យ៉ូអែល 2:1-11

យ៉ូអែល 2:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ របស់​ព្រះ‌ជាម្ចាស់! ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់! ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លុប ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ចាំង​មក​លើ​ភ្នំ។ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។ នៅ​ពី​មុខ​ពួក​វា មាន​ដូច​ជា​ភ្លើង​ឆាប‌ឆេះ នៅ​ពី​ក្រោយ មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែល ឆេះ​បំផ្លាញ​ទាំង​អស់​នៅ​មុខ​ពួក​វា ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែន លុះ​ពួក​វា​ឆ្លង​ផុត ស្រុក​នោះ​ប្រៀប​ដូច​ជា វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង គឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។ ពួក​វា​ប្រៀប​បី​ដូច​ជា​ទ័ព​សេះ ពួក​វា​បោល​ទៅ​មុខ​ដូច​កង‌ពល​សេះ សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចម្បាំង ដែល​បោះ‌ពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។ សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាប‌ឆេះ​ចំបើង។ ពួក​វា​ប្រៀប​បី​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ តម្រៀប​គ្នា​ចូល​ប្រយុទ្ធ។ ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វា មនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។ ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់‌អាច ពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ ម្នាក់ៗ​សម្រុក​ទៅ​មុខ ដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។ គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ គឺ​ម្នាក់ៗ​សម្រុក​ទៅ​មុខ​យ៉ាង​ត្រង់ ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយ ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។ ពួក​វា​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង រត់​នៅ​លើ​កំពែង​ក្រុង ឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានា ដូច​ចោរ​ចូល​លួច។ ផែនដី​ញ័រ​នៅ​មុខ​ពួក​វា ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មី ហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។ ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ព្រះអង្គ ដែល​មាន​ចំនួន​ច្រើន​លើស‌លុប និង​ខ្លាំង​ពូកែ។ ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ដ៏​មហិមា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច គ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។

ចែក​រំលែក
អាន យ៉ូអែល 2

យ៉ូអែល 2:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ផ្លុំ​ត្រែ​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង! ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ ជា​ថ្ងៃ​មាន​ពពក ហើយ​ងងឹត​យ៉ាង​ក្រាស់! មានសាសន៍​មួយ​ធំ ហើយ​ខ្លាំង​ពូកែចូល​មក ដូច​ពន្លឺ​ថ្ងៃ​ដែល​ទើប​នឹង​រះ​លាតត្រដាង​លើ​ភ្នំ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ឡើយ ហើយ​នៅ​ពេល​ខាង​មុខ គ្រប់​ជំនាន់​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។ មាន​ភ្លើង​ឆេះ​បន្សុស​នៅ​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្ដាត​ភ្លើង​ឆេះ​ដែរ។ នៅ​មុខ​គេ ផែន‌ដី​ប្រៀប​ដូច​ជា​សួន‌អេដែន តែ​ខាង​ក្រោយ​គេ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន​សោះ​កក្រោះ គ្មាន​អ្វី​គេច​ផុត​ពី​គេ​ឡើយ។ រូប​រាង​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ ហើយ​គេ​រត់​ដូច​ជា​សេះ​ចម្បាំង។ គេ​កញ្ឆល​ឮ​សន្ធឹកដូច​រទេះ​ចម្បាំង​នៅ​លើ​កំពូល​ភ្នំ គឺ​ដូច​សន្ធឹក​អណ្ដាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​ប្រុង‌ប្រៀប​នឹង​ចូល​ច្បាំង។ សាសន៍​នានា​មាន​សេចក្ដី​ថប់​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ទៅ​ជា​ស្លេក‌ស្លាំង។ គេ​សម្រុក​ទៅ​មុខ​ដូច​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​មនុស្ស​ថ្នឹក​ច្បាំង ម្នាក់ៗ​សម្រុក​ទៅ​មុខ ឥត​ងាក​ចេញ​ពី ផ្លូវ​របស់​ខ្លួន​ឡើយ។ គេ​មិន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ គឺ​ម្នាក់ៗ​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទម្លុះ​ទម្លាយ​ឧប‌សគ្គ ឥត​រុញ‌រា​ឡើយ។ គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូចជា​ចោរ។ ផែន‌ដី​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ប្រែ​ជា​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មានក៏​លែង​មាន​ពន្លឺ។ ព្រះ‌យេហូវ៉ា​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​កង​ទ័ព​របស់​ព្រះ‌អង្គ ដ្បិត​ជំរំ​ទ័ព​របស់​ព្រះ‌អង្គ​ធំ​ណាស់ អស់​អ្នក​ដែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ នោះ​មាន​ច្រើន​ឥត​គណនា ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជា​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?

ចែក​រំលែក
អាន យ៉ូអែល 2

យ៉ូអែល 2:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ពី​ព្រោះ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ក៏​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ ជា​ថ្ងៃ​មាន​ពពក​ហើយ​ងងឹត​យ៉ាង​ក្រាស់ មាន​ជាតិ​១​ធំ ហើយ​ខ្លាំង​ពូកែ​មក ដូច​ជា​ពន្លឺ​នៅ​ពេល​បំព្រាង​លាត​ផ្សាយ​ទៅ​នៅ​លើ​ភ្នំ មិន​ដែល​មាន​ឲ្យ​ដូច​ឡើយ ហើយ​ក្រោយ​គេ​ត​ទៅ ក៏​មិន​ត្រូវ​មាន​យ៉ាង​នោះ​ដែរ ដរាប​ដល់​ច្រើន​ដំណ​មនុស្ស​ត​រៀង​ទៅ មាន​ភ្លើង​ឆេះ​បន្សុស​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្តាត​ភ្លើង​ឆេះ​ដែរ នៅ​មុខ​គេ ផែនដី​ប្រៀប​ដូច​ជា​សួន‌ច្បារ​អេដែន តែ​ខាង​ក្រោយ​គេ នោះ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន​ដ៏​ស្ងាត់‌ច្រៀប​វិញ ឥត​មាន​អ្វី​រួច​ពី​គេ​ឡើយ។ ភាព​រូប​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ គេ​ក៏​រត់​ដូច​ជា​សេះ​ចំបាំង​ដែរ គេ​កញ្ឆល​ឮ​សន្ធឹក ដូច​ជា​រទេះ​ចំបាំង​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​សន្ធឹក​អណ្តាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​យ៉ាង​ខ្លាំង​ពូកែ​ដែល​តំរៀប​គ្នា​ប្រុង​ចូល​ច្បាំង អស់​ទាំង​សាសន៍​មាន​សេចក្ដី​បារម្ភ​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ក៏​ស្លេក‌ស្លាំង​ទៅ គេ​រត់​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​ជា​មនុស្ស​ថ្នឹក​ច្បាំង គ្រប់​គ្នា​ដើរ​ត្រង់​ទៅ​ខាង​មុខ ឥត​មាន​ណា​រា​បែក​ឡើយ ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទំលុះ​ទំលាយ​គ្រឿង​សស្ត្រា‌វុធ​ឥត​រុញ‌រា‌ថយ​ក្រោយ​ឡើយ គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូច‌ជា​ចោរ ផែនដី​ក៏​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ នឹង​ព្រះ‌ចន្ទ​ក៏​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​លែង​ភ្លឺ​ទៅ ព្រះ‌យេហូវ៉ា ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​ពល​ទ័ព​របស់​ទ្រង់ ដ្បិត​ទី​បោះ​ទ័ព​របស់​ទ្រង់​ធំ​ណាស់ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​មាន​កំឡាំង​ខ្លាំង ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធំ​ក្រៃ‌លែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន។

ចែក​រំលែក
អាន យ៉ូអែល 2