យ៉ូប 13:17-28
យ៉ូប 13:17-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរប្រុងស្តាប់សេចក្ដីរបស់ខ្ញុំចុះ ហើយឲ្យសេចក្ដីថ្លែងប្រាប់របស់ខ្ញុំ បានចូលក្នុងត្រចៀកអ្នករាល់គ្នាផង។ មើល៍ ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត។ តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ? បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។ ឱសូមព្រះអង្គប្រោសសេចក្ដីតែពីរមុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួន ពីព្រះភក្ត្រព្រះអង្គឡើយ គឺសូមព្រះអង្គដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មកបំភ័យទូលបង្គំទៀត។ នោះសូមព្រះអង្គហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយមកវិញ។ តើអំពើទុច្ចរិត និងអំពើបាប របស់ទូលបង្គំមានប៉ុន្មាន? សូមព្រះអង្គសម្ដែងឲ្យទូលបង្គំ បានស្គាល់អស់ទាំងអំពើរំលង និងអំពើបាបរបស់ទូលបង្គំផង។ ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ? ហេតុអ្វីព្រះអង្គវាយស្លឹកឈើដែលត្រូវខ្យល់ផាត់ ហើយដេញតាមចំបើងក្រៀម? ដ្បិតព្រះអង្គបានកត់ទុកអស់ទាំង សេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោស នៃបាបដែលបានប្រព្រឹត្តកាលពីក្មេង។ ព្រះអង្គដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយព្រះអង្គគូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ។ ទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាត បានកាត់អស់ហើយផង។
យ៉ូប 13:17-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ ដែលខ្ញុំនឹងថ្លែង សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់! ខ្ញុំនឹងនិយាយការពារខ្លួនខ្ញុំ ព្រោះខ្ញុំដឹងថា ខ្ញុំគ្មានកំហុសអ្វីទេ។ តើនរណាចង់ចោទប្រកាន់ខ្ញុំ? ប្រសិនបើខ្ញុំខុសមែន ខ្ញុំសុខចិត្តនៅស្ងៀម ហើយអត់ដង្ហើមឲ្យស្លាប់។ ប៉ុន្តែ សូមព្រះអង្គមេត្តាអនុញ្ញាតតាម សំណូមពរពីររបស់ទូលបង្គំ នោះទូលបង្គំលែងលាក់ខ្លួនឆ្ងាយពីព្រះភ័ក្ត្រ របស់ព្រះអង្គទៀតឡើយ គឺសូមដកព្រះហស្ដចេញពីទូលបង្គំ ហើយក៏កុំធ្វើឲ្យទូលបង្គំ ភ័យតក់ស្លុតទៀតដែរ។ បន្ទាប់មក សូមព្រះអង្គមានព្រះបន្ទូល មកកាន់ទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតបវិញ ឬមួយសូមទុកឲ្យទូលបង្គំនិយាយមុន រួចទើបព្រះអង្គឆ្លើយតាមក្រោយក៏បាន។ តើកំហុស និងអំពើបាបរបស់ទូលបង្គំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យទូលបង្គំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ទូលបង្គំផង។ ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ជាសត្រូវនឹងព្រះអង្គដូច្នេះ? ទូលបង្គំប្រៀបដូចជាស្លឹកឈើ ឬចំបើងស្ងួត ដែលប៉ើងតាមខ្យល់ តើព្រះអង្គដេញតាមប្រហារទូលបង្គំធ្វើអ្វី? ព្រះអង្គបានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗ ដែលទូលបង្គំប្រព្រឹត្ត ព្រះអង្គឲ្យទូលបង្គំទទួលខុសត្រូវលើកំហុស ដែលទូលបង្គំប្រព្រឹត្តកាលពីនៅក្មេង។ ព្រះអង្គចង់យកខ្នោះមកដាក់ជើងទូលបង្គំ ព្រះអង្គឃ្លាំមើលអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត សូម្បីតែដានជើងទូលបង្គំ ក៏ព្រះអង្គតាមពិនិត្យមើលដែរ។ រូបកាយទូលបង្គំប្រៀបបាននឹងឈើពុក ឬដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។
យ៉ូប 13:17-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រុងស្តាប់សេចក្ដីរបស់ខ្ញុំចុះ ហើយឲ្យសេចក្ដីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង មើល ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។ ឱសូមព្រះទ្រង់ប្រោសសេចក្ដីតែ២មុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួនពីព្រះភក្ត្រទ្រង់ឡើយ គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានបន្ទូលឆ្លើយមកវិញ តើសេចក្ដីទុច្ចរិត នឹងអំពើបាបរបស់ទូលបង្គំមានប៉ុន្មាន សូមទ្រង់សំដែងឲ្យទូលបង្គំបានស្គាល់អស់ទាំងសេចក្ដីរំលង នឹងអំពើបាបរបស់ទូលបង្គំផង ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ ទ្រង់នឹងវាយស្លឹកឈើដែលខ្យល់ផាត់ទៅមកធ្វើអី ហើយដេញតាមចំបើងក្រៀមឬអី ហេតុអ្វីបានជាទ្រង់បានកត់ទុកអស់ទាំងសេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោសនៃបាបដែលបានធ្វើពីកាលនៅក្មេងមកដូច្នេះ ទ្រង់ដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយទ្រង់គូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ ទោះបើទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាតបានកាត់អស់ហើយផង។