យ៉ូណាស 2:1-7

យ៉ូណាស 2:1-7 គកស១៦

ពេល​នោះ ហោរា​យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន នៅ​ក្នុង​ពោះ​ត្រី។ លោក​ទូល​ថា៖ «ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ក៏​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អង្គ​បាន​ឮ​សំឡេង​របស់​ទូល‌បង្គំ។ ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ទី​ជម្រៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទូល‌បង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន និង​អស់​ទាំង​ខ្សែ​ទឹក​របស់​ព្រះ‌អង្គ​បាន​ហូរ​ពី​លើ​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ពោល​ថា ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ពី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ហើយ ប៉ុន្តែ ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ទឹក​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ សឹង​តែ​នឹង​ផុត​ជីវិត ទី​ជម្រៅ​បាន​ហ៊ុម​ទូល‌បង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ ទូល‌បង្គំទុក​ជា​ដរាប​តទៅ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​រណ្តៅ​មក​ទាំង​រស់។ កាល​ព្រលឹង​នៅ​ក្នុង​ខ្លួន ទូល‌បង្គំ​បាន​សន្លប់​ទៅ នោះ​ទូល‌បង្គំ​បាន​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ​បានទៅ​ព្រះ‌អង្គ គឺ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ។

អាន យ៉ូណាស 2