យ៉ូប 26

26
1នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា 2អ្នក​ពូកែ​មែន អ្នក​បាន​ជួយ​មនុស្ស​ដែល​គ្មាន​អំណាច បាន​ទប់​ទល់​ដៃ​ដែល​គ្មាន​កំឡាំង 3បាន​ទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ក៏​បាន​ផ្សាយ​ប្រាជ្ញា​សុស‌សាយ​ហើយ 4តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា​ដែល​បណ្តាល​ឲ្យ​អ្នក​និយាយ។
5ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង 6ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ 7ទ្រង់​ត្រដាង​ទិស​ខាង​ជើង​ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង 8ទ្រង់​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់ ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ 9ទ្រង់​បាំង​ខាង​មុខ​បល្ល័ង្ក​ទ្រង់ ហើយ​ត្រដាង​ពពក​របស់​ទ្រង់​ពី​លើ 10ទ្រង់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ 11សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្ដី​អស្ចារ្យ ដោយ​ទ្រង់​បន្ទោស 12ទ្រង់​ធ្វើ​ឲ្យ​សមុទ្រ​កំរើក​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ហើយ​ក៏​វាយ​កំទេច​សេចក្ដី​ឆ្មើង‌ឆ្មៃ 13ទ្រង់​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ហើយ​ព្រះ‌ហស្ត​ទ្រង់​បាន​ចាក់​ទំលុះ​ពស់ ដែល​កំពុង​តែ​លឿន​ទៅ 14មើល ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ នោះ​តើ​អ្នក​ណា​នឹង​យល់​បាន។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 26: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល