ក្រោយមក មានបុណ្យមួយរបស់សាសន៍យូដា ហើយព្រះយេស៊ូវយាងឡើងទៅក្រុងយេរូសាឡិម។ នៅក្រុងយេរូសាឡិម ជិតទ្វារចៀម មានស្រះមួយ ដែលភាសាហេព្រើរហៅថា បេថែសដា ស្រះនោះមានថែវប្រាំ។ មានមនុស្សដេកនៅក្នុងសាលាទាំងនោះជាច្រើន ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត [គេរង់ចាំទឹកកម្រើកឡើង ដ្បិតមានពេលមួយ ទេវតានៃព្រះអម្ចាស់ចុះមកកូរទឹកក្នុងស្រះនោះ ហើយអ្នកណាដែលចុះទៅបានមុនគេនឹងជាស្អាត ទោះបើមានជំងឺអ្វីក៏ដោយ។] នៅទីនោះមានបុរសម្នាក់ ដែលឈឺសាមសិបប្រាំបីឆ្នាំមកហើយ កាលព្រះយេស៊ូវទតឃើញគាត់ដេកនៅទីនោះ ហើយជ្រាបថា គាត់ឈឺដូច្នោះយូរមកហើយ ទ្រង់ក៏មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?» អ្នកជំងឺនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលណាដែលទឹកកម្រើកឡើង គ្មានអ្នកណាដាក់ខ្ញុំទៅក្នុងស្រះទេ ហើយពេលខ្ញុំកំពុងចុះ នោះមានម្នាក់ចុះទៅមុនខ្ញុំរហូត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយដើរទៅ»។ ស្រាប់តែអ្នកនោះបានជាភ្លាម ហើយយកកន្ទេលរបស់ខ្លួនដើរទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ។ ដូច្នេះ ពួកសាសន៍យូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានច្បាប់នឹងលីកន្ទេលរបស់អ្នកទេ»។ គាត់ឆ្លើយទៅគេថា៖ «លោកដែលធ្វើឲ្យខ្ញុំជា បង្គាប់ថា "ចូរយកកន្ទេលរបស់អ្នក ហើយដើរទៅ"»។ គេសួរគាត់ថា៖ «តើអ្នកណាប្រាប់អ្នកថា "ចូរយកកន្ទេល ហើយដើរទៅ" ដូច្នេះ?» តែអ្នកដែលបានជា មិនស្គាល់ថាអ្នកណាទេ ព្រោះព្រះយេស៊ូវយាងចេញពីបណ្តាជនដែលនៅទីនោះផុតទៅហើយ។ ក្រោយមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ កុំធ្វើបាបទៀត ក្រែងអ្នកមានសេចក្តីអាក្រក់ជាងមុន»។ អ្នកនោះក៏ចេញទៅប្រាប់ពួកសាសន៍យូដា ឲ្យដឹងថា គឺព្រះយេស៊ូវដែលប្រោសគាត់ឲ្យជា។ ហេតុនោះហើយបានជាពួកសាសន៍យូដា ចាប់ផ្តើមបៀតបៀនព្រះយេស៊ូវ ព្រោះព្រះអង្គធ្វើការនៅថ្ងៃសប្ប័ទ។ ប៉ុន្តែ ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ»។ ដោយហេតុនេះ ពួកសាសន៍យូដារកសម្លាប់ព្រះអង្គរឹតតែខ្លាំងឡើង ព្រោះព្រះអង្គមិនមែនគ្រាន់តែរំលងច្បាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថា ជាព្រះវរបិតារបស់ព្រះអង្គផ្ទាល់ ហើយលើកអង្គទ្រង់ស្មើនឹងព្រះទៀតផង។ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចធ្វើអ្វី ដោយអង្គទ្រង់ផ្ទាល់បានឡើយ គឺធ្វើតែកិច្ចការណា ដែលឃើញព្រះវរបិតាធ្វើប៉ុណ្ណោះ ដ្បិតកិច្ចការអ្វីដែលព្រះវរបិតាធ្វើ ព្រះរាជបុត្រាក៏ធ្វើកិច្ចការនោះដែរ។ ដ្បិតព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបង្ហាញឲ្យព្រះរាជបុត្រាឃើញ អស់ទាំងកិច្ចការដែលព្រះអង្គធ្វើ ព្រះអង្គនឹងបង្ហាញឲ្យឃើញធំលើសជាងកិច្ចការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអស្ចារ្យ។ ដូចដែលព្រះវរបិតាប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា ព្រះរាជបុត្រាក៏ប្រទានជីវិតដល់អ្នកណា ដែលព្រះអង្គសព្វព្រះហឫទ័យយ៉ាងនោះដែរ។ ព្រះវរបិតាមិនជំនុំជម្រះអ្នកណាទេ តែព្រះអង្គបានប្រគល់គ្រប់ទាំងការជំនុំជម្រះ ដល់ព្រះរាជបុត្រាវិញ ដើម្បីឲ្យមនុស្សទាំងអស់គោរពប្រតិបត្តិព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពប្រតិបត្តិព្រះរាជបុត្រា អ្នកនោះក៏មិនគោរពប្រតិបត្តិព្រះវរបិតា ដែលចាត់ព្រះអង្គឲ្យមកដែរ។
អាន យ៉ូហាន 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 5:1-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ