យ៉ូហាន 6:15-21
យ៉ូហាន 6:15-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គដោយកម្លាំង ដើម្បីតាំងឡើងជាស្តេច ទ្រង់ក៏ចេញពីគេឡើងទៅលើភ្នំ តែមួយអង្គឯងម្តងទៀត។ នៅពេលព្រលប់ ពួកសិស្សព្រះអង្គនាំគ្នាទៅសមុទ្រ ចុះទូក ឆ្លងទៅក្រុងកាពើណិម ពេលនោះ ងងឹត ហើយព្រះយេស៊ូវក៏មិនទាន់មកដល់។ សមុទ្រមានខ្យល់បក់បោកជាខ្លាំង ពេលគេចែវទៅប្រហែលជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូវកំពុងយាងលើសមុទ្រមកជិតទូក ហើយគេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំភ័យអី គឺខ្ញុំទេ» ពួកគេចង់យាងព្រះអង្គចូលក្នុងទូក ស្រាប់តែពេលនោះ ទូកក៏មកដល់ត្រើយ ជាកន្លែងដែលគេចង់ទៅ។
យ៉ូហាន 6:15-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។ លុះដល់ល្ងាច ពួកសិស្ស*នាំគ្នាចុះទៅមាត់សមុទ្រ។ គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី»។ ពួកសិស្សចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបម្រុងនឹងទៅ។
យ៉ូហាន 6:15-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្តេច។ លុះព្រលប់ហើយ ពួកសិស្សទ្រង់ចុះទៅឯសមុទ្រ ក៏ចុះទូកឆ្លងទៅឯកាពើណិម ពេលនោះងងឹតហើយ តែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយ សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង កាលគេបានចែវទៅប្រហែលជា៥ឬ៦គីឡូម៉ែត្រហើយ នោះស្រាប់តែគេឃើញព្រះយេស៊ូវ ទ្រង់យាងលើសមុទ្រមកជិតទូក ហើយគេមានសេចក្ដីភ័យខ្លាច តែទ្រង់មានបន្ទូលថា កុំភ័យអី គឺខ្ញុំទេតើ នោះគេក៏ព្រមទទួលទ្រង់មកក្នុងទូក ស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅ។