យ៉ូស្វេ 1:5-13

យ៉ូស្វេ 1:5-13 គខប

ជា​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជានិច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ក្រឹត្យ‌វិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យ‌ជម្នះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។ ត្រូវ​ទន្ទេញ​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច ត្រូវ​រិះគិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចម្រុង‌ចម្រើន និង​ទទួល​ជោគ‌ជ័យ។ តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។ នៅ​ពេល​នោះ លោក​យ៉ូស្វេ​បាន​បញ្ជា​ទៅ​ពួក​នាយ​ក្រុម​របស់​ប្រជា‌ជន​ដូច​ត​ទៅ៖ «ចូរ​នាំ​គ្នា​ដើរ​កាត់​ជំរំ ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា “ចូរ​រៀបចំ​ស្បៀង​អាហារ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ដើម្បី​ចូល​ទៅ​វាយ​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ជា​កម្មសិទ្ធិ”»។ បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ*​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដូច​ត​ទៅ៖ «ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បង្គាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក គឺ​ព្រះអង្គ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូស្វេ 1:5-13