យ៉ូហាន 4:4-30

យ៉ូហាន 4:4-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហើយ​ត្រូវ​យាង​កាត់​តាម​ស្រុក​សាម៉ារី។ ព្រះអង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី​ឈ្មោះ ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​លោក​យ៉ូសែប​ជា​កូន។ នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​លោក​យ៉ាកុប”។ ព្រះ‌យេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​គង់​នៅ​មាត់​អណ្ដូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច»។ (សិស្ស​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​អាហារ​នៅ​ឯ​ភូមិ)។ ស្ត្រី​សាម៉ារី​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ​ជា​ស្ត្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​នាង​ស្គាល់​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ និង​ស្គាល់​អ្នក​ដែល​និយាយ​ទៅ​កាន់​នាង​ថា “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច” នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​លោក​វិញ​ពុំ‌ខាន ហើយ​លោក​នឹង​ឲ្យ​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត» ។ នាង​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទឹក​សោះ រីឯ​អណ្ដូង​សោត​ក៏​ជ្រៅ​ទៀត​ផង តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក? តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ាកុប ជា​បុព្វបុរស*​របស់​យើង ដែល​បាន​ទុក​អណ្ដូង​នេះ​ឲ្យ​យើង​ឬ? លោក​យ៉ាកុប និង​កូន​ចៅ​របស់​លោក​បាន​ពិសា​ទឹក​អណ្ដូង​នេះ ហើយ​សត្វ​របស់​លោក​ក៏​បាន​ផឹក​ទឹក​អណ្ដូង​នេះ​ដែរ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «អស់​អ្នក​ដែល​ពិសា​ទឹក​នេះ​នៅ​តែ​ស្រេក​ត​ទៅ​មុខ​ទៀត រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​ឲ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំ​ឲ្យ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច»។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! សូម​មេត្តា​ផ្ដល់​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក និង​កុំ​ឲ្យ​រវល់​មក​ដង​ទឹក​អណ្ដូង​នេះ​ទៀត»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ហៅ​ប្ដី​នាង រួច​ត្រឡប់​មក​វិញ»។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្ដី​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​និយាយ​ថា នាង​គ្មាន​ប្ដី​ដូច្នេះ​ត្រូវ​មែន ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន​មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។ នាង​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ព្យាការី*​មែន។ បុព្វបុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ជា​សាសន៍​យូដា​តែង​និយាយ​ថា ត្រូវ​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន​មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា។ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​ទេ រីឯ​យើង​វិញ យើង​ស្គាល់​ព្រះអង្គ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​ការ​សង្គ្រោះ​ចេញ​មក​ពី​ជន‌ជាតិ​យូដា។ ប៉ុន្តែ ដល់​ពេល​កំណត់ គឺ​ឥឡូវ​ហ្នឹង​ហើយ អ្នក​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត ដ្បិត​ព្រះ‌បិតា​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ថ្វាយ‌បង្គំ​បែប​នេះ​ឯង។ ព្រះ‌ជាម្ចាស់​ជា​វិញ្ញាណ ហេតុ​នេះ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះអង្គ​ត្រូវ​តែ​ថ្វាយ‌បង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មេស្ស៊ី​ហៅ​ព្រះ‌គ្រិស្ត*​នឹង​យាង​មក។ កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​នេះ​ហើយ គឺ​ខ្ញុំ​ដែល​កំពុង​តែ​និយាយ​ជា​មួយ​នាង»។ ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​ព្រះអង្គ​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​ទូល​សួរ​ព្រះអង្គ​ថា ព្រះអង្គ​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។ ស្ត្រី​នោះ​ទុក​ក្អម​ចោល រត់​ចូល​ទៅ​ក្នុង​ភូមិ ប្រាប់​អ្នក​ស្រុក​ថា៖ «សុំ​មក​មើល​បុរស​ម្នាក់ លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ លោក​នោះ​ជា​ព្រះ‌គ្រិស្ត​ហើយ​មើល​ទៅ!»។ អ្នក​ស្រុក​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​រក​ព្រះ‌យេស៊ូ។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:4-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​យាង​កាត់​ស្រុក​សា‌ម៉ារី។ ដូច្នេះ ព្រះ‌អង្គ​បាន​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សា‌ម៉ារី ឈ្មោះ ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​យ៉ូសែប ជា​កូន។ នៅ​ទី​នោះ មាន​អណ្តូង​របស់​លោក​យ៉ាកុប ហើយ​ដោយ​ព្រះ‌យេស៊ូវ​ធ្វើ​ដំណើរ​អស់​កម្លាំង ទ្រង់​ក៏​គង់​នៅ​មាត់​អណ្តូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។ មាន​ស្ត្រី​សាសន៍​សា‌ម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង»។ (ដ្បិត​ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដើម្បី​ទិញ​អាហារ)។ ស្ត្រី​សាសន៍​សា‌ម៉ារី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ម្តេច​លោក​ជា​សាសន៍​យូដា​មក​សុំ​ទឹក​នាង​ខ្ញុំ ដែល​ជា​ស្រី​សាសន៍​សា‌ម៉ារី​ដូច្នេះ?» (សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សា‌ម៉ារី​ទេ)។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន‌បើ​នាង​ស្គាល់​អំណោយ‌ទាន​របស់​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា "ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង" នោះ​នាង​នឹង​សុំ​ពី​អ្នក​នោះ​វិញ ហើយ​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង តើ​លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក? តើ​លោក​ធំ​ជាង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​យើង​ដែល​បាន​ឲ្យ​អណ្តូង​នេះ​មក​យើង​ឬ? លោក​យ៉ាកុប កូន​ចៅ​របស់​លោក និង​ហ្វូង​សត្វ​របស់​លោក​ក៏​ផឹក​ទឹក​នេះ​ដែរ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ក្លាយ​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ឲ្យ​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក ហើយ​រវល់​តែ​មក​ដង​នៅ​ទី​នេះ​ទៀត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ទី​នេះ»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្តី​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ដែល​នាង​ថា "នាង​ខ្ញុំ​គ្មាន​ប្តី​ទេ" នោះ​ត្រូវ​ហើយ ដ្បិត​នាង​ធ្លាប់​មាន​ប្តី​ប្រាំ​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ មិន​មែន​ជា​ប្តី​នាង​ទេ នាង​និយាយ​នេះ​ត្រូវ​ហើយ!» ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ហោរា​ហើយ។ បុព្វ‌បុរស​របស់​យើង​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា កន្លែង​ដែល​មនុស្ស​ត្រូវ​ថ្វាយ​បង្គំ គឺ​នៅ​ក្រុង​យេរូ‌សាឡិម»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ពេល​វេលា​នោះ​មក​ដល់ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត​ឡើយ។ អ្នក​រាល់​គ្នា​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​ថ្វាយ​បង្គំ​អ្វី​ទេ តែ​យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​ការ​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា។ ប៉ុន្តែ ពេល​វេលា​នោះ នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ អ្នក​ថ្វាយ​បង្គំ​ពិត​ប្រាកដ នឹង​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ព្រោះ​ព្រះ‌វរបិតា​ស្វែង​រក​អ្នក​ថ្វាយ​បង្គំ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។ ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ព្រះ‌អង្គ ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ថា ព្រះ‌មែស្ស៊ី (ដែល​ហៅ​ថា​ព្រះ‌គ្រីស្ទ)​នឹង​យាង​មក ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ប្រាប់​ឲ្យ​យើង​ដឹង​គ្រប់​ទាំង​អស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ ជា​អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​នាង»។ ពេល​នោះ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​មក​ដល់ គេ​នឹក​ប្លែក​ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​ស្ត្រី​ដូច្នេះ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ថា ព្រះ‌អង្គ​សួរ​រក​អ្វី ឬ​ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។ ស្ត្រី​នោះ​ទុក​ក្អម​ចោល ចូល​ទៅ​ក្នុង​ក្រុង ហើយ​ប្រាប់​គេ​ថា៖ «ចូរ​មក​មើល៍! មាន​បុរស​ម្នាក់​ប្រាប់​ខ្ញុំ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ?» គេ​ក៏​ចេញ​ពី​ទី​ក្រុង ហើយ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:4-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសា ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ) ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ នឹង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់ លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក តើ​លោក​ធំ​ជាង​យ៉ាកុប ជា​ឰយុកោ​យើង​ខ្ញុំ ដែល​ឲ្យ​អណ្តូង​នេះ​មក​យើង​ខ្ញុំ ហើយ​ទាំង​ខ្លួន​លោក កូន​ចៅ នឹង​ហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ផង​ឬ​អី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ទៅ​ហៅ​ប្ដី​នាង​មក​ឯ​ណេះ ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ប្ដី​ទេ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ដែល​នាង​ថា គ្មាន​ប្ដី នោះ​ថា​ត្រូវ​ហើយ ដ្បិត​នាង​បាន​មាន​ប្ដី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ‌បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូ‌សាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ‌បង្គំ​វិញ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះវរ‌បិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទេ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ‌បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​សេចក្ដី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ‌បង្គំ​ព្រះវរ‌បិតា ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពី​ព្រោះ​ព្រះវរ‌បិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ‌បង្គំ​ទ្រង់ ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ‌បង្គំ ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មែស្ស៊ី ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង។ ខណ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។

ចែក​រំលែក
អាន យ៉ូហាន 4