យ៉ូប 1:6-22

យ៉ូប 1:6-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ថ្ងៃ​មួយ ពេល​ដែល​ពួក​កូន​ព្រះ បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​អារក្ស​សាតាំង ក៏​មក​នៅ​ក្នុង​ចំណោម​គេ​ដែរ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​សាតាំង​ថា៖ «តើ​ឯង​មក​ពី​ណា?» សាតាំង​ទូល​ឆ្លើយ​ថា៖ «មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី»។ រួច​ព្រះ‌យេហូវ៉ា​សួរ​សាតាំង​ថា៖ «តើ​ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? ដ្បិត​គ្មាន​អ្នក​ណា​មួយ​នៅ​ផែន‌ដី​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង»។ សាតាំង​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ដែល​យ៉ូប​កោត​ខ្លាច​ដល់​ព្រះ‌អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​គ្រួ និង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ ព្រះ‌អង្គ​បាន​ប្រទាន​ពរ​ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ‌សម្បត្តិ​គាត់​ក៏​បាន​ចម្រើន​ឡើង​នៅ​លើ​ផែនដី ដូច្នេះ ចូរ​ព្រះ‌អង្គ​គ្រាន់​តែ​លូក​ព្រះ‌ហស្ត ទៅ​ពាល់​របស់​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ‌ភក្ត្រ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មើល៍! យើង​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ» ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៅ។ មាន​មួយ​ថ្ងៃ កាល​ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិ‌ភោគ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ឯ​ផ្ទះ​បង​ច្បង នោះ​គាប់​ចួន​ជា​មាន​ម្នាក់​នាំ​ដំណឹង​មក​ជម្រាប​លោក​យ៉ូប​ថា៖ «កំពុង​ដែល​គោ​នៅ​ភ្ជួរ ហើយ​ហ្វូង​លា​រក​ស៊ី​ជិត​ខាង នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សម្លាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​បាន​រត់​រួច មក​ជម្រាប​លោក»។ កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម និង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រួច​មក​ជម្រាប​លោក»។ កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ពួក​សាសន៍​ខាល់ដេ បាន​ចែក​គ្នា​ជា​បី​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សម្លាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រត់​រួច​មក​ជម្រាប​លោក»។ កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិ‌ភោគ នៅ​ក្នុង​ផ្ទះ​បង​ច្បង ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ‌ស្ថាន បោក​ប្រមុម​ផ្ទះ​ទាំង​បួន​ជ្រុង រំលំ​ទៅ​លើកូន​លោក​ស្លាប់​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រួច ដើម្បី​មក​ជម្រាប​លោក»។ នោះ​លោក​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ​បង្គំ ដោយ​ពោល​ថា៖ «ទូល‌បង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក ហើយ​ព្រះ‌អង្គ​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ»។ ក្នុង​គ្រប់​សេចក្ដី​ទាំង​នោះ លោក​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ។

ចែក​រំលែក
អាន យ៉ូប 1

យ៉ូប 1:6-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ពពួក​ទេវតា​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ មារ*‌សាតាំង​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ទេវតា​ទាំង​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កម្សាន្ត​នៅ​លើ​ផែនដី»។ ព្រះ‌អម្ចាស់​សួរ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោតខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖ «តើ​យ៉ូប​ពិត​ជា​គោរព​កោតខ្លាច​ព្រះអង្គ​ដោយ​សុទ្ធ​ចិត្ត​មែន​ឬ? តាម​ពិត គាត់​គោរព​ព្រះអង្គ​ដូច្នេះ មក​ពី​ព្រះអង្គ​ការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​គាត់​បាន​ចម្រើន​ក្នុង​កិច្ចការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​ឲ្យ​ហ្វូង​សត្វ​របស់​គាត់ កើន​ចំនួន​ច្រើន​ពាស‌ពេញ​ស្រុក​ដែរ។ ប្រសិន​បើ​ព្រះអង្គ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះអង្គ​មិន​ខាន»។ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «អ្វីៗ​ដែល​យ៉ូប​មាន ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក​ស្រាប់​ហើយ ប៉ុន្តែ កុំ​ប៉ះ‌ពាល់​រូប​គាត់​ផ្ទាល់​ឲ្យ​សោះ»។ ពេល​នោះ មារ​សាតាំង​ក៏​ចាក​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ។ ថ្ងៃ​មួយ ពេល​កូន​ប្រុស​កូន​ស្រី​របស់​លោក​យ៉ូប​កំពុង​តែ​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង នោះ​មាន​អ្នក​បម្រើ​ម្នាក់​មក​ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ​ជា​មួយ​គោ ហើយ​ហ្វូង​លា​ក៏​កំពុង​តែ​ស៊ី​ស្មៅ​នៅ​ក្បែរ​នោះ ស្រាប់​តែ​មាន​ជន‌ជាតិ​សេបា មក​វាយ​ពួក​យើង ប្លន់​យក​ហ្វូង​សត្វ​របស់​លោក​ម្ចាស់​អស់។ ពួក​គេ​បាន​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ ពេល​អ្នក​នោះ​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «មាន​រន្ទះ​បាញ់​ពី​លើ​មេឃ ឆេះ​ហ្វូង​ចៀម​របស់​លោក​ម្ចាស់ ហើយ​អ្នក​បម្រើ​ឯ​ទៀតៗ​ក៏​ស្លាប់​អស់​ដែរ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «មាន​ជន‌ជាតិ​ខាល់ដេ លើក​គ្នា​មក​ជា​បី​ក្រុម ហើយ​ប្លន់​យក​ហ្វូង​អូដ្ឋ និង​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «កូន​ប្រុស កូន​ស្រី​របស់​លោក​ម្ចាស់ កំពុង​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​ពី​វាល​រហោ‌ស្ថាន ប៉ះ​នឹង​ជ្រុង​ផ្ទះ​ទាំង​បួន ផ្ទះ​ក៏​រលំ​សង្កត់​យុវជន​ទាំង​នោះ ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់ ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ ពេល​នោះ លោក​យ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​លោក ហើយ​កោរ​សក់។ បន្ទាប់​មក លោក​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំ ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ ព្រះ‌អម្ចាស់​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ព្រះអង្គ​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់»។ ក្នុង​ស្ថាន‌ភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឬ​ពោល​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌ជាម្ចាស់​ដែរ។

ចែក​រំលែក
អាន យ៉ូប 1

យ៉ូប 1:6-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​មាន​កាល​១​ថ្ងៃ ដែល​ពួក​កូន​ព្រះ​បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​អារក្ស​សាតាំង​ក៏​មក​នៅ​ក្នុង​ចំណោម​គេ​ដែរ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​សាតាំង​ថា ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បំរើ​អញ​ឬ​ទេ ដ្បិត​គ្មាន​អ្នក​ណា​មួយ នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង សាតាំង​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា ដែល​យ៉ូប​កោត‌ខ្លាច​ដល់​ព្រះ‌អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្តិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ‌ហស្ត ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌ភក្ត្រ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា មើល អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។ មាន​១​ថ្ងៃ កាល​ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ឯ​ផ្ទះ​បង​ច្បង នោះ​គាប់​ចួន​ជា​មាន​ម្នាក់​នាំ​ដំណឹង​មក​ជំរាប​យ៉ូប​ថា កំពុង​ដែល​គោ​នៅ​ភ្ជួរ ហើយ​ហ្វូង​លា​រក​ស៊ី​ជិត​ខាង នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សំឡាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​បាន​រត់​រួច​មក​ជំរាប​លោក កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម នឹង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច​មក​ជំរាប​លោក កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ពួក​សាសន៍​ខាល់ដេបាន​ចែក​គ្នា​ជា​៣​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សំឡាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​រត់​រួច​មក​ជំរាប​លោក កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ នៅ​ក្នុង​ផ្ទះ​បង​ច្បង ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ‌ស្ថាន បោក​ប្រមុំ​ផ្ទះ​ទាំង​៤​ជ្រុង រំលំ​ទៅ​លើ​កូន​លោក​ស្លាប់​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច ដើម្បី​មក​ជំរាប​លោក។ នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ ដោយ​ពាក្យ​ថា ទូលបង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ ក្នុង​គ្រប់​សេចក្ដី​ទាំង​នោះយ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ។

ចែក​រំលែក
អាន យ៉ូប 1