យ៉ូស្វេ 8:30-35

យ៉ូស្វេ 8:30-35 គកស១៦

នៅ​គ្រា​នោះ លោក​យ៉ូស្វេ​ស្អាង​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​លើ​ភ្នំ​អេបាល ដូច​ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​ដូច​មាន​សេចក្ដី​ចែង​នៅ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេថា «អាស‌នា​ធ្វើ​ពី​ដុំ​ថ្ម​ទាំង​មូល គឺ​ថ្ម​ដែល​មិន​មាន​អ្នក​ណា​យក​ដែក​មក​ដាប់​ពី​លើ»។ គេ​ក៏​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាស‌នា​នោះ ព្រម​ទាំង​ថ្វាយ​តង្វាយ​មេត្រី​ផង។ នៅ​ទី​នោះ លោក​យ៉ូស្វេ ចម្លង​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ដោយ​ចារ​នៅ​លើ​ថ្ម នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។ ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ ទាំង​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​ចាស់​ទុំ ពួកនាយក និង​ពួក​ចៅ‌ក្រម នាំគ្នា​ឈរ​សង​ខាង​ហិប នៅ​មុខ​ពួក​លេវី​ជា​សង្ឃ ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពួក​គេ​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរិស៊ីម ពាក់​កណ្ដាល​ទៀត​ឈរ​ខាង​ភ្នំ​អេបាល ដូច​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពីដំបូង ដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​អ៊ីស្រា‌អែល។ បន្ទាប់​មក លោក​អាន​ព្រះ​បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ គឺ​មាន​ទាំង​ព្រះ‌ពរ ទាំង​បណ្ដា‌សា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ។ ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ គ្មាន​ពាក្យ​ណា​មួយ​ដែល​លោក​យ៉ូស្វេ​មិន​បាន​អាន នៅ​មុខ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ គឺ​រួម​ទាំង​ស្ត្រី កូន​ក្មេង និង​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ដែរ។

អាន យ៉ូស្វេ 8