យ៉ូហាន 5:1-17

យ៉ូហាន 5:1-17 ពគប

ក្រោយ​នោះ​មក មាន​បុណ្យ​១​របស់​សាសន៍​យូដា ហើយ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម រីឯ​នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម នោះ​មាន​ស្រះ​១ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែសដា មាន​សាលា​សំណាក់​៥ មាន​មនុស្ស​សន្ធឹក​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត គេ​រង់‌ចាំ​ទឹក​កំរើក​ឡើង ដ្បិត​ចួន​ណា​មាន​ទេវតា​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ លុះ​ក្រោយ​ដែល​បាន​កូរ​ស្រេច​ហើយ នោះ​អ្នក​ណា​ដែល​ចុះ​ទៅ​មុន​គេ ក៏​បាន​ជា​ស្អាត ទោះ​បើ​ឈឺ​រោគ​អ្វី​ក៏​ដោយ នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ដែល​ឈឺ​៣៨​ឆ្នាំ​មក​ហើយ កាល​ព្រះ‌យេស៊ូវ​ឃើញ​គាត់​ដេក​នៅ ហើយ​បាន​ជ្រាប​ថា គាត់​នៅ​យ៉ាង​នោះ​ជា​យូរ​មក​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ អ្នក​ជំងឺ​នោះ​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ ខ្ញុំ​គ្មាន​អ្នក​ណា​នឹង​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ ក្នុង​កាល​ដែល​ទឹក​បាន​កំរើក​ឡើង​នោះ​ទេ ហើយ​កំពុង​ដែល​ខ្ញុំ​ចុះ​ទៅ នោះ​ក៏​មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ក៏​យក​គ្រែ​ដើរ​ទៅ ឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​ឈប់​សំរាក ដូច្នេះ ពួក​សាសន៍​យូដា គេ​ស្តី​ឲ្យ​អ្នក​ដែល​បាន​ជា​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សំរាក អ្នក​គ្មាន​ច្បាប់​នឹង​លី​គ្រែ​ទៅ​ទេ គាត់​ឆ្លើយ​ទៅ​គេ​ថា លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា លោក​បង្គាប់​ថា ចូរ​យក​គ្រែ​ឯង​ដើរ​ទៅ នោះ​គេ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​យក​គ្រែ​ដើរ​ទៅ​ដូច្នេះ តែ​អ្នក​ដែល​បាន​ជា​មិន​ស្គាល់​ជា​អ្នក​ណា​ទេ ពី​ព្រោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​បាត់​ហើយ ក៏​មាន​មនុស្ស​សន្ធឹក​នៅ​ទី​នោះ​ដែរ ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​បន្ទូល​ទៅ​ថា មើល ឥឡូវ​អ្នក​បាន​ជា​ហើយ កុំ​ឲ្យ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​កើត​មាន​សេចក្ដី​អាក្រក់​ជាង​នេះ​ទៅ​ទៀត មនុស្ស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ដល់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ ដែល​ប្រោស​ឲ្យ​ខ្លួន​បាន​ជា ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា គេ​បៀត‌បៀន​ដល់​ព្រះ‌យេស៊ូវ ហើយ​រក​សំឡាប់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​ធ្វើ​ការ​នោះ នៅ​ថ្ងៃ​ឈប់​សំរាក ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ព្រះវរ‌បិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ

អាន យ៉ូហាន 5