លេវី‌វិន័យ 15:16-33

លេវី‌វិន័យ 15:16-33 គកស១៦

ប្រសិន‌បើ​មនុស្ស​ណា​ចេញ​ទឹក​កាម នោះ​ត្រូវ​ងូត​ទឹក​ដុស​លាង​សាច់​ទាំង​អស់​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ ហើយ​សម្លៀក‌បំពាក់ ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ។ ឯ​ស្ត្រី និង​បុរស​ណា​ដែល​បាន​រួមរ័ក្ស​ជា​មួយ​គ្នា​ហើយ នោះ​ត្រូវ​ងូត​ទឹក​ចេញ​ទាំង​ពីរ​នាក់ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ដោយ​មាន​រដូវ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​អស់​ប្រាំពីរ​ថ្ងៃ អ្នក​ណា​ដែល​ប៉ះ​នាង នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ​ក្នុង​កាល​ដែល​មិន​ស្អាត ហើយ​គ្រប់​របស់​អ្វី​នាង​បាន​អង្គុយ​ចុះ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ។ អ្នក​ណា​ដែល​ពាល់​គ្រែ​របស់​នាង នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ពាល់​របស់​អ្វី​ដែល​នាង​បាន​អង្គុយ នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច បើ​មាន​អ្វី​នៅ​លើ​គ្រែ ឬ​នៅ​លើ​របស់​ណា​ដែល​នាង​បាន​អង្គុយ ហើយ​អ្នក​ណា​ទៅ​ប៉ះ‌ពាល់ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ បើ​មាន​បុរស​ណា​ទៅ​រួម​ដំណេក​នឹង​នាង ហើយ​សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​ក៏​សៅ‌ហ្មង​ដល់​ខ្លួន អ្នក​នោះ​ត្រូវ​ស្មោក‌គ្រោក​អស់​ប្រាំពីរ​ថ្ងៃ ហើយ​គ្រប់​ទាំង​ដំណេក​ដែល​បុរស​នោះ​ដេក​នៅ ក៏​ស្មោក‌គ្រោក​ដែរ។ បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ជា​យូរ​ថ្ងៃ​ខុស​រដូវ ឬ​បើ​ធ្លាក់​ឈាម​មក​ហួស​រដូវ នោះ​នាង​ត្រូវ​ជា​មិន​ស្អាត​រាល់​តែ​ថ្ងៃ​ដែល​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ​មក ដូច​ជា​នៅ​វេលា​ដែល​មាន​រដូវ​ដែរ ដ្បិត​នាង​មិន​ស្អាត​ហើយ គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ ក្នុង​វេលា​ដែល​ធ្លាក់​ឈាម នោះ​ត្រូវ​ទុក​ដូច​ជា​ដំណេក​ដែល​នាង​ដេក ក្នុង​កាល​ដែល​មាន​រដូវ​ដែរ ហើយ​គ្រប់​ទាំង​របស់​អ្វី​ដែល​នាង​អង្គុយ​ចុះ នោះ​ត្រូវ​ជា​មិន​ស្អាត ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៅ​រដូវ​នាង​ដែរ បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​ណា​មួយ​នោះ អ្នក​នោះ​ក៏​មិន​ស្អាត​ដែរ ត្រូវ​ឲ្យ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ បើ​កាល​ណា​នាង​បាន​ស្អាត​ពី​ឈាម​នោះ​ហើយ នោះ​នាង​ត្រូវ​រាប់​ឲ្យ​គ្រប់​ប្រាំពីរ​ថ្ងៃ រួច​មក​នឹង​បាន​ស្អាត​វិញ។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ត្រូវ​ឲ្យ​នាង​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ សង្ឃ​ត្រូវ​ថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប មួយ​ទៀត​ជា​តង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​នាង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ។ គឺ​យ៉ាង​ដូច្នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ត្រូវ​ស្លាប់​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដោយ​មក​នាំ​ឲ្យ​រោង​ឧបោសថ​យើង ដែល​នៅ​កណ្ដាល​គេ​បាន​ស្មោក‌គ្រោក​ដែរ។ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណា​ដែល​ហូរ​ខ្ទុះ ហើយ​ដែល​ធ្លាក់​ទឹក​កាម​មក ឲ្យ​គេ​បាន​ស្មោក‌គ្រោក​ដូច្នោះ ហើយ​សម្រាប់​ស្ត្រី​ដែល​ឈឺ​ដោយ​ព្រោះ​មាន​រដូវ និង​បុរស​ណា​ដែល​ហូរ​ខ្ទុះ ឬ​ស្ត្រី​ណា​ដែល​ធ្លាក់​ឈាម ហើយ​អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ស្ត្រី​ជាប់​មាន​សេចក្ដី​ស្មោក‌គ្រោក​ផង»។