៉ះនឹងកៅអីដែលនាងបានអង្គុយត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ ប្រសិនបើមាននរណាម្នាក់ប៉ះនឹងវត្ថុអ្វីមួយនៅលើគ្រែ ឬកៅអីដែលនាងអង្គុយ អ្នកនោះត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ ប្រសិនបើមានបុរសម្នាក់រួមដំណេកជាមួយនាងក្នុងអំឡុងពេលនាងមានរដូវ បុរសនោះក៏ទៅជាមិនបរិសុទ្ធអស់រយៈប្រាំពីរថ្ងៃ ហើយគ្រែដែលគេដេកនោះក៏មិនបរិសុទ្ធដែរ។ កាលណាស្ត្រីម្នាក់ធ្លាក់ឈាមខុសពីធម្មតា ឬធ្លាក់ឈាមច្រើនថ្ងៃជាងពេលមានរដូវ នាងត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ ក្នុងអំឡុងពេលធ្លាក់ឈាមនោះ ដូចគ្រានាងមានរដូវដែរ។ ពេលនោះ គ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយ នឹងទៅជាមិនបរិសុទ្ធដូចពេលនាងមានរដូវដែរ។ អ្នកដែលប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ កាលណានាងឈប់ធ្លាក់ឈាមហើយ នាងត្រូវរង់ចាំអស់រយៈពេលប្រាំពីរថ្ងៃទៀត ទើបនាងអាចធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ។ នៅថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរ ទៅជូនបូជាចារ្យនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យយកសត្វមួយ ថ្វាយជាយញ្ញបូជារំដោះបាប និងសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះបាបឲ្យស្ត្រីធ្លាក់ឈាម ដែលបណ្ដាលឲ្យនាងទៅជាមិនបរិសុទ្ធនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យនៅដាច់ឆ្ងាយពីយើង ក្នុងពេលដែលពួកគេស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ ធ្វើដូច្នេះ ពួកគេនឹងរួចផុតពីស្លាប់ ព្រោះតែភាពមិនបរិសុទ្ធ គឺពួកគេមិនធ្វើឲ្យដំណាក់របស់យើងដែលស្ថិតនៅក្នុងចំណោមពួកគេ ទៅជាសៅហ្មងឡើយ។ នេះជាក្រឹត្យវិន័យស្ដីអំពីបុរសដែលមានជំងឺកាមរោគ ឬហូរទឹកកាមបណ្ដាលឲ្យខ្លួនទៅជាមិនបរិសុទ្ធ និងស្ដីអំពីស្ត្រីដែលធ្លាក់ឈាមក្នុងពេលមានរដូវ ព្រមទាំងបុរស និងស្ត្រីដែលរួមដំណេកជាមួយគ្នា នៅពេលស្ត្រីស្ថិតក្នុងភាពមិនបរិសុទ្ធ»។
លេវីវិន័យ 15:16-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាមនុស្សណាចេញទឹកកាម នោះត្រូវឲ្យងូតទឹកដុសលាងសាច់ទាំងអស់ចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ហើយសំលៀកបំពាក់ឬកន្ទេលណាដែលប្រឡាក់ដោយទឹកកាមនោះ ក៏ត្រូវលាងចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាចដែរ ឯស្ត្រីនឹងបុរសណាដែលបានសេពសម្ភពគ្នាហើយ នោះត្រូវឲ្យងូតទឹកចេញទាំង២នាក់ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។ បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់៧ថ្ងៃ អ្នកណាដែលពាល់នាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច គ្រប់ទាំងដំណេកណាដែលនាងដេកនៅក្នុងកាលដែលមិនស្អាត ហើយគ្រប់របស់អ្វីនាងបានអង្គុយចុះ ក៏ត្រូវរាប់ជាមិនស្អាតដែរ ឯអ្នកណាដែលពាល់គ្រែរបស់នាង នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលពាល់របស់អ្វីដែលនាងបានអង្គុយ នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច បើមានអ្វីនៅលើគ្រែ ឬនៅលើរបស់ណាដែលនាងបានអង្គុយ ហើយអ្នកណាទៅប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច បើមានបុរសណាទៅរួមដំណេកនឹងនាង ហើយសេចក្ដីស្មោកគ្រោករបស់នាងក៏សៅហ្មងដល់ខ្លួន អ្នកនោះត្រូវស្មោកគ្រោកអស់៧ថ្ងៃ ហើយគ្រប់ទាំងដំណេកដែលបុរសនោះដេកនៅ ក៏ស្មោកគ្រោកដែរ។ បើស្ត្រីណាធ្លាក់ឈាមជាយូរថ្ងៃខុសរដូវ ឬបើធ្លាក់ឈាមមកហួសរដូវ នោះនាងត្រូវជាមិនស្អាតរាល់តែថ្ងៃដែលធ្លាក់ឈាមស្មោកគ្រោកនោះមក ដូចជានៅវេលាដែលមានរដូវដែរ ដ្បិតនាងមិនស្អាតហើយ គ្រប់ទាំងដំណេកណាដែលនាងដេកនៅ ក្នុងវេលាដែលធ្លាក់ឈាម នោះត្រូវទុកដូចជាដំណេក ដែលនាងដេកក្នុងកាលដែលមានរដូវដែរ ហើយគ្រប់ទាំងរបស់អ្វីដែលនាងអង្គុយចុះ នោះត្រូវជាមិនស្អាត ដូចជាសេចក្ដីស្មោកគ្រោកនៅរដូវនាងដែរ បើអ្នកណាប៉ះពាល់នឹងរបស់ណាមួយនោះ អ្នកនោះក៏មិនស្អាតដែរ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច បើកាលណានាងបានស្អាតខ្លួនពីឈាមនោះហើយ នោះនាងត្រូវរាប់ឲ្យគ្រប់៧ថ្ងៃ រួចមកនឹងបានស្អាតវិញ លុះដល់ថ្ងៃទី៨ ត្រូវឲ្យនាងយកលលក២ ឬព្រាបជំទើរ២ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ ត្រូវឲ្យសង្ឃថ្វាយ១ជាដង្វាយលោះបាប ១ទៀតជាដង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងនាងនៅចំពោះព្រះយេហូវ៉ា ដោយព្រោះធ្លាក់ឈាមស្មោកគ្រោកនោះ។ គឺយ៉ាងដូច្នោះហើយ ដែលឯងរាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថអញ ដែលនៅកណ្តាលគេបានស្មោកគ្រោកដែរ នេះហើយជាច្បាប់ខាងឯអ្នកណាដែលហូរខ្ទុះ ហើយដែលធ្លាក់ទឹកកាមមក ឲ្យគេបានស្មោកគ្រោកដូច្នោះ ហើយខាងឯស្ត្រីដែលឈឺដោយព្រោះមានរដូវ នឹងខាងឯបុរសណាដែលហូរខ្ទុះ ឬស្ត្រីណា ដែលធ្លាក់ឈាម ហើយខាងឯអ្នកណា ដែលរួមដំណេកនឹងស្ត្រីជាប់មានសេចក្ដីស្មោកគ្រោកផង។