ប៉ុន្តែ ព្រះអង្គត្រូវយាងកាត់ស្រុកសាម៉ារី។ ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។ នៅទីនោះ មានអណ្តូងរបស់លោកយ៉ាកុប ហើយដោយព្រះយេស៊ូវធ្វើដំណើរអស់កម្លាំង ទ្រង់ក៏គង់នៅមាត់អណ្តូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។ (ដ្បិតពួកសិស្សរបស់ព្រះអង្គបានចូលទៅក្នុងក្រុងដើម្បីទិញអាហារ)។ ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់ព្រះ និងអ្នកដែលនិយាយនឹងនាងថា "ខ្ញុំសុំទឹកទទួលទានផង" នោះនាងនឹងសុំពីអ្នកនោះវិញ ហើយអ្នកនោះនឹងឲ្យទឹករស់ដល់នាង»។ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទេ ហើយអណ្តូងក៏ជ្រៅផង តើលោកបានទឹករស់នោះពីណាមក? តើលោកធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើងដែលបានឲ្យអណ្តូងនេះមកយើងឬ? លោកយ៉ាកុប កូនចៅរបស់លោក និងហ្វូងសត្វរបស់លោកក៏ផឹកទឹកនេះដែរ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក ហើយរវល់តែមកដងនៅទីនេះទៀត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីនាងមកទីនេះ»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ដែលនាងថា "នាងខ្ញុំគ្មានប្តីទេ" នោះត្រូវហើយ ដ្បិតនាងធ្លាប់មានប្តីប្រាំមកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្តីនាងទេ នាងនិយាយនេះត្រូវហើយ!» ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាហោរាហើយ។ បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ពេលវេលានោះមកដល់ហើយ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។ អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។ ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងថា ព្រះមែស្ស៊ី (ដែលហៅថាព្រះគ្រីស្ទ)នឹងយាងមក ពេលព្រះអង្គយាងមក ព្រះអង្គនឹងប្រាប់ឲ្យយើងដឹងគ្រប់ទាំងអស់»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ ជាអ្នកដែលកំពុងនិយាយជាមួយនាង»។ ពេលនោះ ពួកសិស្សព្រះអង្គក៏មកដល់ គេនឹកប្លែកដោយឃើញព្រះអង្គមានព្រះបន្ទូលជាមួយស្ត្រីដូច្នេះ តែគ្មានអ្នកណាហ៊ានទូលសួរថា ព្រះអង្គសួររកអ្វី ឬហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលជាមួយនាងឡើយ។ ស្ត្រីនោះទុកក្អមចោល ចូលទៅក្នុងក្រុង ហើយប្រាប់គេថា៖ «ចូរមកមើល៍! មានបុរសម្នាក់ប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?» គេក៏ចេញពីទីក្រុង ហើយនាំគ្នាមករកព្រះអង្គ។
អាន យ៉ូហាន 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 4:4-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ