យ៉ូប 26:7-14
យ៉ូប 26:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គត្រដាងទិសខាងជើង ពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅលើលំហ។ ព្រះអង្គចងទប់ទឹកនៅក្នុងពពក យ៉ាងក្រាស់របស់ព្រះអង្គ ហើយពពកមិនធ្លាយពីក្រោមទេ ព្រះអង្គបាំងខាងមុខបល្ល័ង្កព្រះអង្គ ហើយត្រដាងពពករបស់ព្រះអង្គពីលើ។ ព្រះអង្គបានធ្វើរបងព័ទ្ធជុំវិញទឹក ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ។ សសរនៃផ្ទៃមេឃញញ័រ ហើយមានសេចក្ដីអស្ចារ្យ ដោយព្រះអង្គបន្ទោស។ ព្រះអង្គធ្វើឲ្យសមុទ្រកម្រើកឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ ហើយក៏វាយកម្ទេចសេចក្ដីឆ្មើងឆ្មៃ។ ព្រះអង្គតុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណព្រះអង្គ ហើយព្រះហស្តរបស់ព្រះអង្គ បានចាក់ទម្លុះពស់ ដែលកំពុងតែលឿនទៅ។ ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ របស់ព្រះអង្គទេ ហើយយើងឮនិយាយពីព្រះអង្គ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ តើអ្នកណានឹងយល់បាន?»
យ៉ូប 26:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស ព្រះអង្គព្យួរផែនដីនៅលើលំហ។ ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។ ព្រះអង្គលាតត្រដាងពពក បាំងបល្ល័ង្ករបស់ព្រះអង្គ។ ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹក ត្រង់ព្រំប្រទល់រវាងពន្លឺ និងងងឹត។ សសររបស់មេឃរញ្ជួយ និងភ័យតក់ស្លុត នៅពេលឮព្រះអង្គស្រែកគំរាម។ ព្រះអង្គបង្ក្រាបសមុទ្រ ដោយសារព្រះចេស្ដារបស់ព្រះអង្គ។ ព្រះអង្គកម្ទេចសត្វដ៏សម្បើមនៅក្នុងសមុទ្រ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។ ព្រះអង្គធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន ដោយសារព្រះហស្ដរបស់ព្រះអង្គ។ នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ តើនរណាអាចស្វែងយល់បាន?»។
យ៉ូប 26:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង ទ្រង់ចងទប់ទឹកនៅក្នុងពពកយ៉ាងក្រាស់របស់ទ្រង់ ហើយពពកមិនធ្លាយពីក្រោមទេ ទ្រង់បាំងខាងមុខបល្ល័ង្កទ្រង់ ហើយត្រដាងពពករបស់ទ្រង់ពីលើ ទ្រង់បានធ្វើរបងព័ទ្ធជុំវិញទឹក ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ សសរនៃផ្ទៃមេឃញញ័រ ហើយមានសេចក្ដីអស្ចារ្យ ដោយទ្រង់បន្ទោស ទ្រង់ធ្វើឲ្យសមុទ្រកំរើកឡើង ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយក៏វាយកំទេចសេចក្ដីឆ្មើងឆ្មៃ ទ្រង់តុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណទ្រង់ ហើយព្រះហស្តទ្រង់បានចាក់ទំលុះពស់ ដែលកំពុងតែលឿនទៅ មើល ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ ហើយយើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ទ្រង់ នោះតើអ្នកណានឹងយល់បាន។