យ៉ូហាន 8:1-12

យ៉ូហាន 8:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ទៅ​ភ្នំ​ដើម​អូលីវ លុះ​ព្រលឹម​ឡើង ព្រះអង្គ​វិល​ត្រឡប់​ទៅ​ព្រះ‌វិហារ​ជា​ថ្មី​ម្ដង​ទៀត ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​មក​គាល់​ព្រះអង្គ ព្រះអង្គ​ក៏​គង់​បង្រៀន​ពួក​គេ។ ពេល​នោះ ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​នាំ​ស្ត្រី​ម្នាក់ ដែល​គេ​ទាន់​កំពុង​តែ​រួម​សហាយ‌ស្មន់។ គេ​យក​នាង​នោះ​មក​ដាក់​កណ្ដាល​ចំណោម​ប្រជុំ‌ជន ហើយ​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ យើង​ចាប់​ស្ត្រី​នេះ​បាន ក្នុង​ពេល​កំពុង​រួម​សហាយ‌ស្មន់។ ក្នុង​ក្រឹត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​យក​ដុំ​ថ្ម គប់​ស្ត្រី​ប្រភេទ​នេះ​សម្លាប់​ចោល។ ចុះ​លោក​គ្រូ​វិញ តើ​លោក​គ្រូ​គិត​យ៉ាង​ណា?»។ ពួក​គេ​ទូល​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​ព្រះអង្គ។ ប៉ុន្តែ ព្រះ‌យេស៊ូ​ឱន​ព្រះ‌កាយ​ចុះ ហើយ​យក​ព្រះអង្គុលី​គូស‌វាស​លើ​ដី។ ដោយ​ពួក​គេ​ចេះ​តែ​សួរ​ព្រះអង្គ​ខ្លាំង​ពេក ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ​យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ!»។ បន្ទាប់​មក ព្រះអង្គ​ឈ្ងោក​ព្រះ‌ភ័ក្ត្រ​ចុះ ហើយ​គូស‌វាស​លើ​ដី​សា​ជា​ថ្មី។ ពួក​គេ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ដូច្នេះ ក៏​នាំ​គ្នា​ដក​ខ្លួន​ថយ​ម្នាក់​ម្ដងៗ ចាប់​ផ្ដើម​ពី​អ្នក​មាន​វ័យ​ចាស់​ជាង​គេ​ទៅ នៅ​សល់​តែ​ព្រះ‌យេស៊ូ និង​ស្ត្រី​នោះ​ប៉ុណ្ណោះ។ ពេល​នោះ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ពួក​គេ​ទៅ​ណា​អស់​ហើយ គ្មាន​នរណា​ដាក់​ទោស​នាង​ទេ​ឬ?»។ នាង​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ​លោក​ម្ចាស់!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ សុំ​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឡើយ»។] ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ព្រះ‌យេស៊ូវ​យាង​ទៅ​ភ្នំ​ដើម​អូលីវ​វិញ។ លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​យាង​ទៅ​ព្រះ‌វិហារ​ម្តង​ទៀត ហើយ​ប្រជា‌ជន​នាំ​គ្នា​មក​ជួប​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​គង់​ចុះ​បង្រៀន​គេ។ ពួក​អាចារ្យ និង​ពួក​ផារិ‌ស៊ី នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ពេល​រួម​សហាយ​ស្មន់​មក ហើយ​ដាក់​នាង​ឲ្យ​ឈរ​នៅ​កណ្តាល​ជំនុំ ពួក​គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន ក្នុង​ពេល​កំពុង​សហាយ‌ស្មន់។ ក្នុង​ក្រឹត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​គប់​ដុំ​ថ្ម​សម្លាប់​ស្ត្រី​បែប​នេះ ដូច្នេះ តើ​លោក​គិត​ដូច​ម្ដេច?» គេ​ទូល​ដូច្នោះ ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ទេ ប្រយោជន៍​ឲ្យ​បាន​រក​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌យេស៊ូវ​ឱន​ចុះ ហើយ​សរសេរ​លើ​ដី ដោយ​ព្រះ‌អង្គុលី​របស់​ព្រះ‌អង្គ។ ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ ព្រះ‌អង្គ​ក៏​ងើប​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​គ្មាន​បាប​សោះ សុំ​ឲ្យ​អ្នក​នោះ​យក​ដុំថ្ម​គប់​នាង​មុន​គេ​ចុះ»។ បន្ទាប់​មក ព្រះ‌អង្គ​ឱន​ចុះ ហើយ​សរសេរ​លើ​ដី​ម្តង​ទៀត។ ពេល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ ហើយ​មនសិការ​របស់​គេ បាន​ចោទ​ប្រកាន់​ទោស​ខ្លួន គេ​ក៏​ថយ​ចេញ​ទៅ​ម្នាក់​ម្តងៗ ចាប់​តាំង​ពី​មនុស្ស​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ក្រោយ​បង្អស់ នៅ​សល់​តែ​ព្រះ‌យេស៊ូវ និង​ស្ត្រី​នោះ ដែល​នៅ​ចំពោះ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌យេស៊ូវ​ងើប​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ តើ​ពួក​គេ​ទៅ​ណា​អស់​ហើយ? គ្មាន​អ្នក​ណា​ដាក់​ទោស​នាង​ទេ​ឬ?» នាង​ទូល​ឆ្លើយ​ថា៖ «គ្មាន​ទេ លោក​ម្ចាស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​ចាប់​ពី​ពេល​នេះ​ទៅ កុំ​ធ្វើ​បាប​ទៀត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​ដែល​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​ដើរ​ក្នុង​ទី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។

ចែក​រំលែក
អាន យ៉ូហាន 8