យ៉ូហាន 4:46-54

យ៉ូហាន 4:46-54 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌អង្គ​យាង​មក​ដល់​ភូមិ​កាណា ស្រុក​កាលី‌ឡេ​ម្តង​ទៀត ជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ។ នៅ​ទី​នោះ មាន​នាម៉ឺន​ម្នាក់ មាន​កូន​ឈឺ​នៅ​ក្រុង​កាពើ‌ណិម។ កាល​លោក​បាន​ឮ​ថា ព្រះ‌យេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា​មក​ដល់​ស្រុក​កាលី‌ឡេ លោក​ក៏​ទៅ​សូម​ព្រះ‌អង្គ ឲ្យ​យាង​ទៅ​ប្រោស​កូន​ឲ្យ​ជា ព្រោះ​កូន​នោះ​ជិត​ស្លាប់​ហើយ។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «បើ​អ្នក​មិន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ អ្នក​មិន​ជឿ​ទេ»។ នាម៉ឺន​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ សូម​អញ្ជើញ​មក ក្រែង​កូន​ខ្ញុំ​ប្របាទ​ស្លាប់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ!» បុរស​នោះ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ ហើយ​ចេញ​ដំណើរ​ទៅ។ ពេល​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ ពួក​បាវ​បម្រើ​របស់​លោក​មក​ជម្រាប​ថា កូន​របស់​លោក​ជា​ហើយ។ ដូច្នេះ លោក​ក៏​សួរ​គេ​ពី​កូន​របស់​លោក​បាន​ធូរ​ស្បើយ​នៅ​ពេល​ណា រួច​គេ​ជម្រាប​ថា «កូន​របស់​លោក​បាត់​គ្រុន កាល​ពី​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»។ ឪពុក​ដឹង​ថា ពេល​នោះ​ឯង​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​របស់​លោក​រស់​ហើយ» ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់​គ្នា​ផង។ នេះ​ជា​ទី​សម្គាល់​ទី​ពីរ ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ ក្រោយ​ពី​ព្រះ‌អង្គ​យាង​ត្រឡប់​ពី​ស្រុក​យូដា មក​ស្រុក​កាលី‌ឡេ​វិញ។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:46-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​យាង​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង‌បាយជូរ។ នៅ​ទី​នោះ មាន​អ្នក​រាជការ​ម្នាក់​មក​ពី​ក្រុង​កាពើ‌ណិម កូន​ប្រុស​របស់​លោក​មាន​ជំងឺ។ កាល​លោក​ជ្រាប​ថា ព្រះ‌យេស៊ូ​បាន​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​នេះ លោក​ក៏​ទៅ​រក​ព្រះអង្គ ទូល‌អង្វរ​សូម​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​របស់​លោក ដែល​កំពុង​តែ​ឈឺ​ជិត​ផុត​ដង្ហើម​នោះ ឲ្យ​ជា​សះ‌ស្បើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទី​សម្គាល់ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។ មន្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អញ្ជើញ​មក ក្រែង​កូន​របស់​ខ្ញុំ​ប្របាទ​ស្លាប់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ»។ បុរស​នោះ​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ក៏​ចេញ​ដំណើរ​ទៅ។ ពេល​លោក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​បម្រើ​របស់​លោក​នាំ​គ្នា​ចេញ​មក​ជម្រាប​ថា កូន​របស់​លោក​រស់​ហើយ។ លោក​ក៏​សួរ​អ្នក​បម្រើ​ឲ្យ​ដឹង​ថា កូន​របស់​លោក​បាន​ធូរ​ស្បើយ​ពី​ថ្មើរ​ណា។ គេ​តប​ថា៖ «កូន​របស់​លោក​បាត់​គ្រុន​ពី​ម្សិល‌មិញ វេលា​ម៉ោង​មួយ​រសៀល»។ ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា“កូន​របស់​លោក​រស់​ហើយ!”។ លោក​ជឿ​លើ​ព្រះ‌យេស៊ូ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល​ក៏​ជឿ​លើ​ព្រះអង្គ​ដែរ។ នេះ​ជា​ទី​សម្គាល់​លើក​ទី​ពីរ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ នៅ​ពេល​ព្រះអង្គ​វិល​ត្រឡប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​វិញ។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:46-54 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក ទ្រង់​យាង​មក​ដល់​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្តង​ទៀត គឺ​នៅ​ភូមិ​នោះ​ហើយ ដែល​ទ្រង់​ធ្វើ​ទឹក​ឲ្យ​ប្រែ​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​មាន​នាម៉ឺន​ម្នាក់​មាន​កូន​ឈឺ នៅ​ឯ​កាពើ‌ណិម កាល​លោក​បាន​ឮ​ថា ព្រះ‌យេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា មក​ដល់​ស្រុក​កាលី‌ឡេ​ហើយ នោះ​លោក​ក៏​ទៅ​សូម​ទ្រង់ ឲ្យ​យាង​ចុះ​ទៅ​ប្រោស​កូន​ឲ្យ​ជា ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា បើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ នោះ​មិន​ព្រម​ជឿ​ទេ នាម៉ឺន​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់ សូម​អញ្ជើញ​ចុះ​ទៅ​ជា​ប្រញាប់ ក្រែង​កូន​ខ្ញុំ​ស្លាប់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​លោក​ថា អញ្ជើញ​ទៅ​ចុះ កូន​លោក​នឹង​រស់​នៅ​ទេ លោក​ក៏​ជឿ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេស៊ូវ ហើយ​ចេញ​ទៅ កំពុង​ដែល​លោក​ចុះ​ទៅ ស្រាប់​តែ​ពួក​បាវ​លោក​មក​ជំរាប​ថា កូន​លោក​ជា​ហើយ ដូច្នេះ លោក​ក៏​សួរ​គេ ពី​ពេល​ណា​ដែល​កូន​បាន​គ្រាន់​បើ គេ​ជំរាប​ថា បាត់​គ្រុន​ពី​ម៉ោង​១​ម្សិល‌មិញ នោះ​ឪពុក​បាន​ដឹង​ថា គឺ​ជា​ពេល​នោះ​ឯង ដែល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កូន​រស់​នៅ​ទេ ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ពួក​ផ្ទះ​លោក​ទាំង​អស់​ដែរ នេះ​ជា​ទី​សំគាល់​ទី​២​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​យាង​ត្រឡប់​ពី​ស្រុក​យូដា មក​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។

ចែក​រំលែក
អាន យ៉ូហាន 4

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ