យ៉ូហាន 4:46-54

យ៉ូហាន 4:46-54 គកស១៦

បន្ទាប់​មក ព្រះ‌អង្គ​យាង​មក​ដល់​ភូមិ​កាណា ស្រុក​កាលី‌ឡេ​ម្តង​ទៀត ជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ។ នៅ​ទី​នោះ មាន​នាម៉ឺន​ម្នាក់ មាន​កូន​ឈឺ​នៅ​ក្រុង​កាពើ‌ណិម។ កាល​លោក​បាន​ឮ​ថា ព្រះ‌យេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា​មក​ដល់​ស្រុក​កាលី‌ឡេ លោក​ក៏​ទៅ​សូម​ព្រះ‌អង្គ ឲ្យ​យាង​ទៅ​ប្រោស​កូន​ឲ្យ​ជា ព្រោះ​កូន​នោះ​ជិត​ស្លាប់​ហើយ។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «បើ​អ្នក​មិន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ អ្នក​មិន​ជឿ​ទេ»។ នាម៉ឺន​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ សូម​អញ្ជើញ​មក ក្រែង​កូន​ខ្ញុំ​ប្របាទ​ស្លាប់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ!» បុរស​នោះ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ ហើយ​ចេញ​ដំណើរ​ទៅ។ ពេល​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ ពួក​បាវ​បម្រើ​របស់​លោក​មក​ជម្រាប​ថា កូន​របស់​លោក​ជា​ហើយ។ ដូច្នេះ លោក​ក៏​សួរ​គេ​ពី​កូន​របស់​លោក​បាន​ធូរ​ស្បើយ​នៅ​ពេល​ណា រួច​គេ​ជម្រាប​ថា «កូន​របស់​លោក​បាត់​គ្រុន កាល​ពី​ម៉ោង​មួយ​រសៀល​ម្សិល​មិញ»។ ឪពុក​ដឹង​ថា ពេល​នោះ​ឯង​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​របស់​លោក​រស់​ហើយ» ហើយ​លោក​ក៏​ជឿ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់​គ្នា​ផង។ នេះ​ជា​ទី​សម្គាល់​ទី​ពីរ ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ ក្រោយ​ពី​ព្រះ‌អង្គ​យាង​ត្រឡប់​ពី​ស្រុក​យូដា មក​ស្រុក​កាលី‌ឡេ​វិញ។

អាន យ៉ូហាន 4