យ៉ូស្វេ 1:5-13

យ៉ូស្វេ 1:5-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្មាន​អ្នកណា​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​បាន​ឡើយ គឺ​អស់​ទាំងថ្ងៃ​នៃ​ជីវិត​របស់​អ្នក។ យើង​នឹង​នៅ​ជា​មួយ​អ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​បោះ‌បង់​ចោល​អ្នក​ដែរ។ ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​នឹង​នាំ​ឲ្យ​ប្រជា‌ជន​នេះ​បាន​គ្រង​ស្រុក ដែលយើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​គេ។ ចូរ​គ្រាន់​តែ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌វិន័យ ដែល​ម៉ូសេ​ជា​អ្នក​បម្រើរបស់​យើងបាន​បង្គាប់​អ្នក។ កុំ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ ដើម្បី​ឲ្យ​អ្នក​មាន​ជោគ​ជ័យ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ។ មិន​ត្រូវ​ឲ្យ​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​អ្នក​ឡើយ ត្រូវសញ្ជឹង​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ឲ្យ​អ្នក​បាន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ដ្បិត​យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​របស់​អ្នក​ចម្រុង​ចម្រើន ហើយ​អ្នក​នឹង​មាន​ជោគ‌ជ័យ។ តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ? ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ។ កុំ​ខ្លាច ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ»។ ពេល​នោះ លោក​យ៉ូស្វេ​បាន​បង្គាប់​ពួក​នាយក​របស់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​កាត់​កណ្ដាល​ជំរំ ហើយ​បង្គាប់​ប្រជា‌ជន​ថា "ចូរ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក"»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ថា៖ «ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​មាន​កន្លែង​សម្រាក ហើយ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក"។

ចែក​រំលែក
អាន យ៉ូស្វេ 1

យ៉ូស្វេ 1:5-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជានិច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ក្រឹត្យ‌វិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យ‌ជម្នះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។ ត្រូវ​ទន្ទេញ​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច ត្រូវ​រិះគិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចម្រុង‌ចម្រើន និង​ទទួល​ជោគ‌ជ័យ។ តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។ នៅ​ពេល​នោះ លោក​យ៉ូស្វេ​បាន​បញ្ជា​ទៅ​ពួក​នាយ​ក្រុម​របស់​ប្រជា‌ជន​ដូច​ត​ទៅ៖ «ចូរ​នាំ​គ្នា​ដើរ​កាត់​ជំរំ ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា “ចូរ​រៀបចំ​ស្បៀង​អាហារ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ដើម្បី​ចូល​ទៅ​វាយ​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ជា​កម្មសិទ្ធិ”»។ បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ*​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដូច​ត​ទៅ៖ «ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បង្គាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក គឺ​ព្រះអង្គ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”។

ចែក​រំលែក
អាន យ៉ូស្វេ 1

យ៉ូស្វេ 1:5-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នឹង​គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​ឯង នៅ​គ្រប់​១​ជីវិត​ឯង​បាន​ឡើយ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ‌បង់​ចោល​ឯង​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ឯង​នឹង​នាំ​ឲ្យ​បណ្តាជន​នេះ​បាន​គ្រង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ ឲ្យ​ឯង​គ្រាន់​តែ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​គ្រប់​ជំពូក ដែល​ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ប្រយោជន៍​ឲ្យ​ឯង​បាន​កើត​ការ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​នោះ កុំ​ឲ្យ​គម្ពីរ​ក្រិត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក‌ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង។ នោះ​យ៉ូស្វេ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​នាយក​លើ​បណ្តាជន​ថា ចូរ​ទៅ​ឯ​កណ្តាល​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​បណ្តាជន​ទាំង‌ឡាយ​ថា ចូរ​ឲ្យ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​នៅ​៣​ថ្ងៃ​ទៀត​នឹង​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ហើយ។ យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​រូបេន ពួក​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ថា ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​រាល់​គ្នា​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ប្រទាន​ឲ្យ​ឯង​ឈប់​សំរាក ទ្រង់​នឹង​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ដែរ

ចែក​រំលែក
អាន យ៉ូស្វេ 1