យ៉ូហាន 4:16-26

យ៉ូហាន 4:16-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ទី​នេះ»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្តី​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ដែល​នាង​ថា "នាង​ខ្ញុំ​គ្មាន​ប្តី​ទេ" នោះ​ត្រូវ​ហើយ ដ្បិត​នាង​ធ្លាប់​មាន​ប្តី​ប្រាំ​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ មិន​មែន​ជា​ប្តី​នាង​ទេ នាង​និយាយ​នេះ​ត្រូវ​ហើយ!» ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ហោរា​ហើយ។ បុព្វ‌បុរស​របស់​យើង​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា កន្លែង​ដែល​មនុស្ស​ត្រូវ​ថ្វាយ​បង្គំ គឺ​នៅ​ក្រុង​យេរូ‌សាឡិម»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ពេល​វេលា​នោះ​មក​ដល់ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត​ឡើយ។ អ្នក​រាល់​គ្នា​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​ថ្វាយ​បង្គំ​អ្វី​ទេ តែ​យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​ការ​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា។ ប៉ុន្តែ ពេល​វេលា​នោះ នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ អ្នក​ថ្វាយ​បង្គំ​ពិត​ប្រាកដ នឹង​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ព្រោះ​ព្រះ‌វរបិតា​ស្វែង​រក​អ្នក​ថ្វាយ​បង្គំ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។ ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ព្រះ‌អង្គ ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ថា ព្រះ‌មែស្ស៊ី (ដែល​ហៅ​ថា​ព្រះ‌គ្រីស្ទ)​នឹង​យាង​មក ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ប្រាប់​ឲ្យ​យើង​ដឹង​គ្រប់​ទាំង​អស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ ជា​អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​នាង»។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:16-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ហៅ​ប្ដី​នាង រួច​ត្រឡប់​មក​វិញ»។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្ដី​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​និយាយ​ថា នាង​គ្មាន​ប្ដី​ដូច្នេះ​ត្រូវ​មែន ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន​មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។ នាង​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ព្យាការី*​មែន។ បុព្វបុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ជា​សាសន៍​យូដា​តែង​និយាយ​ថា ត្រូវ​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន​មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា។ អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​ទេ រីឯ​យើង​វិញ យើង​ស្គាល់​ព្រះអង្គ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​ការ​សង្គ្រោះ​ចេញ​មក​ពី​ជន‌ជាតិ​យូដា។ ប៉ុន្តែ ដល់​ពេល​កំណត់ គឺ​ឥឡូវ​ហ្នឹង​ហើយ អ្នក​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត ដ្បិត​ព្រះ‌បិតា​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ថ្វាយ‌បង្គំ​បែប​នេះ​ឯង។ ព្រះ‌ជាម្ចាស់​ជា​វិញ្ញាណ ហេតុ​នេះ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះអង្គ​ត្រូវ​តែ​ថ្វាយ‌បង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មេស្ស៊ី​ហៅ​ព្រះ‌គ្រិស្ត*​នឹង​យាង​មក។ កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​នេះ​ហើយ គឺ​ខ្ញុំ​ដែល​កំពុង​តែ​និយាយ​ជា​មួយ​នាង»។

ចែក​រំលែក
អាន យ៉ូហាន 4

យ៉ូហាន 4:16-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ទៅ​ហៅ​ប្ដី​នាង​មក​ឯ​ណេះ ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ប្ដី​ទេ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ដែល​នាង​ថា គ្មាន​ប្ដី នោះ​ថា​ត្រូវ​ហើយ ដ្បិត​នាង​បាន​មាន​ប្ដី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ‌បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូ‌សាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ‌បង្គំ​វិញ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះវរ‌បិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទេ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ‌បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​សេចក្ដី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ‌បង្គំ​ព្រះវរ‌បិតា ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពី​ព្រោះ​ព្រះវរ‌បិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ‌បង្គំ​ទ្រង់ ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ‌បង្គំ ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មែស្ស៊ី ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង។

ចែក​រំលែក
អាន យ៉ូហាន 4