យ៉ូណាស 2:1-7

យ៉ូណាស 2:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ហោរា​យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន នៅ​ក្នុង​ពោះ​ត្រី។ លោក​ទូល​ថា៖ «ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ក៏​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អង្គ​បាន​ឮ​សំឡេង​របស់​ទូល‌បង្គំ។ ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ទី​ជម្រៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទូល‌បង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន និង​អស់​ទាំង​ខ្សែ​ទឹក​របស់​ព្រះ‌អង្គ​បាន​ហូរ​ពី​លើ​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ពោល​ថា ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ពី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ហើយ ប៉ុន្តែ ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ទឹក​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ សឹង​តែ​នឹង​ផុត​ជីវិត ទី​ជម្រៅ​បាន​ហ៊ុម​ទូល‌បង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ ទូល‌បង្គំទុក​ជា​ដរាប​តទៅ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​រណ្តៅ​មក​ទាំង​រស់។ កាល​ព្រលឹង​នៅ​ក្នុង​ខ្លួន ទូល‌បង្គំ​បាន​សន្លប់​ទៅ នោះ​ទូល‌បង្គំ​បាន​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​បានទៅ​ព្រះ‌អង្គ គឺ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន យ៉ូណាស 2

យ៉ូណាស 2:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌អម្ចាស់​ចាត់​ត្រី​មួយ​យ៉ាង​ធំ​ឲ្យ​មក​លេប​លោក​យ៉ូណាស លោក​ក៏​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​នោះ អស់​រយៈ​ពេល​បី​ថ្ងៃ​បី​យប់ ។ នៅ​ក្នុង​ពោះ​ត្រី លោក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក។ លោក​ពោល​ថា៖ «ពេល​ទូលបង្គំ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ។ នៅ​ក្នុង​ស្ថាន​មច្ចុរាជ ទូលបង្គំ​ស្រែក​ហៅ​ព្រះអង្គ​ជួយ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ។ ព្រះអង្គ​បោះ​ទូលបង្គំ​មក​ក្នុង​បាត​សមុទ្រ ដ៏​សែន​ជ្រៅ ទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ទូលបង្គំ។ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោក មក​លើ​ទូលបង្គំ​ដែរ។ ទូលបង្គំ​គិត​ថា ព្រះអង្គ​បាន​ដេញ​ទូលបង្គំ​ចេញ ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ហើយ ប៉ុន្តែ ទូលបង្គំ​នៅ​តែ​សម្លឹង​ឆ្ពោះ​ទៅ​រក ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ត​ទៅ​ទៀត។ ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ទូលបង្គំ សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ទូលបង្គំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ​ដែរ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយ ទូលបង្គំ​ជាប់​ឃុំ​ក្នុង​ស្ថាន​មច្ចុរាជ​រហូត តែ​ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ពី​រណ្ដៅ ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត។

ចែក​រំលែក
អាន យ៉ូណាស 2

យ៉ូណាស 2:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ព្រះ‌យេហូវ៉ា ទ្រង់​បំរុង​ឲ្យ​មាន​ត្រី​១​យ៉ាង​ធំ​សំរាប់​នឹង​លេប​យ៉ូណាស​ទៅ ហើយ​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​នោះ គ្រប់​៣​ថ្ងៃ​៣​យប់ ក្នុង​រវាង​នោះ យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ពី​ក្នុង​ពោះ​ត្រី លោក​ទូល​ថា ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូលបង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូលបង្គំ​ហើយ ទូលបង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បាន​ឮ​សំឡេង​របស់​ទូលបង្គំ ដ្បិត​ទ្រង់​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូលបង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន នឹង​អស់​ទាំង​ខ្សែ​ទឹក​របស់​ទ្រង់​បាន​ហូរ​ពី​លើ​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ពោល​ថា ទូលបង្គំ​ត្រូវ​បោះ​ចោល​ចេញ​ពី​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ហើយ ប៉ុន្តែទូលបង្គំ​នឹង​មើល​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់​ទៀត ទឹក​បាន​ឡោម‌ព័ទ្ធ​ទូលបង្គំ សឹង​តែ​នឹង​ផុត​ជីវិត​ផង ទី​ជំរៅ​បាន​ហ៊ុម​ទូលបង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ ទូលបង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ​ទូលបង្គំ ទុក​ជា​ដរាប​ត​ទៅ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​បាន​នាំ​ទូលបង្គំ​ឡើង​ចេញ​ពី​រណ្តៅ​មក​ទាំង​រស់

ចែក​រំលែក
អាន យ៉ូណាស 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ