យ៉ូស្វេ 8:30-35

យ៉ូស្វេ 8:30-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ លោក​យ៉ូស្វេ​ស្អាង​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​លើ​ភ្នំ​អេបាល ដូច​ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​ដូច​មាន​សេចក្ដី​ចែង​នៅ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេថា «អាស‌នា​ធ្វើ​ពី​ដុំ​ថ្ម​ទាំង​មូល គឺ​ថ្ម​ដែល​មិន​មាន​អ្នក​ណា​យក​ដែក​មក​ដាប់​ពី​លើ»។ គេ​ក៏​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាស‌នា​នោះ ព្រម​ទាំង​ថ្វាយ​តង្វាយ​មេត្រី​ផង។ នៅ​ទី​នោះ លោក​យ៉ូស្វេ ចម្លង​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ដោយ​ចារ​នៅ​លើ​ថ្ម នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។ ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ ទាំង​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​ចាស់​ទុំ ពួកនាយក និង​ពួក​ចៅ‌ក្រម នាំគ្នា​ឈរ​សង​ខាង​ហិប នៅ​មុខ​ពួក​លេវី​ជា​សង្ឃ ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពួក​គេ​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរិស៊ីម ពាក់​កណ្ដាល​ទៀត​ឈរ​ខាង​ភ្នំ​អេបាល ដូច​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពីដំបូង ដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​អ៊ីស្រា‌អែល។ បន្ទាប់​មក លោក​អាន​ព្រះ​បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ គឺ​មាន​ទាំង​ព្រះ‌ពរ ទាំង​បណ្ដា‌សា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ។ ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ គ្មាន​ពាក្យ​ណា​មួយ​ដែល​លោក​យ៉ូស្វេ​មិន​បាន​អាន នៅ​មុខ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ គឺ​រួម​ទាំង​ស្ត្រី កូន​ក្មេង និង​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ដែរ។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:30-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​លើ​ភ្នំ​អេបាល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ដូច​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ថា «អាសនៈ​ត្រូវ​ធ្វើ​ពី​ថ្ម ដែល​មិន​ទាន់​មាន​នរណា​យក​ដែក​មក​ដាប់​ពី​លើ» ។ ជន‌ជាតិ​អ៊ីស្រា‌អែល​យក​សត្វ​មក​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​ផង។ លោក​យ៉ូស្វេ​ចម្លង​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ដោយ​ចារ​លើ​ថ្ម នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ក្រុម​ព្រឹទ្ធា‌ចារ្យ ពួក​នាយ​ក្រុម និង​ក្រុម​អភិបាល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ នាំ​គ្នា​ឈរ​អម​សង​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី គឺ​នៅ​ទល់​មុខ​នឹង​ក្រុម​បូជា‌ចារ្យ​លេវី ជា​អ្នក​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជន​ចំនួន​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរី‌ស៊ីម ពាក់​កណ្ដាល​ទៀត ឈរ​ខាង​ភ្នំ​អេបាល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក ក្នុង​ពេល​ដែល​ត្រូវ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល។ បន្ទាប់​មក លោក​យ៉ូស្វេ​អាន​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ គឺ​មាន​ទាំង​ព្រះ‌ពរ ទាំង​បណ្ដាសា ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​ទាំង​មូល។ លោក​យ៉ូស្វេ​អាន​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ឥត​ខ្វះ​ត្រង់​ណា​ឡើយ លោក​អាន​នៅ​មុខ​អង្គ​ប្រជុំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល គឺ​រួម​ទាំង​ស្ត្រី ទាំង​ក្មេង និង​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ផង។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:30-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ យ៉ូស្វេ​លោក​ស្អាង​អាសនា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នៅ​លើ​ភ្នំ​អេបាល ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ គឺ​ជា​អាសនា​ដែល​ធ្វើ​ពី​ដុំ​ថ្ម​ទាំង​មូល ឥត​មាន​អ្នក​ណា​ដាប់​ដោយ​ដែក​ឡើយ រួច​គេ​ក៏​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាសនា​នោះ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង នៅ​ទី​នោះ លោក​ចារឹក​ថ្ម​ចម្លង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​លោក​បាន​កត់​ទុក នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​ពួក​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ទាំង​ពួក​ចាស់‌ទុំ នឹង​ពួក​នា​យក ហើយ​ពួក​ចៅ‌ក្រម គេ​ក៏​ឈរ​ទាំង​សង​ខាង​ហឹប នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ទោះ​ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ នឹង​ពួក​អ្នក​ស្រុក​ផង ពួក​គេ​១​ចំហៀង​ឈរ​ខាង​ភ្នំ​កេរិស៊ីម ហើយ​១​ចំហៀង​ឈរ​ខាង​ភ្នំ​អេបាល ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​កាល​ពី​មុន ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​ពរ​ដល់​ពួក​អ៊ីស្រាអែល រួច​មក លោក​ក៏​អាន​មើល​អស់​ទាំង​ពាក្យ​នៃ​ក្រិត្យ‌វិន័យ ទោះ​ទាំង​ព្រះ‌ពរ នឹង​សេចក្ដី​បណ្តាសា​ទាំង​ប៉ុន្មាន​ផង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ នោះ​គ្មាន​ពាក្យ​ណា​មួយ​ដែល​យ៉ូស្វេ​មិន​បាន​អាន​មើល នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នោះ​ទេ ហើយ​ក៏​មាន​ពួក​ស្រីៗ ពួក​ក្មេងៗ នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។

ចែក​រំលែក
អាន យ៉ូស្វេ 8