យ៉ូហាន 8:1-12

យ៉ូហាន 8:1-12 គកស១៦

ប៉ុន្ដែ ព្រះ‌យេស៊ូវ​យាង​ទៅ​ភ្នំ​ដើម​អូលីវ​វិញ។ លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​យាង​ទៅ​ព្រះ‌វិហារ​ម្តង​ទៀត ហើយ​ប្រជា‌ជន​នាំ​គ្នា​មក​ជួប​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​គង់​ចុះ​បង្រៀន​គេ។ ពួក​អាចារ្យ និង​ពួក​ផារិ‌ស៊ី នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ពេល​រួម​សហាយ​ស្មន់​មក ហើយ​ដាក់​នាង​ឲ្យ​ឈរ​នៅ​កណ្តាល​ជំនុំ ពួក​គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន ក្នុង​ពេល​កំពុង​សហាយ‌ស្មន់។ ក្នុង​ក្រឹត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​គប់​ដុំ​ថ្ម​សម្លាប់​ស្ត្រី​បែប​នេះ ដូច្នេះ តើ​លោក​គិត​ដូច​ម្ដេច?» គេ​ទូល​ដូច្នោះ ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ទេ ប្រយោជន៍​ឲ្យ​បាន​រក​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌យេស៊ូវ​ឱន​ចុះ ហើយ​សរសេរ​លើ​ដី ដោយ​ព្រះ‌អង្គុលី​របស់​ព្រះ‌អង្គ។ ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ ព្រះ‌អង្គ​ក៏​ងើប​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​គ្មាន​បាប​សោះ សុំ​ឲ្យ​អ្នក​នោះ​យក​ដុំថ្ម​គប់​នាង​មុន​គេ​ចុះ»។ បន្ទាប់​មក ព្រះ‌អង្គ​ឱន​ចុះ ហើយ​សរសេរ​លើ​ដី​ម្តង​ទៀត។ ពេល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ ហើយ​មនសិការ​របស់​គេ បាន​ចោទ​ប្រកាន់​ទោស​ខ្លួន គេ​ក៏​ថយ​ចេញ​ទៅ​ម្នាក់​ម្តងៗ ចាប់​តាំង​ពី​មនុស្ស​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ក្រោយ​បង្អស់ នៅ​សល់​តែ​ព្រះ‌យេស៊ូវ និង​ស្ត្រី​នោះ ដែល​នៅ​ចំពោះ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌យេស៊ូវ​ងើប​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ តើ​ពួក​គេ​ទៅ​ណា​អស់​ហើយ? គ្មាន​អ្នក​ណា​ដាក់​ទោស​នាង​ទេ​ឬ?» នាង​ទូល​ឆ្លើយ​ថា៖ «គ្មាន​ទេ លោក​ម្ចាស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​ចាប់​ពី​ពេល​នេះ​ទៅ កុំ​ធ្វើ​បាប​ទៀត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​ដែល​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​ដើរ​ក្នុង​ទី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។

អាន យ៉ូហាន 8