យូដាស 1:9-11
យូដាស 1:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ពេលមហាទេវតាមីកែលកំពុងជជែកជាមួយអារក្ស ហើយឈ្លោះប្រកែកអំពីសពរបស់លោកម៉ូសេ លោកមិនហ៊ានប្រើពាក្យប្រមាថ និងដាក់ទោសវាផង គឺលោកគ្រាន់តែពោលថា «សូមឲ្យព្រះអម្ចាស់ដាក់ទោសឯងចុះ»។ ប៉ុន្តែ អ្នកទាំងនោះហ៊ានជេរប្រមាថអ្វីៗដែលខ្លួនមិនយល់ ហើយបំផ្លាញខ្លួនគេដោយសេចក្តីទាំងនោះ ហាក់ដូចជាសត្វតិរច្ឆានដែលគ្មានវិចារណញ្ញាណ។ វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។
យូដាស 1:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!» ។ រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលឲ្យតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។ អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។
យូដាស 1:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯមីកែល ជាមហាទេវតា លោកមិនហ៊ានប្តឹងប្រមាថដល់អារក្ស ក្នុងកាលដែលកំពុងតែជជែកនឹងវា ទាំងប្រកែកពីដំណើរសពរបស់លោកម៉ូសេនោះទេ គឺបាននិយាយដូច្នេះវិញថា សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ តែពួកនោះ គេហ៊ានជេរប្រមាថដល់ទាំងអ្វីៗ ដែលគេមិនស្គាល់ផង ព្រមទាំងបង្ខូចខ្លួន ក្នុងការអ្វីដែលគេយល់ដោយធម្មតាវិញ ហាក់ដូចជាសត្វតិរច្ឆាន វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅតាមផ្លូវរបស់កាអ៊ីន ក៏ស្ទុះទៅក្នុងសេចក្ដីខុសឆ្គងរបស់បាឡាម ឲ្យតែបានកំរៃ ហើយគេត្រូវវិនាសក្នុងការបះបោររបស់កូរេទៅ