យ៉ូហាន 5:1-23
យ៉ូហាន 5:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក មានបុណ្យមួយរបស់សាសន៍យូដា ហើយព្រះយេស៊ូវយាងឡើងទៅក្រុងយេរូសាឡិម។ នៅក្រុងយេរូសាឡិម ជិតទ្វារចៀម មានស្រះមួយ ដែលភាសាហេព្រើរហៅថា បេថែសដា ស្រះនោះមានថែវប្រាំ។ មានមនុស្សដេកនៅក្នុងសាលាទាំងនោះជាច្រើន ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត [គេរង់ចាំទឹកកម្រើកឡើង ដ្បិតមានពេលមួយ ទេវតានៃព្រះអម្ចាស់ចុះមកកូរទឹកក្នុងស្រះនោះ ហើយអ្នកណាដែលចុះទៅបានមុនគេនឹងជាស្អាត ទោះបើមានជំងឺអ្វីក៏ដោយ។] នៅទីនោះមានបុរសម្នាក់ ដែលឈឺសាមសិបប្រាំបីឆ្នាំមកហើយ កាលព្រះយេស៊ូវទតឃើញគាត់ដេកនៅទីនោះ ហើយជ្រាបថា គាត់ឈឺដូច្នោះយូរមកហើយ ទ្រង់ក៏មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?» អ្នកជំងឺនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលណាដែលទឹកកម្រើកឡើង គ្មានអ្នកណាដាក់ខ្ញុំទៅក្នុងស្រះទេ ហើយពេលខ្ញុំកំពុងចុះ នោះមានម្នាក់ចុះទៅមុនខ្ញុំរហូត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយដើរទៅ»។ ស្រាប់តែអ្នកនោះបានជាភ្លាម ហើយយកកន្ទេលរបស់ខ្លួនដើរទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ។ ដូច្នេះ ពួកសាសន៍យូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានច្បាប់នឹងលីកន្ទេលរបស់អ្នកទេ»។ គាត់ឆ្លើយទៅគេថា៖ «លោកដែលធ្វើឲ្យខ្ញុំជា បង្គាប់ថា "ចូរយកកន្ទេលរបស់អ្នក ហើយដើរទៅ"»។ គេសួរគាត់ថា៖ «តើអ្នកណាប្រាប់អ្នកថា "ចូរយកកន្ទេល ហើយដើរទៅ" ដូច្នេះ?» តែអ្នកដែលបានជា មិនស្គាល់ថាអ្នកណាទេ ព្រោះព្រះយេស៊ូវយាងចេញពីបណ្តាជនដែលនៅទីនោះផុតទៅហើយ។ ក្រោយមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ កុំធ្វើបាបទៀត ក្រែងអ្នកមានសេចក្តីអាក្រក់ជាងមុន»។ អ្នកនោះក៏ចេញទៅប្រាប់ពួកសាសន៍យូដា ឲ្យដឹងថា គឺព្រះយេស៊ូវដែលប្រោសគាត់ឲ្យជា។ ហេតុនោះហើយបានជាពួកសាសន៍យូដា ចាប់ផ្តើមបៀតបៀនព្រះយេស៊ូវ ព្រោះព្រះអង្គធ្វើការនៅថ្ងៃសប្ប័ទ។ ប៉ុន្តែ ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ»។ ដោយហេតុនេះ ពួកសាសន៍យូដារកសម្លាប់ព្រះអង្គរឹតតែខ្លាំងឡើង ព្រោះព្រះអង្គមិនមែនគ្រាន់តែរំលងច្បាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថា ជាព្រះវរបិតារបស់ព្រះអង្គផ្ទាល់ ហើយលើកអង្គទ្រង់ស្មើនឹងព្រះទៀតផង។ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចធ្វើអ្វី ដោយអង្គទ្រង់ផ្ទាល់បានឡើយ គឺធ្វើតែកិច្ចការណា ដែលឃើញព្រះវរបិតាធ្វើប៉ុណ្ណោះ ដ្បិតកិច្ចការអ្វីដែលព្រះវរបិតាធ្វើ ព្រះរាជបុត្រាក៏ធ្វើកិច្ចការនោះដែរ។ ដ្បិតព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបង្ហាញឲ្យព្រះរាជបុត្រាឃើញ អស់ទាំងកិច្ចការដែលព្រះអង្គធ្វើ ព្រះអង្គនឹងបង្ហាញឲ្យឃើញធំលើសជាងកិច្ចការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអស្ចារ្យ។ ដូចដែលព្រះវរបិតាប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា ព្រះរាជបុត្រាក៏ប្រទានជីវិតដល់អ្នកណា ដែលព្រះអង្គសព្វព្រះហឫទ័យយ៉ាងនោះដែរ។ ព្រះវរបិតាមិនជំនុំជម្រះអ្នកណាទេ តែព្រះអង្គបានប្រគល់គ្រប់ទាំងការជំនុំជម្រះ ដល់ព្រះរាជបុត្រាវិញ ដើម្បីឲ្យមនុស្សទាំងអស់គោរពប្រតិបត្តិព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពប្រតិបត្តិព្រះរាជបុត្រា អ្នកនោះក៏មិនគោរពប្រតិបត្តិព្រះវរបិតា ដែលចាត់ព្រះអង្គឲ្យមកដែរ។
យ៉ូហាន 5:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។ នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែសដា» ក្បែរស្រះនោះ មានថែវប្រាំ។ មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [រង់ចាំទឹកកម្រើក ដ្បិតយូរៗម្ដង មានទេវតា*មួយរូបចុះមកធ្វើឲ្យទឹកស្រះកម្រើក អ្នកណាចុះទៅក្នុងទឹកកម្រើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថា គាត់នៅទីនោះជាយូរមកហើយ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។ អ្នកនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលទឹកកម្រើក គ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ ហើយពេលណាខ្ញុំទៅដល់ មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។ ពេលនោះ ស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ រីឯថ្ងៃនោះជាថ្ងៃសប្ប័ទ*។ ជនជាតិយូដាស្ដីឲ្យបុរសដែលជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើឲ្យខ្ញុំជា ប្រាប់ខ្ញុំថា “ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!”»។ គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឲ្យយកគ្រែស្នែងដើរទៅដូច្នេះ?»។ ប៉ុន្តែ បុរសដែលជាមិនដឹងថានរណាបានប្រោសគាត់ឲ្យជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។ ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្តអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នកលើសមុនទៅទៀត»។ បុរសនោះចេញទៅប្រាប់ជនជាតិយូដាឲ្យដឹងថា គឺព្រះយេស៊ូដែលបានប្រោសគាត់ឲ្យជា។ ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនព្រះយេស៊ូ ព្រោះព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្រះបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។ កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនមកពីព្រះអង្គមិនបានគោរពតាមវិន័យ*សម្រាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់ឡើយ គឺព្រះបុត្រាធ្វើតែកិច្ចការណាដែលព្រះអង្គបានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់ព្រះបុត្រា និងបង្ហាញឲ្យព្រះបុត្រាឃើញគ្រប់កិច្ចការដែលព្រះអង្គធ្វើ ព្រះបិតានឹងបង្ហាញឲ្យព្រះបុត្រាឃើញកិច្ចការធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាងឿងឆ្ងល់។ ដូចព្រះបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះបិតាមិនដាក់ទោសនរណាឡើយ គឺព្រះអង្គបានប្រគល់អំណាចដាក់ទោសទាំងអស់ឲ្យព្រះបុត្រាវិញ ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាគោរពព្រះបុត្រា ដូចគេគោរពព្រះបិតា។ អ្នកណាមិនគោរពព្រះបុត្រាទេ អ្នកនោះក៏មិនគោរពព្រះបិតា ដែលបានចាត់ព្រះបុត្រាឲ្យយាងមកនោះដែរ។
យ៉ូហាន 5:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក មានបុណ្យ១របស់សាសន៍យូដា ហើយព្រះយេស៊ូវ ទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម រីឯនៅក្រុងយេរូសាឡិម ជិតទ្វារចៀម នោះមានស្រះ១ ដែលភាសាហេព្រើរហៅថា បេថែសដា មានសាលាសំណាក់៥ មានមនុស្សសន្ធឹកដេកនៅក្នុងសាលាទាំងនោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត គេរង់ចាំទឹកកំរើកឡើង ដ្បិតចួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ នៅទីនោះ មានមនុស្សម្នាក់ដែលឈឺ៣៨ឆ្នាំមកហើយ កាលព្រះយេស៊ូវឃើញគាត់ដេកនៅ ហើយបានជ្រាបថា គាត់នៅយ៉ាងនោះជាយូរមកហើយ នោះទ្រង់មានបន្ទូលថា តើអ្នកចង់បានជាឬទេ អ្នកជំងឺនោះទូលឆ្លើយថា លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ចូរយកគ្រែឯងដើរទៅ នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្ដីអាក្រក់ជាងនេះទៅទៀត មនុស្សនោះក៏ចេញទៅប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ ដែលប្រោសឲ្យខ្លួនបានជា ហេតុនោះបានជាពួកសាសន៍យូដា គេបៀតបៀនដល់ព្រះយេស៊ូវ ហើយរកសំឡាប់ទ្រង់ ដោយព្រោះទ្រង់ធ្វើការនោះ នៅថ្ងៃឈប់សំរាក ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលទៅគេថា ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ ដោយហេតុពាក្យនោះ បានជាពួកសាសន៍យូដា គេរកសំឡាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សំរាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង។ ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ ពីព្រោះព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញ ឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ ទ្រង់នឹងបង្ហាញឲ្យឃើញការធំ លើសជាងការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីអស្ចារ្យ ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ ដើម្បីឲ្យមនុស្សទាំងអស់បានគោរពប្រតិបត្តិដល់ព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិដល់ព្រះវរបិតាដែរ អ្នកណាដែលមិនគោរពប្រតិបត្តិដល់ព្រះរាជបុត្រា នោះក៏មិនគោរពប្រតិបត្តិដល់ព្រះវរបិតា ដែលចាត់ឲ្យទ្រង់មកដែរ។