យូដាស 1:17-25

យូដាស 1:17-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​បងប្អូន​វិញ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​នឹក​ចាំ​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​ក្រុម​សាវ័ក*​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​អម្ចាស់​នៃ​យើង បាន​ប្រាប់​បងប្អូន​កាល​ពី​មុន។ លោក​ទាំង​នោះ​មាន​ប្រសាសន៍​ប្រាប់​បងប្អូន​ថា «នៅ​គ្រា​ចុង​ក្រោយ​បំផុត​នឹង​មាន​ពួក​អ្នក​ចំអក​មើល‌ងាយ ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន»។ អ្នក​ទាំង​នោះ​ជា​មេ​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ជា​មនុស្ស​ដែល​មាន​គំនិត​លោកីយ៍ ហើយ​គ្មាន​ព្រះ‌វិញ្ញាណ​គង់​ជា​មួយ​ទេ។ រីឯ​បងប្អូន​វិញ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​កសាង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ជំនឿ​ដ៏វិសុទ្ធ​បំផុត​របស់​បងប្អូន ចូរ​អធិស្ឋាន​តាម​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ ចូរ​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដើម្បី​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ផង។ ត្រូវ​មេត្តា‌ករុណា​ដល់​បងប្អូន​ណា​ដែល​មាន​ចិត្ត​ស្ទាក់‌ស្ទើរ ត្រូវ​សង្គ្រោះ​គេ ដោយ​អូស​ទាញ​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង។ ចំពោះ​អ្នក​ឯ​ទៀតៗ​វិញ ត្រូវ​មេត្តា‌ករុណា​ដល់​គេ​ដែរ តែ​ត្រូវ​ភ័យ​ខ្លាច គឺ​សូម្បី​តែ​អាវ​ដែល​ប៉ះ​នឹង​រូប​កាយ​គេ​ក៏​សៅ‌ហ្មង​ដែរ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ។ ព្រះ‌ជា‌ម្ចាស់​អាច​ការពារ​បងប្អូន​មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុងរឿង​របស់​ព្រះអង្គ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។ មាន​ព្រះ‌ជា‌ម្ចាស់​តែ​មួយ​ព្រះអង្គ​ទេ ដែល​ជា​ព្រះ‌សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង។ សូម​លើក​តម្កើង​សិរី‌រុងរឿង បារមី​ឧត្តុង្គ‌ឧត្ដម ព្រះ‌ចេស្ដា និង​អំណាច​ដែល​ព្រះអង្គ​មាន​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ហើយ​ព្រះអង្គ​ក៏​មាន​នៅ​ពេល​នេះ និង​អស់‌កល្ប​ត​រៀង​ទៅ។ អាម៉ែន!។

ចែក​រំលែក
អាន យូដាស 1

យូដាស 1:17-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ដែល​ពួក​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ប្រាប់​យើង​ពីមុន។ លោក​ទាំង​នោះមាន​ប្រសាសន៍​មក​អ្នក​រាល់​គ្នា​ថា៖ «នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ទមិឡ​ល្មើស​របស់​ខ្លួន»។ អ្នក​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ការបែក​បាក់គ្នា ជា​មនុស្ស​មាន​គំនិត​លោកីយ៍ ហើយ​គ្មាន​ព្រះ‌វិញ្ញាណ​ទេ។ រី​ឯ​អ្នក​រាល់​គ្នា​វិញ ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​ស្អាង​ខ្លួន​នៅ​ក្នុង​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់អ្នក​រាល់​គ្នា ចូរ​អធិស្ឋាន​តាម​ព្រះ​វិញ្ញាណ​បរិសុទ្ធ ចូរ​រក្សា​ជំនឿ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ទាំង​ទន្ទឹង​រង់​ចាំព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​នាំ​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច​ផង។ ចូរ​មាន​ចិត្ត​អាណិត​ដល់​អ្នក​ខ្លះ​ដែល​មាន​ចិត្ត​សង្ស័យ ហើយ​សង្គ្រោះ​អ្នក​ដទៃ ដោយ​ឆក់​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង ត្រូវ​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​មនុស្ស​ឯ​ទៀត​ទាំង​ភ័យ​ខ្លាច ហើយ​ស្អប់​សូម្បី​តែ​អាវ​ដែល​ស្មោក‌គ្រោក ដោយ​សារ​សាច់​ឈាម​របស់​គេ។ រីឯ​ព្រះ‌អង្គ​ដែល​អាច​រក្សា​អ្នក​រាល់​គ្នា​មិន​ឲ្យ​ជំពប់​ដួល ហើយ​ដាក់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​សិរី‌ល្អ​របស់​ព្រះ‌អង្គ ដោយ​ឥត​បន្ទោស​បាន ទាំង​មាន​អំណរ គឺ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង សូម​ថ្វាយ​សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា និង​អំណាច តាំង​ពី​មុន​សម័យ​កាល​ទាំង​អស់ នៅ​ពេល​នេះ និង​អស់​កល្ប​ជា‌និច្ច​តរៀង​ទៅ។ អាម៉ែន។:៚

ចែក​រំលែក
អាន យូដាស 1

យូដាស 1:17-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ពួក​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពី​ដើម​រៀង​មក​ចុះ គេ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​នឹង​ប្រព្រឹត្ត តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​ទមិល​ល្មើស​របស់​ខ្លួន ពួក​នោះ​ជា​អ្នក​ដែល​បង្កើត​បក្ស‌ពួក គឺ​ជា​មនុស្ស​ដែល​នៅ​ដោយ​វិស័យ​សាច់​ឈាម ដែល​គ្មាន​ព្រះ‌វិញ្ញាណ​ទេ ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា ជា​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ ព្រម​ទាំង​រង់‌ចាំ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ដោយ​ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្ដី​សង្ស័យ​ផង ហើយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញ​ពី​ភ្លើង ហើយ​ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯ​ទៀត​ដោយ​ភ័យ​ខ្លាច ហើយ​ស្អប់​ដល់​ទាំង​អាវ ដែល​ត្រូវ​ស្មោក‌គ្រោក ដោយ​សាច់​ឈាម​ផង។ រីឯ​ព្រះ ដែល​អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​នឹង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរី‌ល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេក‌អរ​ផង គឺ​ជា​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​មួយ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា នឹង​អំណាច តាំង​ពី​មុន​អស់‌កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ដល់​អស់​‌កល្ប​ជានិច្ច​ត​ទៅ។ អាម៉ែន។:៚

ចែក​រំលែក
អាន យូដាស 1