យ៉ូហាន 5:1-17

យ៉ូហាន 5:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក​ទៀត មាន​ពិធី​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ក្រុង​យេរូ‌សាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែស‌ដា» ក្បែរ​ស្រះ​នោះ មាន​ថែវ​ប្រាំ។ មាន​អ្នក​ជំងឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មនុស្ស​ខូច​ជើង និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន ដេក​នៅ​តាម​ថែវ​ទាំង​នោះ [រង់‌ចាំ​ទឹក​កម្រើក ដ្បិត​យូរៗ​ម្ដង មាន​ទេវតា*​មួយ​រូប​ចុះ​មក​ធ្វើ​ឲ្យ​ទឹក​ស្រះ​កម្រើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កម្រើក​បាន​មុន​គេ អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។ នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ ព្រះ‌យេស៊ូ​ទត​ឃើញ​គាត់​ដេក​ដូច្នេះ ព្រះអង្គ​ជ្រាប​ថា គាត់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?»។ អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ទឹក​កម្រើក គ្មាន​នរណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​សោះ ហើយ​ពេល​ណា​ខ្ញុំ​ទៅ​ដល់ មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​ស្រេច​ទៅ​ហើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ»។ ពេល​នោះ ស្រាប់​តែ​បុរស​នោះ​បាន​ជា​ភ្លាម គាត់​ក៏​យក​គ្រែ​ស្នែង​របស់​គាត់​ដើរ​ទៅ រីឯ​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ*។ ជន‌ជាតិ​យូដា​ស្ដី​ឲ្យ​បុរស​ដែល​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​សិទ្ធិ​លី​គ្រែ​ស្នែង​របស់​អ្នក​ដូច្នេះ​ឡើយ»។ គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ថា “ចូរ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ!”»។ គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។ ប៉ុន្តែ បុរស​ដែល​ជា​មិន​ដឹង​ថា​នរណា​បាន​ប្រោស​គាត់​ឲ្យ​ជា​ឡើយ ដ្បិត​ព្រះ‌យេស៊ូ​បាន​យាង​ចេញ​ពី​បណ្ដា‌ជន​ដែល​នៅ​កន្លែង​នោះ​ផុត​ទៅ​ហើយ។ ក្រោយ​មក ព្រះ‌យេស៊ូ​ជួប​គាត់​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ឥឡូវ​នេះ អ្នក​បាន​ជា​ហើយ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឲ្យ​សោះ ក្រែង​លោ​កើត​ការ​អាក្រក់​ដល់​អ្នក​លើស​មុន​ទៅ​ទៀត»។ បុរស​នោះ​ចេញ​ទៅ​ប្រាប់​ជន‌ជាតិ​យូដា​ឲ្យ​ដឹង​ថា គឺ​ព្រះ‌យេស៊ូ​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នាំ​គ្នា​បៀត‌បៀន​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​ក៏​ធ្វើ​ការ​ដូច​ព្រះអង្គ​ដែរ»។

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក មាន​បុណ្យ​មួយ​របស់​សាសន៍​យូដា ហើយ​ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។ នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម មាន​ស្រះ​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែស‌ដា ស្រះ​នោះ​មាន​ថែវ​ប្រាំ។ មាន​មនុស្ស​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ​ជា​ច្រើន ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត [គេ​រង់​ចាំ​ទឹក​កម្រើក​ឡើង ដ្បិត​មាន​ពេល​មួយ ទេវតា​នៃ​ព្រះ‌អម្ចាស់​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​បាន​មុន​គេ​នឹង​ជា​ស្អាត ទោះ​បើ​មាន​ជំងឺ​អ្វី​ក៏​ដោយ។] នៅ​ទី​នោះ​មាន​បុរស​ម្នាក់ ដែល​ឈឺ​សាមសិប‌ប្រាំបី​ឆ្នាំ​មក​ហើយ កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​គាត់​ដេក​នៅ​ទី​នោះ ហើយ​ជ្រាប​ថា គាត់​ឈឺ​ដូច្នោះ​យូរ​មក​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?» អ្នក​ជំងឺ​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ណា​ដែល​ទឹក​កម្រើក​ឡើង គ្មាន​អ្នក​ណា​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ​ទេ ហើយ​ពេល​ខ្ញុំ​កំពុង​ចុះ នោះ​មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​រហូត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ»។ ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ហើយ​យក​កន្ទេល​របស់​ខ្លួន​ដើរ​ទៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ។ ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ទៅ​អ្នក​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​ច្បាប់​នឹង​លី​កន្ទេល​របស់​អ្នក​ទេ»។ គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា បង្គាប់​ថា "ចូរ​យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ"»។ គេ​សួរ​គាត់​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ថា "ចូរ​យក​កន្ទេល ហើយ​ដើរ​ទៅ" ដូច្នេះ?» តែ​អ្នក​ដែល​បាន​ជា មិន​ស្គាល់​ថា​អ្នក​ណា​ទេ ព្រោះ​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​បណ្តា‌ជន​ដែល​នៅ​ទី​នោះ​ផុត​ទៅ​ហើយ។ ក្រោយ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មើល៍ អ្នក​បាន​ជា​ហើយ កុំ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​មាន​សេចក្តី​អាក្រក់​ជាង​មុន»។ អ្នក​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា គឺ​ព្រះ‌យេស៊ូវ​ដែល​ប្រោស​គាត់​ឲ្យ​ជា។ ហេតុ​នោះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ផ្តើម​បៀត‌បៀន​ព្រះ‌យេស៊ូវ ព្រោះ​ព្រះ‌អង្គ​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​គេ​ថា៖ «ព្រះ‌វរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក មាន​បុណ្យ​១​របស់​សាសន៍​យូដា ហើយ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម រីឯ​នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម នោះ​មាន​ស្រះ​១ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែសដា មាន​សាលា​សំណាក់​៥ មាន​មនុស្ស​សន្ធឹក​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត គេ​រង់‌ចាំ​ទឹក​កំរើក​ឡើង ដ្បិត​ចួន​ណា​មាន​ទេវតា​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ លុះ​ក្រោយ​ដែល​បាន​កូរ​ស្រេច​ហើយ នោះ​អ្នក​ណា​ដែល​ចុះ​ទៅ​មុន​គេ ក៏​បាន​ជា​ស្អាត ទោះ​បើ​ឈឺ​រោគ​អ្វី​ក៏​ដោយ នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ដែល​ឈឺ​៣៨​ឆ្នាំ​មក​ហើយ កាល​ព្រះ‌យេស៊ូវ​ឃើញ​គាត់​ដេក​នៅ ហើយ​បាន​ជ្រាប​ថា គាត់​នៅ​យ៉ាង​នោះ​ជា​យូរ​មក​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ អ្នក​ជំងឺ​នោះ​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ ខ្ញុំ​គ្មាន​អ្នក​ណា​នឹង​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ ក្នុង​កាល​ដែល​ទឹក​បាន​កំរើក​ឡើង​នោះ​ទេ ហើយ​កំពុង​ដែល​ខ្ញុំ​ចុះ​ទៅ នោះ​ក៏​មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ក៏​យក​គ្រែ​ដើរ​ទៅ ឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​ឈប់​សំរាក ដូច្នេះ ពួក​សាសន៍​យូដា គេ​ស្តី​ឲ្យ​អ្នក​ដែល​បាន​ជា​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សំរាក អ្នក​គ្មាន​ច្បាប់​នឹង​លី​គ្រែ​ទៅ​ទេ គាត់​ឆ្លើយ​ទៅ​គេ​ថា លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា លោក​បង្គាប់​ថា ចូរ​យក​គ្រែ​ឯង​ដើរ​ទៅ នោះ​គេ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​យក​គ្រែ​ដើរ​ទៅ​ដូច្នេះ តែ​អ្នក​ដែល​បាន​ជា​មិន​ស្គាល់​ជា​អ្នក​ណា​ទេ ពី​ព្រោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​បាត់​ហើយ ក៏​មាន​មនុស្ស​សន្ធឹក​នៅ​ទី​នោះ​ដែរ ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​បន្ទូល​ទៅ​ថា មើល ឥឡូវ​អ្នក​បាន​ជា​ហើយ កុំ​ឲ្យ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​កើត​មាន​សេចក្ដី​អាក្រក់​ជាង​នេះ​ទៅ​ទៀត មនុស្ស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ដល់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ ដែល​ប្រោស​ឲ្យ​ខ្លួន​បាន​ជា ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា គេ​បៀត‌បៀន​ដល់​ព្រះ‌យេស៊ូវ ហើយ​រក​សំឡាប់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​ធ្វើ​ការ​នោះ នៅ​ថ្ងៃ​ឈប់​សំរាក ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ព្រះវរ‌បិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ

ចែក​រំលែក
អាន យ៉ូហាន 5